មន្ត្រី​យោធា​ជាន់ខ្ពស់​រុស្ស៊ី​៖​ កម្ពុជា​ជា​ដៃគូ​ប្រកបដោយ​ទំនុកចិត្ត​ទៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍

ភ្នំពេញ ៖ ​មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​សហព័ន្ធរុស្ស៊ី​ បាន​វាយតម្លៃ​ខ្ពស់​ និង​បាន​អរគុណ​ដល់​កម្ពុជា​ដែល​បាន​យកចិត្តទុកដាក់​លើ​ការពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ ​និង​បានបញ្ជាក់​អំពី​ការត្រៀមខ្លួន​ជានិច្ច​ក្នុងការ​អនុវត្ត​សកម្មភាព​កិច្ចសហប្រតិបត្តិការ​នា​នា​។​ ទន្ទឹមនេះ​កម្ពុជា​ក៏​ជា​ដៃគូ​ប្រកបដោយ​ទំនុកចិត្ត​ទៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។​

​ការបញ្ជាក់​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ Oleg Salyukov អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​រុស្ស៊ី ជាមួយ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១​។ 

​ក្នុងជំនួប​នេះ​ ឯកឧត្តម​អគ្គ​មេបញ្ជាការរង​មេបញ្ជាការ​កងទ័ពជើងគោក ​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដ៏​កក់ក្តៅ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​សហព័ន្ធរុស្ស៊ី​នាពេលនេះ​ស្របពេល​ដែល​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​វិស័យ​យោធា កំពុង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឥតឈប់ឈរ ក្នុង​ស្មារតី​ភាព​មិត្ត​ភាពជា​ប្រពៃណី ព្រម​ជាមួយនឹង​ការគោរព​ជឿទុកចិត្ត​គ្នា និង​ជួយ​គ្នា​ទៅវិញទៅមក​គ្រប់​កាលៈទេសៈ​តាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន​។ ឯកឧត្តម ក៏បាន​សម្តែង​ការសោកស្តាយ​ផងដែរ​ចំពោះ​ការអាក់ខាន​នៃ​សកម្មភាព​សហប្រតិបត្តិ​ការ​ក្នុង​រយៈកាល​ពីរ ឆ្នាំ​កន្លងមកនេះ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ-​១៩​ ដោយ​សង្ឃឹមថា ​ចាប់ពីពេលនេះ​តទៅ​អ្វីៗ​នឹង​អាចមាន​សន្ទុះ​ដំណើរការ​ឡើងវិញ​ស្របតាម​ទិសដៅ​ផែនការ​ដែល​បានដាក់​ចេញ​។​

ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ Oleg Salyukov អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​រុស្ស៊ី បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​ដែល​បាន​យកចិត្តទុកដាក់​លើ​ការពង្រឹង ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ ​និង​បានបញ្ជាក់​អំពី​ការត្រៀមខ្លួន​ជានិច្ច​ក្នុងការ​អនុវត្ត​សកម្មភាព​កិច្ចសហប្រតិបត្តិការ​នា​នា ជាពិសេស​ការជួយ​ដល់​កងទ័ពជើងគោក​ក​ម្ពុ​ជា​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​មុខជំនាញ​ផ្សេងៗ​។​

​ចំណែក​ឯកឧត្តម Nikolai Patrushev  លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ នៃ​សហព័ន្ធរុស្ស៊ីវិញ​ បាន​សម្តែង​ការពេញចិត្ត​ចំពោះ​សក្តានុពល​ជា​វិជ្ជមាន​នៃ​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​ប្រទេស​ទាំងពីរ និង​បាន​គូសបញ្ជាក់ថា កម្ពុជា​ជា​ដៃគូ​ប្រកបដោយ​ទំនុកចិត្ត​ទៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ គឺជា​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្តម ក៏បាន​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត និង​ការត្រៀមខ្លួន​របស់​សហ​ព័ន្ធ​រុស្ស៊ី​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ជាពិសេស​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ប្រឆាំង​ភេរវកម្ម​, សន្តិសុខ​ព័ត៌មាន​អន្តរជាតិ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាដើម​។​

​គួរ​បញ្ជាក់ថា នេះ​ជា​ជំនួប​លើក​ទី​២ រវាងឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជាមួយនឹង​ឯកឧត្តម Nikolai Patrushev និងឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ Oleg Salyukov បន្ទាប់ពី​ជំនួប​លើក​ទី​១ ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សន​កិច្ចការងា​រ​របស់ឯកឧត្តមហ៊ុន ម៉ា​ណែ​ត នៅ​រដ្ឋធានី​ម៉ូស្គូ ក្នុង​ឆ្នាំ​២០១៩ កន្លងទៅ​។ នៅ​ឆ្នាំ​២០២២ ខាងមុខនេះ មេបញ្ជាការ​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរក៏​គ្រោង​នឹង​ជួបគ្នា​ម្តងទៀត​ដើម្បី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​(MoU)​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​កម្ពុជា​-​រុស្ស៊ី ដែលជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុងការ​ជំរុញ​សន្ទុះ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាងកងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​៕ 

ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner