ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវជួបក្រុម ជម្រើសជាតិឡាវនាវេលាម៉ោង៤និង៣០នាទីថ្ងៃទី១៥ធ្នូ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឡាវ នាវេលាម៉ោង៤និង៣០នាទីថ្ងៃទី១៥ ធ្នូ ស្អែកនេះ(ម៉ោងនៅកម្ពុជា)ដែលជាជំនួបលើកទី៣ក្នុងពូល B នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 នៅទឹកដីម្ចាស់ផ្ទះសិង្ហបុរី។
លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះកូនក្រុមខ្លួនដោយរំពឹងថា ពួកគេនឹងធ្វើបានល្អក្នុងជំនួបលើកទី៣នេះ ។ គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ និយាយថា «យើងរំពឹងថា កីឡាករទាំងយុវជន និងកីឡាករដែលមានបទពិសោធន៍ច្រើនពីការប្រកួតអន្ដរជាតិ នឹងបង្ហាញការលេងល្អ និងភាពស៊ីចង្វាក់គ្នាបានល្អសម្រាប់ការប្រកួតនេះ»។
លោក V.Salvaraj គ្រូបង្វឹកក្រុមជម្រើសជាតិឡាវ បានវាយតម្លៃខ្ពស់ ចំពោះក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅក្រុមលោក Keisuke Honda និងគ្រូបង្វឹកលោក Ryu Hirose ជាមួយភាពរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការលេងជាក្រុម ។ ដូច្នេះលោកថា ជំនួបលើកនេះ មិនងាយស្រួលសម្រាប់ឡាវនោះទេ។
កីឡាករជម្រើសជាតិឡាវ Phoutthasayក៏បានមើលឃើញពីការអភិវឌ្ឍនៃទម្រង់លេងរបស់កម្ពុជាថាពិតជាខ្លាំងមិនធម្មតាដែរ ។
Phoutthasay បានលើកឡើងថា៖«កម្ពុជាមានការអភិវឌ្ឍច្រើន មានស្ទីលលេងល្អ ។ របៀបនៃការលេងពិតខុសប្លែកពីមុនឆ្ងាយណាស់ ។ ពួកគេលេងបាល់ខ្លីនិងលឿនជាងមុន ។ យ៉ាងណា ពួកយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីរកគ្រាប់បាល់គ្រប់ប្រកួត»។
គួរឱ្យដឹងផងដែរថា មុនប៉ះឡាវនៅល្ងាចនេះ ក្រុមកម្ពុជា បានចាញ់ម៉ាឡេស៊ី១-៣ក្នុងជំនួបបើកឆាក និងបន្តចាញ់ឥណ្ឌូណេស៊ី២-៤ក្នុងជំនួបទី២របស់ខ្លួន ។ ចំណែកឡាវមុនប៉ះកម្ពុជា បានចាញ់វៀតណាម២-០ក្នុងជំនួបបើកឆាកដំបូង ចាញ់ម៉ាឡេស៊ី៤-០ និងចាញ់ឥណ្ឌូណេស៊ី៥-១ ។ តាមរយៈលទ្ធផលនេះបង្ហាញឱ្យឃើញថា កម្ពុជានៅមានសង្ឃឹមតិចតួចក្នុងការឡើងវគ្គបន្ត ចំណែកឡាវបានបាត់បង់ឱកាសអស់ហើយ។ ដូច្នេះចាំមើលជួបឡាវល្ងាចនេះ តើកម្ពុជាអាចស្ដារមុខមាត់របស់ខ្លួនបានដែរឬទេ? ក្នុងពេលក្រុមទាំងពីរមានប្រវត្តិជួបគ្នាគ្រប់ក្របខណ្ឌចំនួន១២លើកក្នុងនោះកម្ពុជាឈ្នះ៥ ស្មើ៣ និងចាញ់៤ បែបនេះនោះ៕