Positive Cambodia Ep38: សម្តេច តេជោ ហ៊ុន សែន លើកទឹកចិត្តជនមានពិការភាព មានសមត្ថភាពឱ្យមានសិទ្ធិចូលបម្រើការងារ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត​ជន​មាន​ពិការភាព ដែល​មាន​សមត្ថភាព​ឱ្យមាន​សិទ្ធិ​ចូល​បម្រើ​ការងារគ្រប់ក្រសួង ស្ថាប័នរដ្ឋ ដោយ​គ្មាន​ការរើសអើង។

សម្តេចតេជោ ហ៊ុន សែន ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័នរដ្ឋ​លើកទឹកចិត្ត​ជន​មាន​ពិការភាព ដែល​មាន​សមត្ថភាព​ឱ្យមាន​សិទ្ធិ​ចូល​បម្រើ​ការងារ ដោយ​គ្មាន​ការរើសអើង និង​ជំរុញ​ឱ្យ​អាជ្ញាធរ​ពន្លឿន​ការធ្វើ​អត្តសញ្ញាណ​ពិការភាព​ជូន​ជន​មាន​ពិការភាព​ឱ្យ​បាន​ទាន់ពេលវេលា ដើម្បី​ប្រើប្រាស់​សម្រាប់​ទទួលបាន​សេវា​។

សម្តេចតេជោ ហ៊ុន សែន ​ថ្លែងថា​៖ «​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ ត្រូវ​លើកទឹកចិត្ត​ជន​មាន​ពិការភាព ដែល​មាន​លក្ខណសម្បត្តិ​ និង​សមត្ថភាព​ឱ្យ​បំពេញ​មុខងារ​តួនាទី​ទទួល​ខុសត្រូវ​ក្នុង​មុខតំណែង​ឱ្យមាន​សិទ្ធិ​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​ការរើសអើង រាប់ទាំង​ការបម្រើ​ការងារ​ជា​មន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬ​កម្មសិក្សាការី​ជាដើម​»​។ សម្តេច ហ៊ុន សែន ​ព្រមទាំង​ជំរុញ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន ព្រមទាំង​អាជ្ញាធរ​គ្រប់​ថ្នាក់ ត្រូវយក​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ពិការភាព ២០១៩-២០២៣ ទៅ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ និង​ផ្សព្វផ្សាយ​វិធានការ​ទប់ស្កាត់ ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ និង​ឱ្យ​ជន​មាន​ពិការភាព ទទួល​បាន​សម្ភារ​ព័ត៌មាន​ស្តីពី​ការបង្ការ និង​ការការពារ​ជំងឺ​កូវីដ​ ១៩​។ សម្តេច​បាន​អំពាវ​ដល់​អាជ្ញាធរ​ត្រូវ​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​ផ្នែក​ឯកជន សង្គម​ស៊ីវិល រោងចក្រ សហគ្រាស ហើយ​គ្រឹះស្ថាន​ទាំងអស់​ត្រូវ​ជ្រើសរើស​ជន​មាន​ពិការភាព​ឱ្យចូល​បម្រើ​ការងារ និង​បន្ត​និរន្តរភាព​ការងារ​ដូច​អ្នកដទៃ​។សម្តេច តេជោ ​ថ្លែងថា​៖ «​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​ត្រូវ​ជំរុញ​ការអនុវត្ត​ផែនការ យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ពិការភាព ២០១៩-២០២៣ ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់ សិទ្ធិ​ជនពិការ អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ និង​គោលនយោបាយ​ជាតិ​នានា ដើម្បី​ជា​ឧត្តម​ប្រយោជន៍ សុខុមាលភាព​ដល់​បង​ប្អូន​មាន​ពិការភាព​គ្រប់​ប្រភេទ​ និង​គ្រប់​កម្រិត​»​៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner