ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ថ្លែងថា គ្រូបង្វឹកចេះតែក្បាច់គុនមួយមុខ មិនអាចបង្ហាត់សិស្សអោយដើរតាមគន្លងសិល៍ធម៌ល្អបាននោះទេ

ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកគុនខ្មែរកម្រិតបឋមរយៈពេល៥ថ្ងៃនេះថា គ្រូបង្វឹកកីឡាគុនខ្មែរបើចេះតែបង្ហាត់មួយមុខ គឺមិនអាចបង្ហាត់ពត់លត់ដំសិស្សអោយដើរតាមគន្លងសិល៍ធម៌បានល្អនោះទេ ពោលសិស្សខ្លះអាចប្រព្រឹត្តិខុសក្រមសិល៍ធម៌ ដើរវាយតប និងអាចក្លាយជាជនពាលក៏ថាបាន ។ ដូច្នោះ ដើម្បីឲ្យក្លាយជាគ្រូ គំរូអាចអប់រំសិស្សដើរត្រូវតាមគន្លងត្រឹមត្រូវប្រកបដោយក្រមសិល៍ធម៌ ចាំបាច់ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាល ដើម្បីទទួលបានចំណេះដឹងកម្រិតស្តង់ដា មានទាំងបច្ចេកទេសបង្ហាត់ និងក្រមសិល៍ធម៌ក្នុងការអប់រំ ។


ឯកឧត្តម បន្តទៀតថា ចំណេះដឹងវគ្គគ្រូបង្វឹកកម្រិតមូលដ្ឋានដំបូងនេះ វានឹងក្លាយជាទុនមូលដ្ឋានគ្រឹះជួយឲ្យអតីតកីឡាករទាំងអស់ អភិវឌ្ឍសមត្ថភាពក្លាយជាគ្រូបង្វឹកកម្រិតស្តង់ដា ជួយបណ្តុះបណ្តលផលិតធនធានកីឡាករឆ្នើមៗ នៅតាមបណ្តាមូលដ្ឋាន ដើម្បីរួមចំណែកកសាងធនធានគុនខ្មែរឲ្យកាន់តែមានសក្តានុពលឈានទៅដណ្តើមបានមេដាយ នៅលើឆាកអន្តរជាតិ ជូនកម្ពុជា ។

ពិសសេស គ្រូបង្វឹកដែលបានឆ្លងកាត់វគ្គនេះ នឹងមានឱកាសចូលវគ្គមធ្យម និងវគ្គគ្រូកម្រិតឧត្តមបន្តទៀត ដើម្បីលើកកម្ពស់ចំណេះក្លាយជាគ្រូបង្វឹកកម្រិតស្តង់ដាប្រចាំប្រទេស ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ ឯកឧត្តម រំពឹងជឿជាក់ថា គ្រូបង្វឹកគុនខ្មែរទាំងអស់ នឹងយកចំណេះដឹងពីវគ្គនេះ យកទៅបង្ហាត់បង្រៀនសិស្ស ដោយត្រឹមត្រូវតាមគោលការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងក្រសួងអប់រំយុវជន និងកីឡា ។ ជាមួយគ្នោះ ឯកឧត្តម ប្រធានសហព័ន្ធ ក៏បានអំពាវនាវឲ្យគ្រូបង្វឹកដែលប្រែក្លាយពីកីឡាករមកចាប់ជំនាញជាគ្រូបង្វឹក ទៅចែករំលែកនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែរីកចំរើន ពិសេសគៀងគរយុវជនជៀសឆ្ងាយពីគ្រឿងញាន និងអំពើឧប្បាយមុខ ដែលសង្គមស្អប់ខ្ពើម ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner