ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសែន បង្កើនជីវភាពគ្រួសារជាមួយមុខរបរផលិតត្រីឆ្អើរ

ខេត្តកំពង់ធំ​៖​នៅ​រដូវ​ធ្លាក់​ខ្យល់ ទឹក​ស្រក ត្រី​ចាប់ផ្តើម​សម្បូរ ប្រជាពលរដ្ឋ​នៅ​សហគមន៍​ទួល​នាង​សាវ​ផ្លូវ​លួង ស្ថិតនៅក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ លើ​ដង​ស្ទឹងសែន​បាន នាំគ្នា​ទៅរក​ត្រី​តាមរយៈ​ឧ​បរ​ណ៍​ប្រពៃណី ដូចជា​ដាក់មង បង់សំណាញ់ ជាដើម ដើម្បី​ផលិត​ជា​ត្រីឆ្អើរ​។ មុខរបរ​នេះ បាន​បន្ត​តាំងតែ​ដូនតា​មក ហើយ​បាន​បង្កើន​ជីវភាព​ប្រជាជន​នៅក្នុង​តំបន់​មកដល់​ពេលបច្ចុប្បន្ន​។​


ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ផាត់​សណ្តាយ​នេះ ប្រកបការងារ​ចំបង​គឺ​កសិកម្ម និង​នេសាទ​សម្រាប់​ចិញ្ចឹម​ជីវភាព​និង​លក់​ទៅ​ទីផ្សារ​។ ដោយឡែក​មុខរបរ​ធ្វើ​ត្រីឆ្អើរ ជា​លក្ខណៈ​គ្រួសារ បាន​ចូលរួម​ចំណូល​បន្ថែមទៀត​តាម​លទ្ធភាព​គ្រួសារ​នីមួយៗ​។​
សមាជិកគ្រួសារ​សហគម​ន៍​ទួល​នាង​សាវ​ផ្លូវ​លួង រស់នៅ​ដាច់ៗ​គ្នា​តាម​ដង​ស្ទឹងសែន​ជាប់​បឹង​ទន្លេសាប ។ ក្នុង​រដូវ​នេះ ពួកគាត់​ភាគច្រើន​កំពុង​មមាញឹក​ក្នុង​ការដាក់មង​យក​ត្រី អ្នកខ្លះ​កំពុង​ធ្វើ​ត្រី ខ្លះ​ដោតត្រី​ចូល​ចង្កាក់ និង​ខ្លះទៀត​កំពុង​ឆ្អើរត្រី​។​


អ្នកស្រី ផឹ​ម ផល សម​ជិ​ក​មួយរូប​នៃ​សហគមន៍​ទួល​នាង​សាវ​ផ្លូវ​លួង បាន​បញ្ជាក់ថា ត្រី​ដែល​យកមក​ធ្វើ​ត្រីឆ្អើរ​នេះ​មាន​ប្រភេទ ត្រី​រៀល ត្រី​កែស ត្រី​ចង្វារ ត្រី​ក្លាំងហាយ ត្រី​កញ្ចុះ ត្រី​ត្រឱន ត្រី​កន្ទុយ​ក្រហម និង​ត្រី​លិញ​ជាដើម​។ គ្រួសារ​អ្នកស្រី បាន​ទៅ​រាយ​មង​ចាប់បាន​តាម​ដង​ស្ទឹងសែន និង​មាន​មួយចំនួនទៀត បាន​ទិញ​ពី​អ្នកភូមិ ដើម្បី​ផលិត​ជា​ត្រីឆ្អើរ​សម្រាប់​លក់​ចេញទៅ​កាន់​ទីផ្សារ​នានា​។​


ស្ត្រី​ដែល​ប្រកប​របរ​ធ្វើ​ត្រីឆ្អើរ​លក់​មិនតិចជាង​២០​ឆ្នាំ​មកហើយ​រូបនេះ​បានដឹងថា​បច្ចុប្បន្ននេះ ត្រីឆ្អើរ​ដែល​អ្នកស្រី​ធ្វើបាន​ក្នុង​១​ថ្ងៃៗ​ចាប់ពី​២០​គីឡូក្រាម​ទៅជា​ង​១០០​គីឡូក្រាម គឺ​ទៅតាម​ថ្ងៃ​ណា​ដែលមាន​ត្រី​តិច​ឬ​ច្រើន​។ ក្រៅពី​ធ្វើ​ត្រីឆ្អើរ​គាត់​ក៏​ធ្វើ​ប្រហុក ផ្អក និង​ត្រីងៀត​សម្រាប់​ទុក​លក់​ផងដែរ​។​សម្រាប់​ត្រីឆ្អើរ​ជា​ត្រី​ចង្វា​រមូល អាច​លក់បាន​មួយ​ចង្កាក់ ១៥០០​រៀល​និង​បើ​ត្រី​ធំៗ​ជាង​នេះ លក់​មួយ​ចង្កាក់​ចាប់ពី​២០០០-៥០០០​រៀល​។​
អ្នកស្រី ផឹ​ម ផល បានបញ្ជាក់​បន្ថែមថា គាត់​មានកូន​៦​នាក់ សុទ្ធតែ​ប្រក​បរបរ​នេសាទ​។​សម្រាប់​មុខរបរ​ធ្វើ​ត្រីឆ្អើរ​លក់ អាចជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​បានល្អ​ប្រសើរ ហើយ​បាន​បញ្ជូន​កូន​គាត់​ទៅ​រៀន​បាន​ខ្ពស់ និង​ចែក​ផ្ទះសម្បែង​ជូន​កូនៗ​ថែមទៀត​។​


ដោយឡែក លោក ម៉ុក ឃឿន អនុប្រធាន​សហគមន៍​ទួល​នាង​សាវ​ផ្លូវ​លួង បានឱ្យដឹងថា​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​នេះ​មាន​ចំនួន​២៧៧​គ្រួសារ និង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៨០​ភាគរយ​ហើយ​ប្រកប​របរ​នេសាទ​។​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​ទៅលើ​នេសាទ​នេះ​ភាគច្រើន​ប្រកប​របរ​ធ្វើ​ត្រីឆ្អើរ ផ្អក ប្រហុក​លក់​សម្រាប់​ចិញ្ចឹមជីវិត​។​
លោក​បានឱ្យដឹង​បន្ថែមថា ដើម្បី​អភិរក្ស​ត្រី​ឱ្យ​គង់វង្ស​នោះ​សហគមន៍​បានធ្វើ​ការបែងចែក​តំបន់​ឱ្យ​ពលរដ្ឋ​រកត្រី​ដែល​តំបន់​ខ្លះ​សហគមន៍​កំណត់​មិនឱ្យ​រកតែ​ម្តង ដើម្បី​រក្សា​ពូជ​ត្រី តំបន់​ខ្លះ​អាច​រកបាន​តាម​រដូវ និង​តំបន់​ខ្លះទៀត​ពលរដ្ឋ​អាច​រកបាន​ប្រចាំថ្ងៃ​សម្រាប់​ចិញ្ចឹមជីវិត​។​ការបែងចែក​នេះ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​រក្សា​ពូជ​ត្រី​ឱ្យបាន​គង់វង្ស​។​ក្រៅពីនេះ​ចំពោះ​ការនេសាទ​ខុសច្បាប់​ក៏​ត្រូវបាន​លប់បំបាត់​ដែរ​។​


ពាក់ព័ន្ធ​ក្នុង​រឿងនេះ លោក ហេង មនោ មេឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​បានឱ្យដឹងថា ការធ្វើ​ត្រីឆ្អើរ​របស់​ប្រជាពលរដ្ឋ​ធ្វើឡើង​តាម​រដូវ​កាល ហើយ​សម្បូរ​តែ​ខែ​១១​ដល់​ខែ​២​ប៉ុណ្ណោះ​។ ដល់​រដូវប្រាំង​ពុំ​អាច​រកត្រី​បាន​ទៀត​ទេ​។ ពួកគាត់​បាន​ប្រមូល​ផល​ពី​ការនេសាទ​ហើយ​យក​ត្រី​ទាំងនោះ មក​ឆ្អើរ​ទុក​លក់​និង​បរិភោគ​ខ្លួនឯង ព្រោះ​ការធ្វើ​បែបនេះ​អាច​រក្សាទុក​បានយូរ​។​
លោក​ប្រធាន​ក្រុមប្រឹក្សាឃុំ​រូបនេះ បានលើកឡើង​ឱ្យដឹង​បន្ថែមថា បច្ចុប្បន្ន​ពលរដ្ឋ​បាន​យល់ដឹង​ច្រើន​ក្នុងការ​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ ដូចជា​ពួកគាត់​បាន​ចូលរួម​អភិរក្ស​ត្រី ចេះ​ស្រឡាញ់​បរិស្ថាន និង​សម្អាត​អនាម័យ​តាម​ដងស្ទឹង​ធ្វើឱ្យ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ចូល​កម​កម្សាន្ត​តំបន់​នេះ​បន្តបន្ទាប់​។​


គួរបញ្ជាក់​ថា​វិធី​ធ្វើ​ត្រីឆ្អើរ​គឺ​គេ​ត្រូវយក​ត្រី​ស្រស់​ដែល​នេសាទ​បាន​នោះមក​កាត់​ក្បាល ឬ​មិន​កាត់​ក៏បាន​ទៅតាម​ប្រភេទ​ត្រី ហើយ​ត្រូវ​វះ​ពោះ​យក​ខ្លាញ់ត្រី​ចេញ រួចហើយ​យកទៅ​លាង​សម្អាត​ទឹក​ចេញ​ទើប គេ​ចាប់ផ្ដើម​យក​ត្រី​ទាំងនោះ​ទៅ​ដោត​ជាមួយ​ឬ​ស្សី​ធ្វើជា​ចង្កាក់​ងាយស្រួល​ក្នុងការ​ឆ្អើរ​។ ចំពោះ​ការ​ឆ្អើរ​ទៀតសោត គេ​ដុត​ភ្លើង​ពីក្រោម​តិចៗ រហូតដល់​ត្រី​ក្រៀម​ល្អ​សព្វកន្លែង​ទើប​គេ​ប្រមូល​វា​ទុក​។​
សម្រាប់​ត្រីឆ្អើរ​គេ​អាចធ្វើ​ម្ហូប​បាន​ច្រើន​មុខ​ដូចជា បុក​ទឹកគ្រឿង​ត្រីឆ្អើរ​, បុក​ត្រីឆ្អើរ​អំពិល​ទុំ​, ញាំ​ត្រីឆ្អើរ​, ប្រហើរ​ត្រីឆ្អើរ​និង​អាច​ចម្អិន​ជា​សំឡ​ម្ជូរ​ត្រីឆ្អើរ​ជាដើម​៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner