កិច្ចប្រជុំត្រួតពិនិត្យការងារប្រុងប្រៀបឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់នៅឆ្នាំ ២០២២

ខេត្តកំពង់ធំ ៖ ឯកឧត្ដមសោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំ ជីវភាពបក្សប្រចាំខែ និងត្រួតពិនិត្យការអនុវត្តការងារ តាមប្រតិទិន ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តពោធិ៍រោង ដោយមានសមាសភាពចូលរួម ពីគណៈកម្មការគណបក្សឃុំ សាខាបក្សភូមិ ប្រធាន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋាន ភូមិទាំង ១៥ ។

លោក សូត្រ អ៊ុល និង លោក ទិញ វឿន ប្រធាននិងអនុប្រធានគណបក្សឃុំ បានរាយការណ៍ថា សភាពការណ៍ ទនៅក្នុងឃុំ និងស្ថានភាពគ្រប់គ្រងបច្ចុប្បន្នភាពសមាជិកគណបក្សក្រោយការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១ គឺមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវរួមគ្នាដោះស្រាយជូនប្រជាជន ដូចជាការជួសជុលផ្លូវធ្វើដំណើរដែលខូចខាតក្នុងរដូវវស្សាកន្លងមក ដោះស្រាយជីវភាពលំបាកខ្វះខាត ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ខូចខាតស្រូវ ដោយសារគ្រោះរាំងស្ងួត និងជំនន់ទឹកភ្លៀងនៅបណ្ដាភូមិមួយចំនួនផងដែរ ។

ឯកឧត្ដម សោម ស៊ុន កោតសរសើរថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ និងក្រុមការងារ ទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ដោយការសាមគ្គីភាព សហការគ្នាបានល្អ និងបានលះបង់ថវិកា និង សម្ភារៈ ផ្ទាល់ខ្លួន ចូលរួមចំណែកក្នុងការដោះស្រាយការ លំបាក ខ្វះខាតជូនដល់ប្រជាពលរដ្ឋ និងសមាជិកគណបក្សយើងបានល្អប្រសើរ ។

ឯកឧត្ដម សោម ស៊ុន បានជម្រុញដល់ក្រុមការងារ និងថ្នាក់ដឹកនាំ គណបក្សឃុំ សាខាបក្សភូមិ ទី១ ធ្វើអំពើល្អដើម្បីបម្រើប្រជាជន និងដោះស្រាយបញ្ហាប្រឈមនានាដើម្បីប្រជាជន ទី២ គ្រប់គ្រងពង្រឹងសមាជិកបក្សចាស់និង កសាងពង្រីកសមាជិកបក្សថ្មី ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ឲ្យបានជាង ៦៨% តាមផែនការ។ ទី៣ ត្រួតពិនិត្យអនុវត្តន៍តាមប្រតិទិនការងារ និងឯកសារផ្សេងៗ ឲ្យមានគ្រប់គ្រាន់សម្រាប់ បម្រើឲ្យការបោះឆ្នោត ទី៤ សាមគ្គីភាពសហការគ្នាល្អក្នុងការបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខបក្ស ដើម្បីឈានទៅដណ្ដើមយកជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំនៅ ឆ្នាំ ២០២២ខាងមុខបន្តទៀត ៕
ដោយ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner