សម្តេចតេជោ និងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានពិភាក្សាយ៉ាងស៊ីជម្រៅពីបញ្ហាអាស៊ានធ្វើយ៉ាងណាឱ្យមានកិច្ចសហការល្អឡើងវិញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងសហប្រតិបត្តិការទាំងទ្វេភាគី និងក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យមានកិច្ចសហការល្អឡើងវិញនៅក្នុងតំបន់។ ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅវិមានសន្តិភាព។

ឯកឧត្តម វុនណា ម៉ោងលីន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា អញ្ជើញមកបំពេញទស្សនកិច្ចយៈពេលពីរថ្ងៃនៅកម្ពុជា(៦-៧ធ្នូ)។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាននៅក្រោយជំនួបថា៖ នៅក្នុងជំនួបនេះ សម្តេចតេជោ និងឯកឧត្ដម វុនណា បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងទំនាក់ទំនងរវាងប្រទេស កម្ពុជា និងសហភាពមីយ៉ាន់ម៉ាផង។ លើសពីនោះទៀត សម្ដេច និងឯកឧត្ដម វុនណា ក៏បានពិភាក្សាគ្នាអំពីបញ្ហាអាស៊ានផងដែរ ដើម្បីស្វែងរកមធ្យោបាយធ្វើយ៉ាងណាឱ្យអាស៊ានមានកិច្ចសហប្រតិបត្តិការល្អ និងសាមគ្គីភាពល្អ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វុនណា ក៏បានគោរពជូនសម្ដេចតេជោ នូវលិខិតរបស់ឯកឧត្ដមប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាជូនសម្ដេចតេជោ ដើម្បីអញ្ជើញសម្ដេចតេជោទៅធ្វើទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៧-ទី៨ ខែមករា ឆ្នាំ២០២២ពេលខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានទទួលយកនូវការអញ្ជើញ ហើយសម្តេចក៏បានជម្រាបជូនឯកឧត្តមថា សម្ដេចនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ាតាមការអញ្ជើញនេះ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner