អ្នកនាំពាក្យក្រសងអប់រំ ៖ ថ្ងៃទី១ នៃការប្រឡងបាក់ឌុបបានបញ្ចប់ដោយផ្តល់ក្តីសង្ឃឹម

ភ្នំពេញ ៖ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ AMS ឱ្យដឹងថា ជាទូទៅ ដំណើរការប្រឡងបាក់ឌុបនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពរលូន ប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ដែលជាកត្តាចូលរួមផ្តល់ក្តីសង្ឃឹមជូនបេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធ។ នៅតាមមណ្ឌលប្រឡងទាំង២០៤ មានដំណើរការល្អ ប្រកបដោយសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយ។ បេក្ខជនប្រឡងបានបានគោរពបទបញ្ញត្តិប្រឡង និងបានអនុវត្តវិធានការសុខភាព និងសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា ដោយឡែក បេក្ខជនប្រឡងនៅតាមមណ្ឌលប្រឡងមួយចំនួនតូចមានបញ្ហាសុខភាពនៅក្នុងអំឡុងពេលដំណើរការសំណេរនាថ្ងៃនេះ។ បញ្ហាសុខភាពរបស់បេក្ខជនរួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។ បេក្ខជនវិជ្ជមានកូវីដ-១៩ ជាកីឡាការិនីការ៉ាតេដូចំនួន០២នាក់ មានស្ថានភាពសុខភាពធម្មតាក្នុងដំណើរការសំណេរថ្ងៃនេះ និងអាចបន្តការប្រឡងបន្តក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខភិបាល និងអាជ្ញាធរពាក់ព័ន្ធ។

ក្រសួងអប់រំ យុវជន និងកីឡាសូមសម្តែងនូវកត្តាញ្ញូតាធម៌ជូនចំពោះក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គិសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានផ្តល់នូវកិច្ចសហការជិតស្និទ្ធជាមួយគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណដល់បេក្ខជនប្រឡង និងមាតាបិតាដែលបានចូលរួមអនុវត្ត និងគាំទ្របទបញ្ញត្តិ វិធានការ និងយន្តការប្រឡងបាក់ឌុប។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងអប់រំ សូមបេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាពនាថ្ងៃស្អែកទី២៨ ធ្នូ ២០២១ និងគ្រប់ដំណាក់កាលនៃការប្រឡងបាក់ឌុប ដើម្បីក្តីសង្ឃឹមរួម និងសុខសុវត្ថិភាពសម្រាប់ទាំងអស់គ្នា៕ ឮ
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner