កម្ពុជាដណ្តើមបានមេដាយមាសពិភពលោកលើកីឡាប៉េតង់ ៥សម័យកាលជាប់គ្នា។ ៤សម័យកាលដណ្តើមបានដោយកីឡាការិនី កែវ ឡេង និង១សម័យកាលដោយ អ៊ុក ស្រីមុំ។
ការដណ្តើមបានមេដាយមាសពិភពលោក របស់កីឡាការិនី អ៊ុក ស្រីមុំ ក៏ដូចជាកីឡាករ កីឡាការិនីដទៃទៀត ជាកិត្តិយសរបស់ជាតិទាំងមូល។
ការចេញប្រកួតរបស់កីឡាករ កីឡាការិនី គឺជាការតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំង១៦លាននាក់។ អាស្រ័យហេតុនេះហើយ ដែលសម្តេចតែងតែទូន្មាន និងអប់រំ ដល់កីឡាករ កីឡាការិនី ពេលចេញប្រកួតត្រូវរក្សាភាពថ្លៃថ្នូរ និងគោរពលក្ខខន្តិកៈការប្រកួត។
សម្តេចតេជោ បានរំលឹកអរគុណដល់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងសម្តេចក្រឡាហោម ស ខេង ដែលបានប្រឹងប្រែងជំរុញកសាងកីឡាប៊ូល និងប៉េតង់ឡើង។
កម្ពុជាទទួលបានមេដាយលើកីឡាប៊ូល និងប៉េតង់សរុប៣៧០។ ក្នុងនោះមេដាយមាស១០៨ ប្រាក់១៣១ និងសំរឹទ្ធ១៣១។
វិស័យកីឡាកម្ពុជា កំពុងដើរតាមលំអាននៃព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះបរមរតនកោដ្ឋ ដោយព្រះអង្គយកទឹកព្រះទ័យខ្ពស់លើវិស័យកីឡា រហូតឈានទៅសាងសង់ពហុកីឡដ្ឋានអូរឡាំពិក។