អង្គភាពCMAC បានដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង៨ម៉ឺនគ្រាប់ យកទៅកម្ទេចចោលក្នុងរយៈពេល១១ខែឆ្នាំ២០២១

យោងតាមការបញ្ជាក់របស់ អគ្គនាយកស៊ីម៉ាក់ ហេង រតនា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ អង្គភាពCMAC ក្នុងរយៈពេល១១ខែគិតចាប់ពីខែមករាដល់ ខែវិច្ឆិកា ឆ្នាំ២០២១ បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបទំហំ៩១លាន៩សែន១ម៉ឺន៩ពាន់៩៧២ម៉ែត្រក្រឡា ឬស្មើនឹងជាង៩២%នៃផែនការ។ ជាមួយគ្នានោះ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៨ម៉ឺន២ពាន់១៣៨គ្រាប់ ត្រូវបានកម្ទេចចោល ។

លោក ហេង រតនា បញ្ជាក់ថា ទោះជាស្ថិតក្នុងបរិបទសកលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏ដោយ ក៏កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម រំដោះផ្ទៃដីនៅតែបន្ត សម្រាប់ក្រុមការងារបោសសម្អាតមីននៅកម្ពុជា ទូទាំងប្រទេស។ គ្រាប់មីនប្រឆាំងមនុស្សចំនួន១ម៉ឺន៦ពាន់១៣៨គ្រាប់, មីនប្រឆាំងរថក្រោះចំនួន៣២៣គ្រាប់, គ្រាប់បែកទម្លាក់ពីយន្ដហោះ៣៩គ្រាប់ ,គ្រាប់បែកចង្កោម៨.០៩០គ្រាប់, មីនច្នៃចំនួន១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទមានចំនួន៥ម៉ឺន៧ពាន់៥៣១គ្រាប់ ត្រូវបានកម្ទេចចោលក្នុងរយៈពេល១១ខែឆ្នាំ២០២១នេះ។

ដោយឡែក សម្រាប់ផែនការឆ្នាំ២០២២ខាងមុខ អង្គភាពស៊ីម៉ាក់ មានផែនការរំដោះផៃ្ទដីរងការគំរាមកំហែង ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង១២៥គីឡូម៉ែត្រក្រឡា។

ads banner