បេក្ខជនប្រឡងបាក់ឌុបថ្ងៃទី១អវត្តមានជាង៤ពាន់នាក់និងមានបញ្ហាសុខភាព២៩ករណី

រាជធានី​ភ្នំពេញ​៖​ក្រសួង​អប់រំ​យុវជន និង កីឡា​បានឱ្យដឹងថា​ចំនួន​បេក្ខជន​អវត្តមាន​ក្នុងការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ហៅ​បាក់​ឌុប​នៅ​ថ្ងៃទី​១​មាន​ចំនួន​សរុប​៤២២៤​នាក់ (​ស្រី​១៧៩៤​នាក់​) ត្រូវជា​៣,៧ ភាគរយ ។​


បើតាម​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៧​ធ្នូ​នេះ​ថា​ថ្ងៃទី​១ នៃ​ការប្រឡង​សញ្ញាបត្រ​​បាក់​ឌុប សម័យ​ប្រឡង​៖ ២៧ ធ្នូ ២០២១ បានបញ្ចប់​ទៅដោយ​ជោគជ័យ មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរឱ្យកត់សម្គាល់​ឡើយ ដោយ​បេក្ខជន​បាន​គោរព​តាម​បទ​ប្បញ្ញត្តិ​ដែល​ដាក់ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​
ទោះបីយ៉ាងណា​ក្រសួង​អប់រំ​បានឱ្យដឹង​ដែរ​ថា​ចំពោះ​បេក្ខជន​ប្រឡង​នៅតាម​មណ្ឌល​ប្រឡង​មួយចំនួន​តូច មាន​បញ្ហា​សុខភាព​នៅក្នុង​អំឡុងពេល​ដំណើរការ​សំណេរ​នា​ថ្ងៃ​ដំបូង​នេះ​។ បញ្ហា​សុខភាព​របស់​បេក្ខជន រួមមាន​អាកា​រៈ​វិលមុខ ខ្យល់គរ ក្អួត និង​បានទទួល​ការជួយ​សង្គ្រោះ​បឋម ពី​សំណាក់​ក្រុមគ្រូពេទ្យ​ប្រចាំការ នៅតាម​មណ្ឌល​ប្រឡង ដើម្បី​អាច​ត្រឡប់​ចូលរួម​បន្ត​ការប្រឡង​បាន​។​


ក្រសួង​បានបញ្ជាក់​បន្ថែមថា​បេក្ខជន​មាន​បញ្ហា​សុខភាព ចំនួន ២៩​ករណី ក្នុងនោះ​បេក្ខជន​មាន​ជំងឺ​កូ​វីដ​-១៩ ដែលជា​កីឡាការិនី ចំនួន ២​នាក់ បេក្ខជន​មាន​កម្តៅ​លើស​ធម្មតា ដែល​ត្រូវ​ដាក់អោយ​ប្រឡង​នៅ​បន្ទប់​ដាច់ដោយឡែក​ចំនួន​៧​នាក់ និង​បេក្ខជន​មាន​បញ្ហា​សុខភាព​ដ៏ទៃទៀត​ចំនួន​២០​នាក់​។ បេក្ខជន​ដែលមាន​បញ្ហា​សុខភាព និង​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ អាច​បន្ត​ការប្រឡង​រហូតដល់​ចប់ ក្រោម​ការយកចិត្តទុកដាក់​ពី​គណៈមេប្រយោគ ភ្នាក់ងារ​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​។ នៅក្នុង​ដំណើរការ​ប្រឡង​នា​ថ្ងៃទី​១ នេះ​ក៏មាន​គណៈមេប្រយោគ​ចំនួន​២​នាក់ ផងដែរ​ដែលមាន​បញ្ហា​សុខភាព​។


ក្រសួង​ឲ្យ​ដឹង​ដែរ​ថា​បេក្ខជន​ប្រឡង​ឆ្នាំនេះ មាន​ចំនួន​១១៤ ១៨៣​នាក់ ស្រី​៦០៣៩៧​នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់ ។ ចំនួន​បេក្ខជន​អវត្តមាន​ថ្ងៃនេះ​មាន​ចំនួន​៤២២៤​នាក់ (​ស្រី​១៧៩៤​នាក់​) ត្រូវជា​ភាគរយ​៣,៧ ភាគរយ​។ សម្រាប់​ការប្រឡង​នា​ថ្ងៃទី​១​នេះ ថ្នាក់​វិទ្យាសាស្ដ្រ​បាន​ប្រឡង​មុខវិជ្ជា​ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា និង​ភាសាបរទេស ចំណែកឯ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម​បាន​ប្រឡង​មុខវិជ្ជា​ផែនដី និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និង​ភាសាបរទេស​។​
ក្រសួង​ថា​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ មានដំណើរ​ការល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ បេក្ខជន​អនុវត្តតាម​បទ​ប្បញ្ញត្តិ វិធាន​សុខភាព​និង​សុវត្ថិភាព និង​សេចក្ដីណែនាំ​ប្រតិបត្តិ​នានា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គ្មាន​ការយក​សំណៅ​ឯកសារ ឬ​ឧបករណ៍​អេឡិចត្រូនិក ចូលក្នុង​មណ្ឌល និង​បន្ទប់​ប្រឡង​ឡើយ​។ បេក្ខជន​ទាំងអស់​បាន​អនុវត្ត​យ៉ាង​ល្អ និង​ខិតខំ​ប្រឹងប្រែង ក្នុង​ការធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។


ជាមួយគ្នា​នោះដែរ​គណៈមេប្រយោគ​ទូទាំងប្រទេស គណៈ​អប្បមាទ​ទូទាំងប្រទេស ជំនួយការ​អប្បមាទ ប្រធាន អនុប្រធាន​មណ្ឌល គណៈកម្មាការ​កណ្ដាល គណៈកម្មាការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស មានការ​ចិត្ត​យក​ទុកដាក់​បំពេញភារកិច្ច ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់ ដោយមាន​ការចូលរួម​សហការ​ពី អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​៕​ដោយ​៖​ម៉ា​ដេប៉ូ​

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner