រដ្ឋមន្ត្រីការបរទេសកម្ពុជាលើកឡើងអំពីចំណុចអាទិភាពសំខាន់ៗរបស់កម្ពុជា និងឯកសារសមិទ្ធផល សម្រាប់ដំណើរការកសាងសហគមន៍អាស៊ាន នៅឆ្នាំក្រោយ

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃស្មារតីអាស៊ានក្នុងនាមជាគ្រួសាររួបរួមគ្នា ដែលមានសមាជិកចំនួនដប់ប្រទេស ដែលស្មារតីនេះ គឺជាកត្តាជំរុញនៃមូលបទរបស់ប្រធានអាស៊ានឆ្នាំ២០២២ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីចំណុចអាទិភាពសំខាន់ៗរបស់កម្ពុជា និងឯកសារសមិទ្ធផល សម្រាប់ដំណើរការកសាងសហគមន៍អាស៊ាន នៅឆ្នាំក្រោយ ព្រមទាំងការយកចិត្តទុកដាក់បន្ទាន់ ចំពោះការបង្កើតឱ្យមានដំណើរការប្រកបដោយសន្តិវិធីក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលគួរតែជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា និងដឹកនាំដោយមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេស G7 តាមប្រព័ន្ធវីដេអូ ដែលបានរៀបចំឡើងនៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅដើមខែមករា ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកវឌ្ឍនភាពនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា របៀបវារៈកំពូលរបស់កម្ពុជា គឺបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងទំនុកចិត្តផ្នែកនយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវមូលដ្ឋានគ្រឹះរួមគ្នាមួយលើដំណើរការឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា និងទទួលបាននូវការឯកភាពគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ សម្រាប់ការពន្លឿនការផ្តល់ជំនួយមនុស្សធម៌ទៅដល់អ្នកដែលខ្វះខាតបំផុត។

ក្រសួងការបរទេស បានបន្តថា កិច្ចប្រជុំបានគូសបញ្ជាក់អំពីតម្រូវការដើម្បីជំរុញឱ្យកាន់ខ្លាំងថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រទេស G7 សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន សម្រាប់សន្តិភាព និងវិបុលភាពរួម។ កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗមួយចំនួនត្រូវបានលើកយកមកពិភាក្សា ជាពិសេស មធ្យោបាយដើម្បីពន្លឿនការទទួលបានវ៉ាក់សាំង និងការលើកកម្ពស់សន្តិសុខសុខភាពសកល បច្ចេកវិទ្យាឌីជីថល ការវិនិយោគលើវិស័យហេដ្ឋារចនាសម័្ពន្ធ ការដោះស្រាយបញ្ហានានាដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ ការពង្រីកពាណិជ្ជកម្ម សន្តិសុខតំបន់ រួមទាំងបញ្ហាលំហសមុទ្រផងដែរ។ ជាទូទៅ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានអំពាវនាវឱ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ស្របតាមទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងវិស័យអាទិភាពចំនួនបួនដែលមានចែងនៅក្នុងនោះ។

អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា អាស៊ាន និងក្រុមប្រទេស G7 រួមគ្នា បានបង្កើតនូវសន្ទុះល្អលើគំនិតផ្តួចផ្តើមការតភ្ជាប់ជាច្រើន។ ឧទាហរណ៍មួយក្នុងចំណោមនោះគឺ ការបិទបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយ អាស៊ាន-សហភាពអឺរ៉ុប។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គម្រោងទាំងឡាយដែលអាស៊ានកំពុងធ្វើការជាមួយដៃគូសន្ទនាមួយចំនួនមកពីក្រុមប្រទេស G7 គឺជាសុទ្ធតែគម្រាងវិស័យដែលអាចធ្វើសំយោគបានជាមួយនឹងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ២០២៥។

សម្រាប់បញ្ហាសន្តិសុខ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញថា អាស៊ានជានិច្ចជាកាល គឺជាអង្គការតំបន់ដែលសម្លឹងមើលទៅខាងក្រៅ ហើយចាត់ទុកសណ្តាប់ធ្នាប់តំបន់ដែលយកអាស៊ានជាស្នូល ជាគោលគ្រឹះនៃសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអះអាងយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាឈរលើគោលការណ៍រួបរួមសម្រាប់កិច្ចសហប្រតិបត្តិការ និងមិនមែនរួបរួមសម្រាប់ការប្រឈមមុខដាក់គ្នានោះទេ ស្របពេលជំរុញឱ្យមានតម្រូវការធ្វើការជាមួយគ្នា ដើម្បីលើកកម្ពស់ការជឿជាក់ និងការទុកចិត្តគ្នា និងពួតដៃគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមផ្សេងៗ ដែលការធ្វើដូចនេះ គ្រប់រដ្ឋទាំងអស់ មិនថាជារដ្ឋតូច ឬធំ អាចរស់នៅជាមួយគ្នាជាមួយការប្រកួតប្រជែង ដើម្បីភាពល្អប្រសើរទាំងអស់គ្នា៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner