អាជ្ញាធរស្រុកស្រីស្នំសហការ ជាមួយរមណីយដ្ឋានស្រីស្នំភូមិខ្ញុំ បានរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូល ឆ្នាំ២០២២ ដើម្បីអបអរសាទរឆ្នាំថ្មី ជាលើកទីមួយហើយសម្រាប់ស្រុកនេះ
សៀមរាប៖ អាជ្ញាធរស្រុកស្រីស្នំសហការ ជាមួយរមណីយដ្ឋានស្រីស្នំភូមិខ្ញុំ បានរៀបចំព្រឹត្តិការណ៍កឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូល ឆ្នាំ២០២២ ដើម្បីអបអរសាទរឆ្នាំថ្មី ជាលើកដំបូងហើយសម្រាប់ស្រុកនេះ ដែលមានរយៈពេល ២យប់ ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅរមណីយដ្ឋានស្រីស្នំភូមិខ្ញុំ ក្នុងភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ។
ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត មានប្រសាសន៍ ក្នុងពិធីដាំកូនឈើនៅមណ្ឌលដូនសុខ ស្ថិតនៅភូមិសាលា ឃុំស្លែងស្ពានថា នៅឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជានឹងមានការរៀបចំបោះឆ្នោះដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជាក់ស្តែងនាពេលនេះ ដែលក្រុមការងារយុវជនខេត្តចុះជួយស្រុកស្រីស្នំ បានរួបរួមសាមគ្គីគ្នា ដើម្បីចូលរួមអបអរសាទរឆ្លងឆ្នាំសកលជាមួយកម្មវិធីជិះកង់ដាំកូនឈើធ្នុងចំនួន ២០០ដើម នៅមណ្ឌលសុខភាពដូនសុខ ក្នុងគោលបំណងលើកស្ទួយថែរក្សបរិស្ថាននៅប្រទេសកម្ពុជាយើងឲ្យបានល្អប្រសើរថែមទៀត។
ឯកឧត្តមកោតសរសើរចំពោះក្រុមការងារបក្សស្រុក ក៏ដូចជាបក្សខេត្ត កន្លងមកតែងតែសហការគ្នាបានយ៉ាងល្អក្នុងការអភិវឌ្ឍន៍ស្រុកឲ្យមានការរីកចំរើនជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានលះបង់ស្វះស្វែងគ្រប់បែបយ៉ាង ដើម្បីសុខសន្តិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ។
លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ មានប្រសាសន៍ថា នៅស្រុកស្រីស្នំនេះ ជាលើកទី០១ហើយ ដែលយើងបានធ្វើពិធីបុណ្យឆ្លងឆ្នាំដោយសហការជាមួយរមណីយដ្ឋានស្រីស្នំភូមិខ្ញុំ ដើម្បីជម្រុញក៏ដូចជាការបង្ហាញឲ្យដៃគូរ និងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនវិស័យឯកជន អាចមកជួយ ឬក៏មកវិនិយោគនៅក្នុងស្រុកស្រីស្នំនេះ ដើម្បីឲ្យប្រែក្លាយទៅតំបន់អភិវឌ្ឍន៍ដែលមានសក្តានុពលជាច្រើនកន្លែង ក្នុងគោលបំណងលើកស្ទួយដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាផ្នែកមួយដ៏សំខាន់ដើម្បីទាក់ទាញអ្នកទេសចរណ៍គ្រប់មជ្ឈដ្ឋាន ឲ្យមកសិក្សាស្វែងយល់ពីតំបន់អរិយធម៍ វប្បធម៍ជាដើម។ ចំពោះការដើរកំសាន្តលក្ខណៈគ្រួសារក្តី ជាក្រុមៗក្តី ទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិនានានៅក្នុងស្រុកស្រីស្នំនេះ ពាក់ព័ន្ធសន្តិសុខសុវត្ថិភាព គឺមិនមានការព្រួយបារម្មណ័ឡើយ ដោយសារតែមានអាជ្ញាធរ សមត្ថកិច្ចដែនដី ពួកគាត់មានការទទួលខុសត្រូវខ្ពស់ ដូច្នេះ ការបោះតង់សម្រាកលំហែកាយ និងការជិះកង់កំសាន្តតាមតំបន់រមណីយដ្ឋានមិនមានអ្វីភ័យខ្លាឡើយ។
លោក ជា រតនៈ ជាម្ចាស់ស្ថាបនិកស្រីស្នំភូមិខ្ញុំ បានលើកឡើងថា ការបង្កើតនៅព្រឹត្តិការណ៍ឆ្លងឆ្នាំសកល នាពេលនេះ យើងមានកម្មវិធីជាច្រើនដូចជា ជិះកង់សាមគ្គីរួមគ្នាដាំកូនឈើ ជិះគោយន្តទស្សនាព្រៃសហគមន៍ ជិះទូកម្សាន្តនៅទំនប់ស្ទឹងស្រែង បោះតង់លក្ខណ:គ្រួសារ ឬជាក្រុមៗ នឹងដើរឡើងភ្នំស្រីស្នំ គយគន់មើលទេសភាពដ៨ស្រស់ត្រកាល រាំធុងបាស់ រាំស្គរដៃ មានម្ហូបអាហារប៊ូហ្វេឆ្ងាញ់ៗ ដែលជាចំណែកមួយដើម្បីចូលរួមលើកកម្ពស់ជីវភាពការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ លោក បន្តទៀតថា នៅទីនេះ យើងមានសេវាកម្មល្អប្រកបដោយផាសុខភាព តម្លៃសមរម្យអាចទទួលយកបាន នឹងមានកន្លែងកន្លែងថតរូបអនុស្សាវរីយ៍ស្អាតៗជាច្រើនទៀត យើងអាចសាកភ្លុករស់ជាតិម្ហុបឆ្ងាញ់ៗ អ្វីជាពិសេសនោះ គឹយើងមានគម្រោងបង្កើតសហគមន៏កសិទេសចរណ៍ដែលមានផលប្រយោជន៍រួមទាំងអ្នកលក់ទាំងអ្នកទិញ ផ្នែកវិស័យកសិកម្ម មិនថាដំណាំហូបផ្លែ ឬបន្លែត្រីសាច់ ដែលប្រជាជនយើងអាចផលិតបានគ្រប់បែបយ៉ាង យើងជួយទិញពួកគាត់ផង នឹងជួយរកទីផ្សារឲ្យពួកគាត់ថែមទៀត។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងបន្ថែមថា គោលដៅសំខាន់ៗនៃដំណើរកម្សាន្តរួមមាន រមណីយដ្ឋានអង្គរ ប្រហែលជា ១៧ម៉ឺននាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនប្រហែល ៥ពាន់នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានប្រហែលជា ១៤ពាន់នាក់ ការជួបជុំគ្នាកម្សាន្តរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប រួមមាននៅតំបន់ផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ ៕ ដោយ៖ ស៊ាន សុផាត