គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងឱឡារិកបំផុតចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត

ភ្នំពេញ ៖ គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងឱឡារិកបំផុត ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ នេះបើយោងតាមសេចក្តីប្រកាសគាំទ្ររបស់គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។

សារគាំទ្ររបស់គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ពោរពេញដោយសមត្ថភាព សក្តានុពល និងទេពកោសល្យខ្ពស់ មានគុណធម៌ សីលធម៌ល្អ ទទួលបានការកោតសរសើរ និងគោរពស្រលាញ់ពីសំណាក់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាជនទូទៅ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner