រាជរដ្ឋាភិបាលនឹងសិក្សាផ្លូវដែកដែលមានស្រាប់ ដើម្បីកែប្រែទៅជាផ្លូវដែកល្បឿនលឿន ពីភ្នំពេញទៅតាមខេត្តមួយចំនួន

គម្រោងកែប្រែផ្លូវដែកល្បឿនលឿននេះ ត្រូវបានសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងនៅក្នុងលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ សម្រាប់រាជរដ្ឋាភិបាល គម្រោងអភិវឌ្ឍផ្លូវដែកល្បឿនលឿននេះ គឺសំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

រាជរដ្ឋាភិបាលកម្ពុជានឹងពិនិត្យលទ្ធភាពសិក្សា ក្នុងការអភិវឌ្ឍផ្លូវដែកដែលកម្ពុជាមានស្រាប់ ដើម្បីប្រែក្លាយទៅជាផ្លូវដែកល្បឿនលឿន តភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុឆ្ពោះទៅក្រុងប៉ោយប៉ែត។ ការកែប្រែទៅជាផ្លូវដែកល្បឿនលឿននេះគឺដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពដឹកជញ្ជូន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលគ្រោងបន្ថែមខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ។ រាជរដ្ឋាភិបាលកម្ពុជា នឹងគ្រោងបង្កើតផ្លូវដែកថ្មីមួយទៀត តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាមផងដែរ។

បច្ចុប្បន្ន កម្ពុជាមានផ្លូវដែកចំនួនពីរខ្សែកំពុងតែដំណើរការ មានប្រវែងចម្ងាយសរុប៦៥០គីឡូម៉ែត្រ។ ក្នុងនោះ ផ្លូវដែកពីភ្នំពេញ ទៅខេត្តព្រះសីហនុ មានប្រវែងចម្ងាយ២៦៤គីឡូម៉ែត្រ។ ផ្លូវដែកនេះ ឆ្លងកាត់ខេត្តតាកែវ និងកំពត។ ផ្លូវដែកទី២ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) ដែលមានប្រវែងចម្ងាយ៣៨៦គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តបាត់ដំបង និងពោធិ៍សាត់។

ផ្លូវដែកកម្ពុជាបានចាប់ផ្តើមសាងសង់ដំបូង ក្នុងទសវត្សរ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០។ ផ្លូវដែកទាំងពីរខ្សែនេះ ត្រូវបានរងការខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ ហើយផ្នែកខ្លះត្រូវបានបំផ្លាញទាំងស្រុងដោយរបបកម្ពុជាប្រជាធិបតេយ្យ។ បច្ចុប្បន្ន ផ្លូវដែកទាំងពីរខ្សែ ត្រូវបានសាងសង់ និងជួសជុលដាក់ឱ្យប្រើប្រាស់ឡើងវិញ តាមរយៈការសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវ៉េ កម្ពុជា (RRC)៕

ads banner