ជប៉ុនបានផ្តល់ជំនួយជិត២២លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់។

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និង ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក MIKAMI Masahiro ជាមួយនិង អនុប្រធាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជាលោកស្រី មីយ៉ាហារ៉ា អាយ។

ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)បានផ្តល់ជំនួយ២១លាន៩សែនដុល្លារ ដល់កម្ពុជា សម្រាប់” គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់” ដែលស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស នៃក្រុងពោធិ៍សាត់ ដែលរួមមានការសាងសង់ស្ថានីយបូមទឹកឆៅ,រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត សាងសង់អគាររដ្ឋបាល, តំឡើងបំពង់បូមទឹកឆៅនិងបំពង់ចែកចាយទឹកស្អាត។ តាមរយៈគម្រោងនេះប្រជាជននៅខេត្តពោធិ៍សាត់ រាប់ម៉ឺននាក់នឹងទទួលបានទឹកស្អាតប្រើប្រាស់។

គម្រោងសាងសង់ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់នេះនឹងគ្រោងបញ្ចប់ការសាងសង់ត្រឹមខែសីហា ឆ្នាំ ២០២៣។ ក្រោយបញ្ចប់ការសាងសង់ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកខេត្តពោធិ៍សាត់នឹងកើនដល់ចំនួន ១៣.៨៦០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ ជាមួយនឹងសមត្ថភាពនេះ គេរំពឹងថានៅឆ្នាំ២០២៥ប្រជាជននៅទីប្រជុំជនចំនួនជាង១១ម៉ឺននាក់និងប្រជាជនក្នុងតំបន់សេវាទឹកស្អាតរដ្ឋាករទឹកខេត្តពោធិ៍សាត់ចំនួន៦៧.៩%នៃចំនួនប្រជាជនសរុប នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។

JICA បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។ រហូតមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាច្រើនត្រូវបានសាងសង់ដោយហិរញ្ញប្បទានឥតសំណងក្នុងខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម, ខេត្តបាត់ដំបង, ខេត្តកំពត, ខេត្តសៀមរាប ,ភ្នំពេញ និងខេត្តព្រះសីហនុ។

ads banner