អ្នកវិភាគចៅចាក់ស្មុក៖ មីយ៉ាន់ម៉ាមានសំណាងជាងកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ៧០, ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅមីយ៉ាន់ម៉ាដើម្បីបុព្វហេតុសន្តិភាព និងការបង្រួបបង្រួមជាតិ

ភ្នំពេញ៖ ក្រៅពីការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋមីយ៉ាន់ម៉ាស្រឡាញ់សន្តិភាព ពេលនេះប្រទេសមួយចំនួនរួមនឹងបណ្តាឥស្សរជននយោបាយបរទេសបានបង្ហាញពីការគាំទ្ររបស់ខ្លួនយ៉ាងពេញទំហឹងចំពោះកម្ពុជាដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ ដែលបានផ្តួចផ្តើមធ្វើកិច្ចការងារដ៏លំបាកក្នុងបុព្វហេតុសុខសន្តិភាព និងការបង្រួបបង្រួមជាតិរបស់ប្រទេសមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសថៃបានចេញមកផ្ញើសារអបអរសាទរមុនគេទៅកាន់សមភាគីខ្លួនគឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយនៅថ្ងៃបន្តបន្ទាប់មានរដ្ឋាភិបាលនៃប្រទេសចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ក្នុងការជួយសម្របសម្រួលដោះស្រាយវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅថ្ងៃទី១១ ខែមករា នេះ លោកបណ្ឌិត យុន យុងហូ ប្រធានអង្គការសហព័ន្ធសន្តិភាពសកល បានវាយតម្លៃខ្ពស់ខ្ពស់ដោយអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលចូលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២២នេះ និងអបអរសាទរចំពោះទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយលោកបានចាត់ទុកថាជា«ទស្សនកិច្ចសន្តិភាព» ហើយលោកបានស្វាគមន៍ចំពោះលទ្ធផលជោគជ័យ ៣ចំណុច ដែលក្នុងនោះមាន ទី១៖ ការជំរុញយ៉ាងណាឱ្យមានបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ទី២៖ ការគាំទ្រដល់ប្រេសិតពិសេសកម្ពុជា ទៅកាន់មីយ៉ាន់ម៉ា និងទី៣៖ ការសម្របសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

នេះគឺជាការទទួលស្គាល់ និងការអបអរសាទរមួយប្រកប ដោយការលើកទឹកចិត្ត និងបង្ហាញពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់កម្ពុជាក្នុងនាមប្រធានអាស៊ាន និងជាប្រទេសជាមិត្ត ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ដែលឈឺឆ្អាលចំពោះបញ្ហាដែលបាននិងកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ានេះ។ នេះមិនមែនជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាឡើយ តែជាការចូលរួមដោះស្រាយវិបត្តិ និងជាទំនួលខុសត្រូវរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងមិនចង់ឃើញសោកនាដកម្មរបស់ប្រជាជនមីយ៉ាន់ម៉ាបន្តកើតមានពលរដ្ឋស៊ីវិល និងយោធាបន្តបាត់បង់ជីវិតដោយសារតែការវាយប្រយុទ្ធគ្នា ហើយប្រជាពលរដ្ឋជនភៀសខ្លួនកាន់តែច្រើនឡើង និងជនងាយរងគ្រោះត្រូវរងទុក្ខវេទនាដោយសារតែការខ្វះស្បៀង និងថ្នាំសង្កូវសម្រាប់ព្យបាលជំងឺឡើយ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គម្ពីរចំនួន២ ដែលសម្តេចយកទៅប្រើប្រាស់ការចេចាជាមួយ មីយ៉ាន់ម៉ាគឺកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន និងធម្មនុញ្ញអាស៊ាន ខណៈមានគោលបំណងសំខាន់ចំនួន៣យ៉ាងក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ និងទី៨ ខែមករា គឺទី១-បទឈប់បាញ់ ទី២-ការផ្តល់ជំនួយ និងទី៣-ការសន្ទនា។ កិច្ចសន្ទនាដែលនឹងត្រូវបន្តធ្វើជាច្រើនលើកច្រើនសាថែមទៀតជាមួយភាគីពាក់ព័ន្ធនានាដើម្បីឈានទៅបញ្ចប់ទាំងស្រុង ការប្រយុទ្ធគ្នា ព្រមទាំងការផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិឡើងវិញ។

ការបញ្ឈប់ការបាញ់ប្រយុទ្ធគ្នា និងការផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់អ្នកដែលត្រូវការជំនួយសង្គ្រោះ គឺជាកិច្ចការសំខាន់ដែលប្រមុខរាជរដ្ឋាភិបាល បានជ្រើសរើសក្នុងដំណើរទស្សនកិច្ច«ការទូតឈ្នះឈ្នះ»ដើម្បីបុព្វហេតុសន្តិភាព និងការផ្សះផ្សារជាតិមីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានទទួលនូវការបញ្ជាក់ពីសំណាក់ឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាថា ប្រកាសបទឈប់បាញ់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់រហូតដល់ចុងឆ្នាំ២០២២ ហើយលោកបានអំពាវនាវឱ្យភាគីប្រដាប់អាវុធជនជាតិដើមភាគតិចដទៃទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាអនុវត្តបទឈប់បាញ់គ្នាដែរ ទើបអាចទទួលបានជោគជ័យ ព្រោះបើការប្រកាសតែភាគីរដ្ឋាភិបាលតែម្ខាង ហើយភាគីផ្សេងទៀតមិនអនុវត្តក៏មិនទទួលបានជោគជ័យឡើយ។ ហេតុដូច្នេះហើយបានជាសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា អ្នកដែលប្រឆាំងនឹងបទឈប់បាញ់ និងការផ្តល់ជំនួយនៅមីយ៉ាន់ម៉ា គឺជាអ្នកដែលចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្គ្រាម ព្រមទាំងចង់ឱ្យពលរដ្ឋមីយ៉ាន់ម៉ា រស់នៅក្នុងភាពអត់ឃ្លាន។ វាជាការល្អប្រសើរណាស់ ជាមួយនឹងការមិនមានអំពើហិង្សា មិនមានសង្គ្រាមប្រដាប់អាវុធ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលវានឹងបង្កបរិយាកាសអំណោយផលសម្រាប់ឈានខ្ពស់ទៅរកការសន្ទនាក្នុងមីយ៉ាន់ម៉ា និងសម្រាប់ឈានឈ្ពោះទៅរកការបោះឆ្នោត ដែលភាគីខាងមីយ៉ាន់ម៉ាបានកំណត់ថា នឹងធ្វើនៅខែសីហា ឆ្នាំ២០២៣។ បើសិនជាមិនអាចអនុវត្តបានទេ ការបោះឆ្នោតក៏មិនអាចធ្វើទៅបានទេ។ សម្តេចសង្ឃឹមថា ដៃគូអាស៊ានទាំងអស់ នឹងបន្តខិតខំដើម្បីបង្កើតឱ្យមានយន្តការមួយ ប៉ុន្តែរឿងនេះវាមិនអាចបញ្ចប់នៅក្នុងឆ្នាំ២០២២ទេ អឆចនឹងទៅដល់ដៃប្រធានអាស៊ានថ្មី គឺឥណ្ឌូនេស៊ី។ សម្តេចបានលើកឡើងថា កម្ពុជាមានបទពិសោធគ្រប់គ្រាន់ហើយ ឈឺចាប់ពេកហើយ ដោយសារសង្គ្រាមនេះ។ ការទទួលបានសន្តិភាពពេញលេញ នៅកម្ពុជា២៣ឆ្នាំមកនេះ គឺជាប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងរយៈពេល៥០០ឆ្នាំកន្លងមក។

ទោះយ៉ាងណា គេឃើញមានក្រុមអ្នកប្រឆាំងជ្រុលនិយមខ្មែរ ជនជាតិភូមា និងជនបរទេសមួយចំនួនតូចដែលច្រណែននឹងកម្ពុជាបាននាំគ្នាដើរបញ្ច្រាស់ទិសដោយខិតខំបំផ្លាញកិច្ចខិតខំប្រឹងប្រែងធ្វើសន្តិភាវូបនីយកម្មនៅមីយ៉ាន់ម៉ា និងរុញច្រានមីយ៉ាន់ម៉ាឱ្យបន្តស្ថិតក្នុងអស្ថេរភាពនយោបាយ ជម្លោះប្រដាប់អាវុធ អំពើហិង្សា និងការសងសឹករវាងជាតិសាសន៍ និងធ្វើឱ្យមីយ៉ាន់ម៉ាស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមស៊ីវិលពេញទំហឹង ហើយជីវិតមនុស្សនឹងបន្តស្លាប់បាត់បង់ជីវិតជារៀងរាល់ថ្ងៃដោយពួកគេប្រឆាំងនឹងដំណើរសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «អ្នកជេរហ្នឹងក្រុមដដែលហ្នឹង ខ្ញុំជឿថាមានមីយ៉ាន់ម៉ា និងខ្មែរអង្គុយជាមួយគ្នា ដោយសារខម្មិនចូលមកជាភាសាខ្មែរផង និងមីយ៉ាន់ម៉ាផង តើបងប្អូនមីយ៉ាន់ម៉ាចេះភាសាខ្មែរពីអង្កាល? អ៊ីចឹងមានតែមួយក្រុមអាចនៅកន្លែងណាមួយ នៅប៉ារីស នៅអាមេរិក ឬនៅថៃ នៅហ្វីលីពីន ឬនៅកន្លែងណាអង្គុយជាមួយគ្នា»។ សម្តេចបានបន្តថា «យើងដឹងមុខហើយ ក្រុមអ្នកឯងជាក្រុមនិយមជ្រុលតែអ៊ីចឹង ឥឡូវខ្ញុំប្រើពាក្យថា ប្រឆាំងនឹងបទឈប់បាញ់ គឺអ្នកចង់ឱ្យមនុស្សស្លាប់ និងរបួសដោយសារសង្គ្រាម អ្នកឯងឆ្លើយមក»។ ទោះជាយ៉ាងនេះក្តី សម្តេចតេជោ បានថ្លែងថា សម្តេចមិនប្រកាន់ទោសអូសដំណើរជាមួយនឹងប្រជាពលរដ្ឋមីយ៉ាន់ម៉ានោះទេ ទោះបីជាសម្តេចបានសង្កេតឃើញថាមានការដុត ជាន់ ឬគូសរូបថតរបស់សម្តេចក៏ដោយ។ សម្តេចបញ្ជាក់ថា «អ្នកនឹងបានឃើញថា ជីវិតរបស់អ្នកនឹងត្រូវបានសង្គ្រោះពីភ្នក់ភ្លើងសង្គ្រាម ដោយតួនាទីរបស់អាស៊ាន ក្នុងគំនិតផ្តួចផ្តើមរបស់ខ្ញុំទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា»។

តាមពិត ប្រជាជនមីយ៉ាន់ម៉ាភាគច្រើនបានអរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចំពោះគំនិតដ៏ឈ្លាសវៃប្រកបដោយគតុបណ្ឌិតក្នុងការហ៊ានប្រឈមមុខ និងខិតខំប្រឹងប្រែងរកដំណោះស្រាយព្រោះស្ថានភាពប្រជាជនមីយ៉ាន់ម៉ា បើប្រៀបធៀបទៅនឹងស្ថានភាពប្រជាជនកម្ពុជាក្នុងអំឡុងទសវត្សរ៍១៩៧៥ -១៩៧៩ គឺខុសគ្នាស្រឡះ។ ខុសគ្នាដាច់ ដោយសារតែប្រជាជនកម្ពុជារងទុក្ខវេទនា រងនូវការកាប់សម្លាប់រង្គាល តែគ្មានបរទេសណាអើពើឡើយ និងគ្មានប្រទេសណាមួយហ៊ានចេញមុខដូចកម្ពុជាពេលនេះ ដើម្បីស្វែងរកដំណោះស្រាយជូនកម្ពុជាឡើយ សូម្បីតែអង្គការសហប្រជាជាតិ។ ពេលនេះ ប្រទេសមីយ៉ាន់ម៉ាមានសំណាងជាងកម្ពុជាកាលពីអតីតកាលជាពិសេសមានស្ថាបនិកសន្តិភាពនៅកម្ពុជាបានគិតគូរ និងជួយស្វែងរកដំណោះស្រាយជូន ព្រោះសម្តេចតេជោ និងប្រជាជនកម្ពុជាបានឆ្លងកាត់បទពិសោធដ៏ជូរចត់នេះរួចហើយរហូតដល់យកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសជាតិ និងសង្គ្រោះជីវិតប្រជាជនពីរបបខ្មែរក្រហម។ ទាំងអស់គ្នាចាំបាច់ត្រូវចូលរួមជំរុញការដោះស្រាយបញ្ហា និងធ្វើសន្តិភាវូបនីយកម្មនៅមីយ៉ាន់ម៉ា ពង្រឹងភាពខ្លាំង និងសាមគ្គីភាពអាស៊ានជាជាង នាំគ្នាដុតបំផ្លាញកិច្ចខិតខំប្រឹងប្រែងលើការរក្សាបទឈប់បាញ់ និងការផ្តល់ជំនួយមនុស្សធម៌ និងបំបែកបំបាកអាស៊ាន៕

ដោយៈចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner