អ្នកភូមិលើខ្នងភ្នំគូលែនរកឃ្មុំព្រៃធម្មជាតិជួយបង្កើនជីវភាពគ្រួសារ

ខេត្តសៀមរាប​៖​នៅពេល​ដល់​រដូវ​រ​ងា​ចាប់ពី​ដើមខែ​ធ្នូ រហូតដល់​រដូវប្រាំង​ខែឧសភា​ស្ទើរ​រៀងរាល់​ព្រឹក​លោក ហុង ពឿ​ន និង​ប្រជាពលរដ្ឋ​ចំនួន​ទៀត នៅ​ភូមិ​ពពេល ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ក្នុងភូមិ​សាស្ត្រ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម «​ភ្នំ​គូលែន​» បាន​ប្រក​បរបរ​ដើររក​ឃ្មុំ​ព្រៃ​ធម្មជាតិ​លក់ ជួយ​បង្កើន​ជីវភាព​គ្រួសារ​ក្រៅពី​ការងារ​កសិកម្ម​។​


ជា​រៀងរាល់​ព្រឹក លោក ហុង ពឿ​ន តែង​បានរៀបចំ​បង្វិច​ជា​អង្ករ ម្ហូបអាហារ ឬ​ឆ្នាំង​ចាន និង​មិន​ដូច្នេះ​ជា​បាយ​កញ្ចប់​ម្នាក់​មួយ​ស្បោង​ចងភ្ជាប់​នឹង​ម៉ូតូ ជាមួយនឹង​សម្ភារៈ​មួយចំនួនទៀត ទៅយក​ឃ្មុំ​ដែល​នៅ​ទី​ឆ្ងាយ​ពី​ភូមិ​លើ​ខ្នងភ្នំ​។ ឃ្មុំ​ដែល​អ្នកភូមិ​ខ្នងភ្នំ​គូលែន​តែង​ប្រាថ្នា​ចង់បាន​នោះ​គឺ​ឃ្មុំចង្អេរ​ពីព្រោះថា​វា​ផ្តល់​ទឹក​ច្រើន​ក្នុង​មួយ​សំបុក​ចាប់ពី​៤-១០​លីត្រ ហើយ​ទឹកឃ្មុំ​១​លី​ត​អាច​លក់បាន​ក្នុងតម្លៃ ៨០០០០​រៀល​។​
ការរក​ឃ្មុំ​តាមបែប​ធម្មជាតិ​នេះ​គឺ​ត្រូវ​ពឹង​លើ​ព្រេងសំណាង ដែល​អ្នកស្រុក​គិត​តាម​ជំនឿ​របស់​ពួកគាត់​។ ពេលខ្លះ​អ្នកភូមិ​អា​ចរក​ឃ្មុំ​បាន​ត្រឡប់មកផ្ទះ​វិញ ជួនកាល​ក៏​ត្រឡប់មកផ្ទះ​វិញ​ដោយ​ដៃទទេ​ក៏មានដែរ​។ នេះ​ជា​មុខរ​បរតពី​ដូនតា​មករ​បស់​អ្នកភូមិ បើទោះបី​តូចតាច រកបាន​តាម​រដូវ តែ​មុខរបរ​នេះ​ពឹង​លើ​ធម្មជាតិ មិន​ចំណាយ​ដើមទុន ហើយ​បាន​ជួយ​បង្កើន​ដល់​ជីវភាព​មួយកម្រិត​ដែរ​។


នៅពេល​ដល់​រដូវ​ធ្លាក់​ខ្យល់រ​ងារ​ចាប់ពី​ខែវិច្ឆិកា ឬ​ខែធ្នូ ជា​រៀងរាល់ឆ្នាំ លោក ហុង ពឿ​ន បានចាប់ផ្តើម​ដើររក​សំបុក​ឃ្មុំ​តាម​ព្រៃ​ជា​បណ្តើរៗ និង​កំណត់ទុក​កន្លែង​នោះ រង់ចាំ​សំបុក​ឃ្មុំ​មាន​អាយុ​គ្រប់​ល្មម អាច​កាច់​ក្បាល​ទឹកបាន លោក ហុង ពឿ​ន ឡើង​យកភ្លាមតែ​ម្តង​។
លោក ហុង ពឿ​ន សព្វថ្ងៃ​មាន​អាយុ ៣៧ ឆ្នាំ ហើយ​បាន​ចេះ​រក​ឃ្មុំ​នៅតាម​ព្រៃ​នេះ​តាំងតែ​ពី​វ័យក្មេង​។ ​ការរក​ឃ្មុំ​ធម្មជាតិ​នេះ​ពិតជា​មិន​ងាយស្រួល​ទេ​គឺ​សត្វ​ឃ្មុំ​ភាគច្រើន​វា​តែង​នៅលើ​ដើមឈើ​ខ្ពស់ៗ ឬ​ពេលខ្លះ​ក្នុង​ល្អាង​ភ្នំ​។ បើ​នៅតាម​ដើមឈើ​វិញ​ឃ្មុំ​ច្រើន​ធ្វើ​សំបុក​នៅតាម​ដើមឈើ​ធំៗ ដែលមាន​កម្ពស់​ចាប់ពី​១៥-៤០​ម៉ែត្រ ដែល​ចាំបាច់​ត្រូវដាក់​បង្អោង ឬ​ដាក់​ខ្សែ​ប្រតោង​ឡើង​។ លោក ហុង ពឿ​ន បាន​បញ្ជាក់ថា​ធ្លាប់​ធ្លាក់​ពីលើ​ដើមឈើ​រងរបួស ចំនួន​៤​ទៅ​៥​ដង​រួចមកហើយ​។​


លោក ឈឿ​ម តាំង មេឃុំ​ខ្នងភ្នំ បានឱ្យដឹងថា​អាជ្ញាធរ​បាន​លើកទឹកចិត្ត​ដល់​ការប្រមូល​ផល​ទឹកឃ្មុំ​ប្រកបដោយ​និរន្តរភាព​ដោយ​ចៀសវាង​ការបរិភោគ​កូន​ឃ្មុំ និង​មិនត្រូវ​សម្លាប់សត្វ​ឃ្មុំ​ដោយ​ប្រើ​ភ្លើង​ឬ​ថ្នាំ​សម្លាប់​សត្វល្អិត​ទៅប្រើ​ប្រាស់ ដែល​អាច​ឈានទៅ​បាត់បង់​ពូជ​ឃ្មុំ​ព្រៃ​នៅ​ថ្ងៃ​ខាងមុខ​។​
មេឃុំ​រូបនេះ​បានបញ្ជាក់​បន្ថែមថា​ប្រជា​សហគមន៍​បច្ចុប្បន្ន​បាន​ឈប់​កាប់​ព្រៃ បរបាញ់​សត្វ​ដូច​មុន​ទៀតហើយ​។ អ្នកភូមិ​បាន​យល់ដឹង​និង​នាំគ្នា​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន និង​ចេះ​ធ្វើ​អនាម័យ​ក្នុង​សហគមន៍ ដើម្បី​ការរស់នៅ​ប្រកបដោយ​ចីរភាព និង​ទាក់ទាញ​ភ្ញៀវទេសចរ​ថែម​ទៀតផង​។​


សូម​រំលឹកថា គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា បាន​គាំទ្រ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​ពីរ​គឺ​សហគមន៍​ព្រៃធំ​ពពេល និង​សហគមន៍​ព្រៃធំ​អន្លង់​ធំ​នៅ​ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​«​ភ្នំ​គូលែន​» លើ​ផ្នែក​ទេសចរណ៍ធម្មជាតិ ក្នុងនោះ​មាន​ការងារ​បដិសណ្ឋារកិច្ច ការនាំ​ភ្ញៀវ និង​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ជាដើម​។ លើសពីនេះ​គម្រោង​ក៏​ជួយ​ឲ្យ​មាន​កំណើន​ជីវភាព​ប្រជា​សហគមន៍​តាមរយ​:​បង្កើនការ​ចិ​ញ្វឹ​ម​សត្វ​ជ្រូក​កណ្តុរ ការចិញ្ចឹម មាន់​និង​ឃ្មុំ​ព្រៃ​ផងដែរ​៕
​ដោយ​៖​ម៉ា​ដេប៉ូ​

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner