ឯកអគ្គរាជទូតអង់គ្លេស កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរខេត្តរតនគិរី និងដៃគូរពាក់ព័ន្ធ ក្នុងការសម្អាតមីន រំដោះផ្ទៃដីជូនប្រជាពលរដ្ឋ

រតនគិរី ៖ លោកជំទាវ Tina Redsaw ឯកអគ្គរាជទូតអង់គ្លេស ប្រចាំប្រទេសកម្ពុជា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តរតនគិរី និងដៃគូរពាក់ព័ន្ធក្នុងការសម្អាតមីន រំដោះផ្ទៃដីជូនប្រជាពលរដ្ឋ ។

ការកោតសរសើរនេះធ្វើឡើង ក្នុងឱកាសដែលលោកជំទាវបានចូលរួម កិច្ចប្រជុំស្ដីពីវឌ្ឍនភាពវិស័យសកម្មភាពមីន រវាងអាជ្ញាធរមីន និងភាគីពាក់ព័ន្ធវិស័យសកម្មភាពមីន ក្នុងខេត្តរតនគិរី នៅសាលប្រជុំសាលាខេត្តនារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ។

លោកជំទាវបន្តថា កម្ពុជា និងចក្រភពអង់គ្លេស មានបេសកកម្មរួមគ្នា ក្នុងការចូលរួមសង្រ្គោះជីវិតមនុស្សឲ្យរួចផុតពីគ្រោះថ្នាក់ ដោយសារមីននៅកម្ពុជា។ហើយកន្លងមកចក្រភពអង់គ្លេស បានផ្តល់ថវិកាជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសំអាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
ក្នុងន័យរួមចំណែកឆ្លើយតបនឹង ផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណានៅឆ្នាំ២០២៥ កម្ពុជាគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើទឹកដីរបស់ខ្លួន ។

ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត បាន ថ្លែងអំណរគុណ ដល់លោកជំទាវឯកអគ្គរាជទូតអង់គ្លេស ឯកឧត្តមអគ្គលេខាធិការអាជ្ញាធរមីន ក្រុមប្រតិបត្តិករជាតិ អន្ដរជាតិ ដែលបានចំណាយពេលវេលាដ៏មមារញឹកចូលរួមកិច្ចប្រជុំនាឱកាសនេះ ។

ឯកឧត្តមអភិបាលរងខេត្តក៏បានលើកឡើងពីស្ថានភាពទូទៅនៃខេត្ត និងវឌ្ឍនភាពវិស័យសកម្មភាពមីននៅខេត្តរតនគិរី មកដល់ពេលបច្ចុប្បន្ន ការបោសសម្អាតមីន សម្រេចបានក្រឡាផ្ទៃចំនួន ២៧,១៥៧,៦៧៦ម៉ែត្រការ៉េ មានមីនប្រឆាំងមនុស្ស២៦១គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ១៤,០៩៤គ្រាប់ ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន ដែលបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបានអរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនចក្រភពអង់គ្លេស ដែលបានចូលរួមជួយដល់ការងារបោសសម្អាតមីន ចាប់តាំងពីឆ្នាំ១៩៩២ លើផ្ទៃដីជាង ១២២គីឡូម៉ែត្រក្រឡា រកឃើញគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជិត ៧ម៉ឺនគ្រាប់។

ឯកឧត្តម ក៏បានស្នើសុំ ឲ្យចក្រភពអង់គ្លេស បន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន (២០១៨-២០២៥) ដើម្បីឆ្ពោះទៅរកកម្ពុជាមួយ ដែលគ្មានគ្រោះថ្នាក់ដោយសារមីន និងគ្មានមីន ឆ្នាំ២០២៥។ បានកោតសសើរយ៉ាងជ្រាលជ្រៅ ចំពោះប្រតិបត្តិករដោះមីន ក្រុមការងារ MAPU ក្រុមការងារផែនការសកម្មភាពមីនថ្នាក់ខេត្តស្រុក មន្ទីរ ស្ថាប័ន អង្គការដៃគូរអភិវឌ្ឍន៍នានា ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ច របស់ខ្លួននិងទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ។

សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តរតនគិរីមានតំបន់សង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានផ្ទៃដីនៅសល់សរុប ៥៩.២គីឡូម៉ែត្រការ៉េ ក្នុងនោះចម្ការមីន ២.៧គីឡូម៉ែត្រការ៉េ ចម្ការគ្រាប់បែកចង្កោម ៥៥.២គីឡូម៉ែត្រការ៉េ និងចម្ការសំណល់ជាតិផ្ទុះពីសង្រ្គាម ១.៣គីឡូម៉ែត្រការ៉េ ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner