កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ បានប្រារព្ធពិធីបើកជាផ្លូវការ និងបន្តដោយសម័យប្រជុំពេញអង្គលើកទីមួយ ធ្វើការពិចារណាលើបញ្ហានយោបាយ និងសន្តិសុខ

ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំជាផ្លូវការនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៩ (APPF29) បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្ដម Moon Jae-in ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ឯកឧត្ដម Ban Ki-moon ប្រធានវិទ្យាស្ថាន Global Green Growth (GGGI) ឯកឧត្តម Tony Smith MP ប្រធានរដ្ឋសភាអូស្ត្រាលី និងជាប្រធាន APPF28 និងឯកឧត្ដម Park Byeong-seug ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងក្លាយជាប្រធាន APPF 29 ដោយមានការថ្លែងសុន្ទរកថាបើកនិងស្វាគមន៍គណៈប្រតិភូសភានៃសមាជិកAPPF ទាំងអស់ដែលបានចូលរួម។

ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ក៏បានដឹកនាំសហការីចូលរួមក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការនៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិកលើកទី២៩ នេះដែរ តាមប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់រដ្ឋធានីសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ។

បន្ទាប់ពីពិធីបើកកិច្ចប្រជុំរួច ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈប្រតិភូសភាកម្ពុជា ក៏បានបន្តដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទីមួយ ក្រោមការដឹកនាំសម្របសម្រួលកិច្ចប្រជុំដោយ ឯកឧត្ដម Han Jung Kim សមាជិករដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដែលមានការពិភាក្សានិងពិចារណាលើបញ្ហានយោបាយ និងសន្តិសុខ ដោយបានផ្តោតលើ ការដឹកនាំរបស់សភាដើម្បីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើសពីនេះទៅទៀត ការពង្រឹងពហុភាគីនិយមក្នុងតំបន់ និងការដោះស្រាយបញ្ហាដោយផ្អែកលើច្បាប់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដោយផ្តោតលើប្រជាជន និងការធានាសន្តិសុខរបស់មនុស្សជាតិ។

ក្នុងបទអន្តរាគមន៍ទៅកាន់សម័យប្រជុំពេញអង្គលើកទី១នេះ ឯកឧត្ដម សួស យ៉ារ៉ា បានមានប្រសាសន៍លើកឡើងពីសណ្តាប់ធ្នាប់អន្តរជាតិ ដែលបាននឹងកំពុងធ្លាក់ចុះ ខណៈដែលបទដ្ឋាន ស្ថាប័ន និងការអនុវត្តជាច្រើនដែលបានទ្រទ្រង់សន្តិភាព និងវិបុលភាពពិភពលោកក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមកនេះ ស្ថិតនៅក្រោមភាពតានតឹងដ៏ធំសម្បើម។ ពហុភាគីនិយមបានរងការវាយប្រហារដោយសារតែការកើនឡើងនៃឯកតោភាគីនិយម ប្រជានិយម និងលទ្ធិគាំពារនិយម ដែលបានបន្ថែមភាពមិនច្បាស់លាស់បន្ថែមទៀតលើការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចពិភពលោក។

ឯកឧត្ដមបានបន្តថា លើសពីនោះទៀត ការប្រជែងគ្នាជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងក្នុងចំណោមមហាអំណាចធំៗ បានបង្កសម្ពាធកាន់តែខ្លាំងឡើងចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក ជាពិសេសនៅក្នុងតំបន់របស់យើង។ ការប្រកួតប្រជែងនេះបានធ្វើឲ្យចំណុចក្តៅក្នុងតំបន់កាន់តែខ្លាំងឡើង រួមមានសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងមីយ៉ាន់ម៉ា ជាដើម។
ឯកឧត្ដម ប្រធានគណៈប្រតិភូសភាកម្ពុជា ក៏បានចែករំលែកគំនិតក្នុងការធ្វើឱ្យប្រសើរឡើងវិញនូវគោលការណ៍នៃសកលភាវូបនីយកម្ម ពហុភាគីនិយម និងសេរីភាវូបនីយកម្មនៃពាណិជ្ជកម្ម និងការវិនិយោគ។

ការពង្រឹងយន្តការថ្នាក់តំបន់ ដើម្បីសម្របសម្រួលគោលនយោបាយជាតិសម្រាប់ការស្តារឡើងវិញក្នុងតំបន់។ ត្រូវដាក់ប្រជាជនជាចំណុចស្នូលនៃផែនការស្តារឡើងវិញ ដោយដាក់ធនធានបន្ថែមទៀតនៅក្នុងការគាំពារសង្គម និងជួយរៀបចំប្រជាជនរបស់យើងទៅកាន់ភាពធម្មតាថ្មី តាមរយៈការអភិវឌ្ឍជំនាញ និងការច្នៃប្រឌិតបច្ចេកវិទ្យា ដែលសមាជិកសភាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។

ឯកឧត្ដម សួស យ៉ារ៉ា បានបញ្ជាក់ថា សម្រាប់ភាគីកម្ពុជាបានតស៊ូមតិយ៉ាងខ្ជាប់ខ្ជួនសម្រាប់ពហុភាគីនិយម ដែលឆ្លុះបញ្ចាំងដោយកិច្ចប្រជុំកំពូល ASEM លើកទី13 ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលថ្មីៗនេះ ក្រោមប្រធានបទ “ការពង្រឹងពហុភាគីនិយមសម្រាប់កំណើនរួមគ្នា” រួមជាមួយនឹងព្រឹត្តិការណ៍ពាក់ព័ន្ធមួយចំនួន ដូចជាកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបលើកទី11 ជាដើម ។

ប្រទេសជាសមាជិកAPPF ដែលបានចូលរួមកិច្ចប្រជុំបានបង្ហាញនូវការឯកភាពគ្នាលើតម្រូវការជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាមួយនឹងការគិតគូវែងឆ្ងាយពីសន្តិសុខ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយបានអំពាវនាវឱ្យបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់សភាដើម្បីរក្សា និងធានាសន្តិភាព និងសន្តិសុខ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

អង្គប្រជុំក៏បានផ្ដោតការចាប់អារម្មណ៍ពីបញ្ហានៅឧបទ្វីបកូរ៉េ និងបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីដោះស្រាយវិបត្តិឆ្លងប្រទេស ដូចជាអំពើភេរវកម្ម ភាពជ្រុលនិយម ជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុ ហើយបានអំពាវនាវឱ្យសហគមន៍តំបន់អាស៊ីប៉ាស៊ីហ្វិក បង្កើតច្បាប់ និងបទដ្ឋានដែលអាចមានការយល់ស្រគ្នាជាសកលផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner