កម្ពុជានិងធនាគារអភិវឌ្ឍន៍អាស៊ីបានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទានជាង៣០០លានដុល្លារដើម្បី បង្កើនការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព

ពិធីចុះហត្ថលេខាគឺបានធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ រវាង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Anthony Gill។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ADB បានអោយដឹងថា ពិធីហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទាន ៣៣២.០៥លានដុល្លារ ដើម្បីគាំទ្រ ដល់ការឆ្លើយតបរបស់កម្ពុជានឹងជំងឺកូវីដ១៩ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងជួយកែលម្អបណ្តាញផ្លូវ។

សេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជានឹងជំងឺកូវីដ-១៩ ,ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង និងជួយកែលម្អបណ្តាញផ្លូវ។ កញ្ចប់ហិរញ្ញប្បទាន រួមមានៈសម្រាប់គម្រោងសន្តិសុខ សុខភាពមហា អនុតំបន់មេគង្គ (GMS) ចំនួន ៣០ លានដុល្លារ , គម្រោងវិនិយោគទី ក្រុងដែលអាចរស់នៅបាន ១៨០ លានដុល្លារ, គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ (ដំណាក់កាលទី២) ៨២,០៥ លានដុល្លារ និង កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ៤០ លាន។

លោក Anthony Gill បានថ្លែងថា «ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរបស់កម្ពុជា ADB ប្តេជ្ញាគាំទ្រលទ្ធភាពប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងការអភិវឌ្ឍប្រកប ដោយបរិយាប័ន្ន។ គម្រោងទាំងនេះ នឹងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការកែលម្អសេវាថែទាំសុខភាព បរិយាប័ន្នហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុង នៅទីតាំងយុទ្ធសាស្ត្រមួយចំនួន និងបណ្តាញផ្លូវថ្នល់»។

បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគសរុបមានតម្លៃ២.០៨ពាន់លានដុល្លារ នៅកម្ពុជា។ ក្នុងឆ្នាំ ២០២០ ADB បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង ៤៧៧.២លានដុល្លារដល់កម្ពុជា និងផ្តល់បន្ថែមចំនួន ២៨១.៣លានដុល្លារ តាមរយៈការផ្តល់សហហិរញ្ញប្បទាន។

ទឹកប្រាក់បម្រុងពី ADB សម្រាប់ឆ្នាំ ២០២១-២០២៤ រួមមាន ប្រាក់កម្ចីសម្បទានចំនួន១.៣៨ពាន់លានដុល្លារ និង ជំនួយឥតសំណង៣៦.៨លានដុល្លារ ត្រៀមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ១៩ របស់កម្ពុជា៕

ads banner