រឿងសញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិ៖ សាកលវិទ្យាល័យ WestPoint ​បញ្ជាក់ថាគ្មានការចេញសញ្ញាបត្រពីរខុសគ្នាទេ

ភ្នំពេញ៖ មន្ត្រីជំនាញផ្នែកកិច្ចការសាធារណផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៃបណ្ឌិតសភាយោធា West Point លោក Francis J DeMaron Jr. បានបញ្ជាក់ថា តម្លៃសញ្ញាបត្រនៅបណ្ឌិតសភាយោធាអាមេរិក West Point គ្មានការបែងចែកឬភាពខុសគ្នារវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ ហើយលោកសង្ឃឹមថាការបញ្ជាក់លើកនេះ នឹងបញ្ចប់ភាពចម្រូងចម្រាសនៃតម្លៃសញ្ញាបត្រសាលារបស់លោកផងដែរ។

នេះបើយោងតាមប្រភពសារអេឡិចត្រូនិកអ៊ីម៉ែលដែលផ្ញើឆ្លើយតបទៅនឹងសំណួររបស់ EAC News នៅថ្ងៃទី៧ ខែមករាឆ្នាំ២០២២។

លោក Francis J DeMaron Jr. បានបញ្ជាក់ថា៖ «អ្នកគ្រប់គ្នាដែលបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក នឹងទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ គឺគ្មានភាពខុសគ្នា ឬការតម្រូវផ្សេងសម្រាប់បេក្ខជន អន្តរជាតិនោះទេ។ ខ្ញុំសង្ឃឹមថានេះអាចជួយបញ្ជាក់ពីភាពចម្រូងចម្រាសបាន»។

ការបញ្ជាក់របស់បណ្ឌិតសភាយោធាអាមេរិកនៅពេលនេះអាចចាត់ទុកជាការបញ្ចប់នូវការលើកឡើងដោយគ្មានអំណះអំណាងរបស់ទណ្ឌិត សម រង្ស៊ី កាលពីកន្លងទៅដែលបានវាយប្រហារមកលើតម្លៃសញ្ញាបត្ររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ថាជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់។

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេចតាជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោកជាជនជាតិខ្មែរដំបូងគេដែលបញ្ចប់ការសិក្សានៅបណ្ឌិតយោធា West Point របស់អាមេរិក ហើយលោកក៏បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យញ៉ូវយ៉ក និងបណ្ឌិតសេដ្ឋកិច្ចនៃសាកលវិទ្យាល័យប្រ៊ីសស្ដុលនៃចក្រភពអង់គ្លេសផងដែរ។

កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅទណ្ឌិត សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរដោយបានលើកឡើងថាស ញ្ញាបត្រដែលឯកឧត្តម ហ៊ុន ម៉ាណែត ទទួលបានទាំងពីសាលាបណ្ឌិតយោធា West Point និងសាកលវិទ្យាល័យញូវយ៉ក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីសស្ដូលនៅចក្រភពអង់គ្លេសគឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។

ដើម្បីការពារពីភាពត្រឹមត្រូវនៃសញ្ញាបត្រខ្លួន ឯកឧត្តម ហ៊ុន ម៉ាណែត បានប្រកាសហៅទណ្ឌិត សម រង្ស៊ី ភ្នាល់គ្នាដាក់«ជីវិតនយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្ភុតាងបញ្ជាក់ថាលោកទទួលបានសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូចដែលសមរង្ស៊ីអះអាងមែន។ ទោះជាយ៉ាងណាក្រោយរង់ចាំពីការភ្នាល់២ថ្ងៃដោយគ្មានការឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ាណែត បានដាក់បន្ថែមមួយទៀតដោយស្នើឱ្យទណ្ឌិត សម រង្ស៊ី ឈប់ធ្វើនយោបាយទៅ ព្រោះទណ្ឌិត សម រង្ស៊ី គ្មានភាពក្លាហានក្នុងការការពារអំណះអំណាងរបស់ខ្លួនដែលបង្ហាញពីភាពមិនមែនជាគំរូដល់ពលរដ្ឋ។

កាលពីថ្ងៃទី៦ខែមករា អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់ EAC News ថាបញ្ហាសញ្ញាបត្រឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩ ដែលមានន័យថាស្ដង់ដារសញ្ញាបត្ររបស់សាលាអាមេរិកមិនមានការបែងចែកស្ដង់ដារកម្រិត២ ឬសញ្ញាបត្រយោគយល់ដូចដែលលោក សម រង្ស៊ី លើកឡើងនោះទេ៕

ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner