ការតម្លើងម៉ូទ័របូមទឹកខ្នាតធំ៣គ្រឿងនៅនៅស្ថានីយ៍បូមទឹកបឹងទំពុនដែលមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគូបក្នុង១វិនាទីនឹងរួចរាល់នៅខែមិនាឆ្នាំ២០២២ខាងមុខនេះ

ភ្នំពេញ៖ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពតម្លើងម៉ូទ័របូមទឹកខ្នាតធំដែលមានអង្កត់ផ្ចឹតទំហំ ១.៥ម៉ែត្រចំនួន ១គ្រឿង និងខ្នាតទំហំអង្កត់ផ្ចឹត ១.២ម៉ែត្រចំនួន ២គ្រឿងនៅស្ថានីយ៍បូមទឹកបឹងទំពុន ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោកសាំ ពិសិដ្ឋបានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែធ្នូនេះថា ម៉ូទ័របូមទឹកទាំង ៣គ្រឿងនេះមានសមត្ថភាពបូមទឹក ៤២.០០០ម៉ែត្រគូបក្នុង១ម៉ោង ឬស្មើនឹង ១២ម៉ែត្រគូបក្នុង១វិនាទី ដែលជាគម្រោងសាងសង់បន្ថែមសមត្ថភាពបូមទឹកលើស្ថានីយ៍បច្ចុប្បន្ន ធ្វើអោយសមត្ថភាពបូមទឹកថ្មីកើនរហូតដល់ ៣៣ម៉ែត្រគូបក្នុង១វិនាទី។
លោកសាំ ពិសិដ្ឋ បន្តថា ការតម្លើងម៉ូទ័របូមទឹកខ្នាតធំ ខាងលើនេះ យើងបានអនុវត្តតាំងពីថ្ងៃទី០៣ធ្នូឆ្នាំ២០២១មកម្ល៉េះ ពោលគឺទាំងម៉ូទ័រ ទាំងទូរបញ្ជា រួមទាំងការតភ្ជាប់បំពង់បង្ហូរទឹកក្រោមផ្លូវ៣៧១យើងបានស្ថាបនារួចរាល់។ ជារួមលទ្ធផល គិតមកដល់ពេលនេះ ក្រុមការងារសម្រេចបានប្រមាណ៧០ភាគរយ។គម្រោងនេះនឹងបញ្ចប់១០០% នៅក្នុងខែមិនាឆ្នាំ២០២២ ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា អភិបាលនៃអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញបញ្ហាខាងលើនេះដោយលោកបានជំរុញឲ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញពន្លឿននៃការស្ថាបនាការដំឡើងម៉ូទ័របូមទឹកខ្នាតធំខាងលើនេះឱ្យបានរួចរាល់ នៅមុនរដូវវស្សាមកដល់ ដើម្បីយើងអាចបូមទឹក រំដោះការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សាឆ្នាំ២០២២ខាងមុខនេះ។
លោកសាំ ពិសិដ្ឋបន្តទៀតថា ស្ថានីយ៍នេះ នឹងក្លាយជាស្ថានីយ៍មានម៉ូទ័របូមទឹកខ្នាតធំជាងគេ និងសមត្ថភាពបូមទឹកធំជាងគេក្នុងរាជធានីភ្នំពេញ ដែលធានាកាត់បន្ថយការលិចលង់នៅតំបន់ភូមិសាស្ត្របឹងទំពុន ស្ទឹងមានជ័យ មហាវិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវលេខ ២០០៤) ស្តុបម៉ុងឌីយ៉ាល់ និងតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner