ព្យុះទីហ្វុងឈ្មោះរ៉ៃភាគខាងត្បូងប្រទេសហ្វីលីពីន បង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួនទៅតំបន់មានសុវត្ថិភាព

ព្យុះ​ទី​ហ្វុ​ង ឈ្មោះ​រ៉ៃ Rai កំពុង​វាយលុក​ភាគ​ខាងត្បូង​ប្រទេស​ហ្វី​លី​ពី​ន បង្ខំ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់ ត្រូវ​ភៀសខ្លួន​ទៅ​តំបន់​មាន​សុវត្ថិភាព​ ដើម្បី​ជ្រកកោន ចំ​ពេល​មានការ​ព្រមាន អំពី​ទឹកជំនន់ និង​ការ​បំផ្លិចបំផ្លាញ ដែល​កំពុង​រីក​រាលដាល នេះបើយោងតាម BBC ចេញផ្សាយនៅថ្ងៃទី១៧ ធ្នូ ២០២១នេះ ។

ខ្យល់ព្យុះ​នេះ បាន​បោកបក់​នៅ​កោះ Siargao ដែល​ជា​កោះ​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ ដែល​មាន​កម្លាំង​ខ្យល់​បក់​ប្រហែល ១៧៥ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ។

តំបន់ឆ្នេរ បណ្តាញ​រថភ្លើង​ដឹក​ទំនិញ បណ្តាញ​ថាមពល និង​ទំនាក់ទំនង នៅ​លើ​ផ្នែក​ខ្លះ​នៃ​កោះ Siargao កំពុង​រង​នូវ​ការ​បំផ្លិចបំផ្លាញ ។ ជើងហោះហើរ ត្រូវ​បាន​លុប​ចោល ហើយ​ច្រក​នានា ត្រូវ​បាន​បិទ ដោយសារ​តែ​មានការ​កើនឡើង នៃ​កម្លាំង​ខ្យល់ព្យុះ ។

រ៉ៃ គឺជា​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំង​បំផុត​មួយ ដែល​បាន​វាយប្រហារ​ប្រទេស​អាស៊ី​អាគ្នេយ៍​ក្នុងឆ្នាំនេះ ។ ហើយ​អង្គការសហប្រជាជាតិ​និយាយ​ថា​មនុស្ស ១៣​លាន​នាក់ អាច​រង​ផល​ប៉ះពាល់ ដោយ​ព្យុះ​ទី​ហ្វុ​ង​នេះ ។

វី​ដេ​អូ ដែល​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បង្ហាញ​ពី​ឆ្មាំ​ឆ្នេរសមុទ្រ​ហ្វី​លី​ពី​ន ជួយ​ជម្លៀស​ក្រុម​គ្រួសារ ចេញពី​សហគមន៍​ឆ្នេរសមុទ្រ ។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​បញ្ជាក់​ថា មាន​អ្នក​ស្លាប់ ឬ​របួស នៅឡើយ​ទេ ។

ប្រទេស​ហ្វី​លី​ពី​ន ធ្លាប់​រង​ការ​វាយប្រហារ ដោយ​ព្យុះ​ដ៏​ខ្លាំង ជា​មធ្យម​មាន​ចំនួន ២០​ព្យុះ ក្នុង​មួយ​ឆ្នាំ ៕

ads banner