ប្រមុខរងកងទ័ព៖ ជាតិត្រូវការកងទ័ពដើម្បីភាពរឹងមាំ ឯកងទ័ពវិញ ត្រូវការជាតិមួយដែលរឹងមាំ!

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ជាតិ និងកងទ័ពត្រូវការគ្នាទៅវិញទៅមក។ ជាតិត្រូវការកងទ័ពដើម្បីភាពរឹងមាំ ឯកងទ័ពវិញ ក៏ត្រូវការជាតិមួយដែលរឹងមាំ ដែលជាឱកាសដើម្បីកសាង និងអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យកាន់តែខ្លាំងក្លា និងពេញលេញ អាចទទួលរ៉ាប់រងភារកិច្ចដែលកាន់តែស្មុគស្មាញប្រែប្រួលទៅតាមការអភិវវឌ្ឍសង្គម-សេដ្ឋកិច្ច និងភាពជឿនលឿននៃបច្ចេកវិទ្យា។ ជាពិសេសការវិវត្តប្រែប្រួលដ៏ឆាប់រហ័សនៃសភាពការណ៍សន្តិសុខអន្តរជាតិ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការអគារស្នាក់នៅរបស់ផ្នែកសឹករងបសេដ្ឋ និងសមិទ្ធផលនានារបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងយោធពលខេមរភូមិន្ទផ្ទាល់ចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែងជំរុញអភិវឌ្ឍសមត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីធានាបាននូវការឆ្លើយតបចំពោះរាល់សំណូមពរភារកិច្ចនៅគ្រប់កាលៈទេសៈ។ ក្នុងពេលចំពោះមុខការងារនេះ គឺអាចចាប់ផ្តើមពីអង្គភាពនីមួយៗដែលត្រូវម្ចាស់ការលើខ្លួនឯងរួមផ្សំនឹងគំនិតច្នៃប្រឌិតខិតខំរិះរកវិធីពិនិត្យដោះស្រាយតាមតម្រូវការជាក់ស្តែងផ្អែកលើសក្តានុពលធនធានរបស់ខ្លួន និងត្រូវរៀបចំឱ្យមានប្រព័ន្ធការងារត្រឹមត្រូវច្បាស់លាស់ និងប្រកបដោយគណនេយ្យភាព។

ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី៣ តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះ ដែលកន្លងមកបានយកចិត្តទុកដាក់ប្រមូលផ្តុំអនុវត្តភារកិច្ចសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ ក៏ត្រូវបានលើកឡើងក្នុងឱកាសនេះដែរ។

ឯកឧត្តមបានបន្តដោយបន្ថែមថា នៅព្រឹកថ្ងៃនេះ យើងបានសម្ពោធអគារធ្វើការអគារស្នាក់នៅ និងទីលានហ្វឹកហ្វឺននិងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់នានាជាគំរូ សម្រាប់ផ្នែកសឹករងដទៃទៀត ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្រ របស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសូមគោរពថ្លែងអំណរគុណ និងដឹងគុណជាអនេក ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់គិតគូរផ្ទាល់ និងជាប់ជាប្រចាំចំពោះសុខទុក្ខ និងសុខុមាលភាពរបស់យោធិន គ្រួសារយោធិន ក៏ដូចជាអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីដោះស្រាយរាល់ការលំបាកផ្សេងៗរបស់ពួកគាត់។ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពនៃកិច្ចការមនុស្សធម៌នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្កើតឱ្យមានជាយន្តការការងារច្បាស់លាស់ ដើម្បីឱ្យការងារនេះអាចត្រូវបានទទួលបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ពីព្រោះសម្រាប់សម្តេចទាំងទ្វេ “ជាគ្រួសារកងទ័ពមួយថ្ងៃ គឺជាគ្រួសារទ័ពមួយជីវិត”៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner