តុលាការបើកសវនាការកាត់ទោសក្រុមឧទ្ទាមក្រៅច្បាប់ សំណុំរឿងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល

ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែធ្នូនេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះកាត់ទោសទណ្ឌិត សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ និងអតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន៤២នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលធ្វើរដ្ឋប្រហាររំលំរាជរដ្ឋាភិបាលតាមរយៈផែនការ ៩វិច្ឆិកា ។

អ្នកនាំពាក្យនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានមានប្រសាសន៍ឱ្យដឹងថា សវនាការជំនុំជម្រះលើសំណុំរឿងអតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៤២នាក់ នឹងចាប់ផ្តើមពីថ្ងៃទី៧ ខែធ្នូឆ្នាំ២០២១តទៅ។

សូមរម្លឹកថា សំណុំរឿងដែលលើកយកមកសវនាកាលពីពេលកន្លងមក ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិកានេះ មានចំនួន ៤សំណុំរឿងហើយជនជាប់ចោទដែលត្រូវកោះហៅមានចំនួនសរុប១៣៩រូប។ ចំណែកជនជាប់ចោទចូលក្នុងសវនាការមានតែ៣៤រូបប៉ុណ្ណោះក្នុងចំណោមជនជាប់ចោទសរុប១៣៩នាក់នោះ ហើយសំណុំរឿងទាំងនេះ ត្រូវបញ្ចូលមកជា២សំណុំរឿងវិញ។

ក្រុមអតីតសមាជិកបក្សប្រឆាំងចំនួន១៣៩នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនមកជំនុំជម្រះទោសលើបទចោទប្រកាន់«រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រុមមេក្លោងផែនការ៩វិច្ឆិកា កាលពីថ្ងៃទី០១ខែមីនា ឆ្នាំ២០២១ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ប្រកាសសាលក្រមផ្តន្ទាទោសមេឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ លោកស្រី មូរសុខហួរ និងលោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោសលោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រលោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។

ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដែលអំពាវឱ្យកងទ័ពបំបែកខ្លួនកាលពីឆ្នាំ២មុននោះ គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ៕ 

ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner