វិទ្យាស្ថាន ខុងជឺ នៃ សាកលវិទ្យាល័យបាត់ដំបង (NUBB) បានប្រារព្ធខួបពីរឆ្នាំនៃការបង្កើតវិទ្យាស្ថាន របស់ខ្លួន នៅក្នុងខេត្តបាត់ដំបង (មានវីដេអូ)

       នៅក្នុងពិធីអបអរសាទរខួបពីរឆ្នាំនៃការបង្កើតវិទ្យាស្ថាន ខុង ជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត សំ រ៉ានី សហនាយកវិទ្យាស្ថានខុងជឺនិងជាសកលវិទ្យាធិការង NUBB បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ បំផុតចំពោះឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជា សហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង(ភាគីកម្ពុជា)និងលោកជំទាវ និងថ្នាក់ដឹកនាំ នៃសកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងវត្តមានថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមនៅក្នុងពិធីនេះ។

           លោកបណ្ឌីត សំ រ៉ានី បានថ្លែងថា:វិទ្យាស្ថានខុងជឺ បានដើរតួនាទីដ៏សំខាន់ក្នុងការរឹតនូវចំណងស្ពានមិត្តភាព សាមគ្គីភាព រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលធ្លាប់មានប្រវត្តិសាស្ត្រនិងអរិយធម៌ដ៏រុងរឿងយូរអង្វែងជាមួយគ្នានឹងជាស្ពានចម្លងមួយដោយធ្វើសមាហរណកម្មចំណុចខ្លាំងៗនៃភាគីទាំងពីរ ដើម្បីលើកកម្ពស់ការអប់រំថ្នាក់ឧត្តមសិក្សា និងធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រពហុជំនាញ សម្រាប់សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) និងសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិក គួយលីន ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៃសាកលវិទ្យាល័យទាំងពីរ ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងតំបន់។

      នៅក្នុងឆ្នាំ២០២២នេះ វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង នឹងសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង ដោយបានបើកថ្នាក់រៀនភាសាចិន ទៅកាន់វិទ្យាល័យគោលដៅ រួមមាន:វិទ្យាល័យពេជ្រចិន្តា ជាដើម។ ហើយកន្លងមកវិទ្យាស្ថានខុងជឺក៏បានបង្កើតមជ្ឈមណ្ឌលបង្រៀនភាសាចិន ចំនួនពីរ នៅក្នុងក្រុមហ៊ុនឯកជនរបស់ចិន ដូចជា៖ក្រុមហ៊ុនបាត់ដំបង ខនស៍ស៊ីមេននិងក្រុមហ៊ុនវិនិយោគផលិតឪសថហូណាន អឺរកាង(កម្ពុជា)និងមានអ្នកសិក្សាសរុបជាង១០០នាក់ផងដែរ។

        លោកបណ្ឌីត សំ រ៉ានី  បានថ្លែងគូសបញ្ជាក់ទៀតថា៖ តួនាទីរបស់វិទ្យាស្ថានខុងជឺ នៃ សាកលវិទ្យាល័យជាតិបាត់ដំបង រួមមាន -ការផ្តល់សេវកម្មបង្រៀនភាសាចិនគ្រប់កម្រិតដល់សាធារណជនទូទៅ។-ធ្វើការបណ្តុះបណ្តាលគរុកោសល្យដល់គ្រូបង្រៀនភាសាចិនគ្រប់កម្រិត។-បើកថ្នាក់រៀនភាសាចិន តាមគ្រឹះស្ថានអប់រំនិងអង្គភាពឯកជននានា។

– រៀបចំការប្រឡងតេស្តភាសាចិនអន្តរជាតិ និង ផ្តល់វិញ្ញាបនបត្រគ្រូបង្រៀនភាសាចិននូវកម្រិតអន្តរជាតិ។

– ផ្តល់ការប្រឹក្សាយោបល់អំពីព័ត៌មានសង្គម សេដ្ឋកិច្ច វប្បធម៌ និងការអប់រំ ពីប្រទេសចិន។-ធ្វើការសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិតរួមគ្នា។

– រៀបចំកម្មវិធីអាហារូបករណ៍ ថ្នាក់បណ្ឌិត នៅប្រទេសចិន។ និង-អាហារូបករណ៍ ភាពជាអ្នកដឹកនាំវ័យក្មេង។

          លោកសាស្ត្រាចារ្យ យី យុងហ៊្សុង Yi Yong zhong សហនាយកវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងថាៈវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខែធ្នូឆ្នាំ២០១៩ និងក្រោយពីមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាអស់រយៈពេលពីរឆ្នាំមកនេះវិទ្យាស្ថានខុងជឺ មានគ្រូបង្រៀនភាសាចិនអន្តរជាតិចំនួន១៦រូប ក្នុងនោះមានសាស្ត្រាចារ្យបណ្ឌិត៣រូប និងអនុបណ្ឌិតចំនួន១៣រូប។វគ្គសិក្សាភាសានិងវប្បធម៍ចិនត្រូវបានបង្កើតឡើង ចំនួន៣កម្រិត។ ក្នុងនោះដូចជា៖ ថ្នាក់សិក្សាកម្រិតមូលដ្ឋាន,ថ្នាក់សិក្សាកម្រិតមធ្យមនិងថ្នាក់សិក្សាកម្រិតខ្ពស់ដើម្បីបំពេញតម្រូវការសម្រាប់និស្សិតមហាវិទ្យាល័យ សិស្សមធ្យមសិក្សា និងបឋមសិក្សាក៏ដូចជាសាធារណៈជនទូទៅគ្រប់មជ្ឈដ្ឋាន។បច្ចុប្បន្ននេះវិទ្យាស្ថានមានសិស្សកើនឡើង ជាង ១.០០០នាក់ គួរឱ្យកត់សម្គាល់។

         លោកសាស្ត្រាចារ្យ យី យុងហ៊្សុង បានថ្លែងសង្កត់ធ្ងន់បន្ថែមថា៖ ដើម្បីសម្រេចនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” វិទ្យាស្ថានខុងជឺបានផ្តល់ជំនួយ ដល់សាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងការបើកដំណើរការនូវដេប៉ាតដីម៉ង់”ភាសាចិន”ហើយត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ។

     លោកសហនាយកវិទ្យាស្ថានខុងជឺ បានសង្កត់ធ្ងន់ទៀតថា៖ ដោយជម្នះនូវការលំបាក ជាមួយគ្នាក្នុងបរិបទនៃការរីករាលដាលជំងឺកូរីដ-19 បានដោយជោគជ័យ និងរួមគ្នាបង្កើតឡើងនូវភាពត្រចះត្រចង់ដោយទទួលបាននូវសមិទ្ធផលជាច្រើនក្នុងការបង្រៀននិងពីការផ្លាស់ប្តូរនូវវប្បធម៍រវាងប្រទេសទាំង២។ហើយទាំងនេះ ក៏មិនអាចកាត់ផ្តាច់ចេញ ពីការគាំទ្រ និងការជួយពីសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិក”គួយលីន” និងសាកលវិទ្យាល័យជាតិបាត់ដំបងនិងអង្គភាពពាក់ព័ន្ធផ្សេងទៀត  ព្រមទាំងពីឥស្សរជន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសចិនផងដែរដែលបានផ្តល់ការគាំទ្រនិងជួយដល់ការអភិវឌ្ឍន៍ និងការរីកចម្រើន របស់វិទ្យាស្ថានខុងជឺ កន្លងមកនេះ។

    ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជា សហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង(ភាគីកម្ពុជា)បានថ្លែងថា៖ក្នុងឱកាសឆ្នាំថ្មី២០២២នេះ គឺជាការបើកទំព័រថ្មីមួយសម្រាប់ការពង្រឹងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។ហើយវិទ្យាស្ថានខុងជឺនេះ គឺជាការបង្កើតឡើង តាមរយៈកិច្ចព្រមព្រៀង រវាង សាកលវិទ្យាល័យអេឡិចត្រូនិក គួយលីន និង សាកលវិទ្យាល័យជាតិបាត់ដំបង។

      ឯកឧត្តមសាកលវិទ្យាធិការNUBB បានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា ដែលបានគាំទ្រដល់ការបង្កើត វិទ្យាស្ថានខុងជឺ នេះឡើង។  

      ឯកឧត្តម សុខ ឃន បានបញ្ជាក់ទៀតថា៖នៅក្នុងឆ្នាំ ២០២១-២០២២ សាកលវិទ្យាល័យជាតិបាត់ដំបងនឹងបញ្ចូលភាសាចិនកម្រិតមូលដ្ឋាននៅក្នុងកម្មវិធីអប់រំកម្រិតបរិញ្ញាបត្រ ចាប់ពីឆ្នាំទី២ ដោយមានកិច្ចសហការពីវិទ្យាស្ថានខុងជឺ និងដេប៉ាតឺម៉ង់ភាសាចិន នៃ វិទ្យាស្ថានភាសាបរទេស របស់សាកលវិទ្យាល័យជាតិបាត់ដំបង ផងដែរ។

        ឯកឧត្តម សាកលវិទ្យាធិការនៃដាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងដោយសង្កត់ធ្ងន់ទៀតថា៖ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់សាធារណរដ្ឋប្រជាមានិតចិន និងក្លាយជាប្រទេសមួយដែលជាគោលដៅសម្រាប់ការធ្វើវិនិយោគទុននិងធុរកិច្ច លើគ្រប់វិស័យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហើយថ្មីៗនេះ រដ្ឋាភិបាលទាំងពីរ ក៏បានដាក់ចេញនូវគោលដៅថ្មីជាយុទ្ធសាស្ត្រ ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យរវាងចិន-កម្ពុជា ឲ្យឈានដល់១០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ខាងមុខនេះ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner