ឯកឧត្តម ជាវ តាយ ចុះពិនិត្យការដ្ឋានសាងសង់ទីលានគ្រប់គ្រងសំណល់រឹង ក្រុងពោធិ៍សាត់

ពោធិ៍សាត់ ៖ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទីតាំងនៃការដ្ឋានសាងសង់ទីលានគ្រប់គ្រងសំណល់រឹង ក្រុងពោធិ៍សាត់ ដែលកំពុងដំណើរការសាងសង់ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា អនុគម្រោងទី២ ទីលានទុកដាក់សម្រាមនេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យសាងសង់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមថវិកាកម្ចីសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រមាណ ១លាន និង ៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលទទួលការសាងសង់ដោយក្រុមហ៊ុន អ៉ឹង ស៊ឹមស៊ា ខនស្ត្រាក់សិន លើផ្ទៃដីប្រមាណជាង ១៥ហិកតា ចាប់អនុវត្តតាំងពីខែមេសា ឆ្នាំ២០២០កន្លងទៅ រហូតមកទល់បច្ចុប្បន្ន សម្រេចការងារបានប្រមាណ ៩៨.០៥%ហើយ (ការងារដើម+ការងារបន្ថែមលើកទីមួយ+ការងារបន្ថែមលើកទីពីរ)។ សកម្មភាពសាងសង់សំខាន់ៗដែលសម្រេចបានរួមមាន ផ្លូវចូលទីលាន ១០០%, ផ្លូវខាងក្នុងទីលាន ១០០%, របងថ្មីព័ទ្ធជុំវិញការដ្ឋាន ១០០%, រណ្តៅទុកដាក់សំរាមទីមួយ និងទីពីរ ១០០%, អគាររដ្ឋបាល ១០០%, ឃ្លាំងសម្រាប់ហាល ឬស្តុកកករខាប់(ភក់) ៧០%, ប្រព័ន្ធប្រមូលចូលអាងចម្រោះទឹករងៃ ១០០%, អាងចម្រោះទឹករងៃ២កន្លែង ១០០%, ដាំដើមឈើ និងការផ្គត់ផ្គង់ថាមពល ដាក់បង្គោលភ្លើង ១០០%, ស្រះបំលែងក្លិនទឹកជាដំណាក់ៗ ដោយដាំរុក្ខជាតិជំនួយមុនបង្ហូរចូលទៅចំរោះក្នុងដី ៨១% និងអាងចម្រោះទឹកដែលហូរពីស្រះបំលែងដោយរុក្ខជាតិ និងព្លឺថ្ងៃ (SOAKAWAY) ១០០%, ច្រកទ្វារចេញចូល និងផ្លាកការដ្ឋាន ៥០%, កន្លែងថ្លឹងរថយន្តដឹកសំរាមមុនចាក់ចូលរណ្តៅ ៤៤.៥២% និងអគារស្នាក់នៅ របស់កម្មករប្រមូលសំរាម និងទុកដាក់របស់រឹងបណ្តោះអាសន្ន ៥.៨១% ។

ឯកឧត្តម ជាវ តាយ បានលើកឡើងថា បញ្ហាអនាម័យបរិស្ថាន ក៏ដូចជាទីលានកន្លែងទុកដាក់ និងចាក់សំរាម គឺជាជំងឺសង្គមដ៏សំខាន់ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែជំរុញ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរួមចំណែកធ្វើឱ្យបរិស្ថានទីក្រុង និងទីប្រជុំជនបានកាន់តែល្អប្រសើរ ។

ដោយឡែកសម្រាប់ទីក្រុងពោធិ៍សាត់បច្ចុប្បន្ន បញ្ហាសំរាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាមទារឱ្យរដ្ឋបាលខេត្ត ត្រូវតែយកចិត្តទុកដាក់ ពីទីកន្លែងសម្រាប់ទុកដាក់សំរាម ទៅថ្ងៃអនាគត។

ជាមួយគ្នានោះ ឯកឧត្តម ជាវ តាយ ក៏បានណែនាំឱ្យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាសហការជាមួយក្រុមហ៊ុនម៉ៅការឱ្យបានល្អ ដើម្បីឱ្យដំណើរការនៃការកសាងគម្រោង ទីលានគ្រប់គ្រងសំណល់រឹងនេះ បានលឿន និងឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់រដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់អនាម័យ បរិស្ថាន ក្នុងក្រុងពោធិ៍សាត់ ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner