សម្តេចតេជោ ហ៊ុន សែន ស្នើដាក់ទិវា២៩ធ្នូ ក្នុងប្រតិទិនរំលឹកការចងចាំថ្ងៃបញ្ចប់សង្គ្រាមស៊ីវិល (Video Inside)

សម្តេចតេជោបានស្នើរកការដាក់ទិវា២៩ធ្នូនៃព្រឹត្តិការណ៍បញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជាបញ្ចូលក្នុង ប្រតិទិនប៉ុន្តែនឹងមិនចាត់ទុកថាជាថ្ងៃសម្រាកនោះឡើយ។ ថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ គឺ២៣ឆ្នាំមុននេះ នយោបាយ ឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោហ៊ុនសែន បានបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រ ទេសកម្ពុជា។

ទិវា ២៩ធ្នូ នៃនយោបាយឈ្នះឈ្នះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការបញ្ចប់តំបន់អបគមន៍ និងការធ្វើអស់សង្គ្រាមក្នុង ប្រទេសកម្ពុជាជាលើកដំបូង ដែលមិនធ្លាប់កើតមានឡើយក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងមកនេះ។ ប្រសាសន៍ ស្នើដាក់ទិវា២៩ធ្នូចូលក្នុងប្រតិទិនសម្រាប់ចាប់ពីឆ្នាំក្រោយៗនោះ បានធ្វើឡើងនៅថ្ងៃទី២៩ធ្នូនេះ ក្នុងឱកាស សម្ពោធទីស្តីការថ្មីនៃក្រសួងការពារជាតិតម្លៃជិត៣០លានដុល្លារ។

សង្គ្រាមស៊ីវិលបញ្ឆេះដូចអតីតរបបសាធារណរដ្ឋខ្មែរលោក លន់ នល់ គាំទ្រដោយសហរដ្ឋអាមេរិកថ្ងៃទី១៨មីនា ឆ្នាំ១៩៧០ក្នុងការផ្តួលរំលំអតីតរបបសង្គមរាស្ត្រនិយមដឹកនាំដោយព្រះមហាវីរក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហនុ បានធ្វើឱ្យពលរដ្ឋខ្មែរស្លាប់និងព្រាត់ប្រាស់សាច់ញាតិបងប្អូនយ៉ាងសែនវេទនា។ ផ្តើមពីការបញ្ឆេះ សង្គ្រាមថ្ងៃទី១៨មីនាឆ្នាំ១៩៧០នោះហើយ បាននាំកម្ពុជាធ្លាក់ចូលក្នុងអតីតរបបកម្ពុជាប្រជាធិបតេយ្យខ្មែរ ក្រហម៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលធ្វើឱ្យពលរដ្ឋស្លាប់ច្រើនលាននាក់។

សង្គ្រាមបានបន្តក្រោយថ្ងៃរំដោះទី៧មករាឆ្នាំ ១៩៧៩ដោយសារតែសហគមន៍អន្តរជាតិបន្តព្រងើយកន្តើយចំពោះកម្ពុជា។ សហគមន៍អន្តរជាតិ មិនត្រឹមតែមិន ជួយឈឺឆ្អាលកម្ពុជានាពេលនោះ ប៉ុន្តែថែមទាំងបានដាក់ទណ្ឌកម្មលើកម្ពុជា ធ្វើឱ្យកម្ពុជាដែលក្រីក្រកាន់តែធ្លាក់ ចុះដុនដាបថែមទៀត។ ក្រោយការជួយអន្តរាគមន៍ដោយបេសកកម្មអង្គការសហប្រជាជាតិ, ភាគីកម្ពុជាដែល ឈ្លោះប្រកែកគ្នា បានចុះកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣តុលាឆ្នាំ១៩៩១​ ដើម្បីបញ្ចប់សង្គ្រាមនិងរកសន្តិភាព សាឡើងវិញ។

កម្ពុជាបានរៀបចំការបោះឆ្នោតសាកលលើកដំបូងខែឧសភាឆ្នាំ១៩៩៣ ប៉ុន្តែភាគីខ្មែរក្រហម បែរជាដកខ្លួនចេញពីការបោះឆ្នោត, ហើយភ្លើងសង្គ្រាមស៊ីវិល បានបន្តឆាបឆេះថែមទៀត។ ក្រោយបេសកកម្មអ៊ុនតាក់ដកចេញពីកម្ពុជានិងដោយសារតែអ៊ុនតាក់មិនអាចបំពេញតាមការសន្យាធ្វើឱ្យប្រ ទេសកម្ពុជាទទួលបានសន្តិភាពនោះ, ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាដើមឆ្នាំ១៩៩៦ បាន ដាក់ចេញនូវនយោបាយឈ្នះឈ្នះ និងរហូតដល់ថ្ងៃទី២៩ធ្នូឆ្នាំ ១៩៩៨ កម្ពុជាបានពន្លត់ភ្លើងសង្គ្រាមស៊ីវិលនេះ បានទាំងស្រុង និងសន្តិភាពពិតប្រាកដបានចាប់មានតាំងពីពេលនោះមក៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner