អូស្ត្រាលីកំពុងធ្វើការជាមួយមជ្ឈមណ្ឌល AHA ដើម្បីផ្តល់ជំនួយជាពិសេសជួយប្រទេសមី យ៉ាន់ម៉ា

ថ្លែងនៅក្នុងបាឋកថាស្តីពី «អាស៊ាន និងអូស្ត្រាលី៖ ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលបានរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ លោក Will Nankervis ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន បានថ្លែងបញ្ជាក់ថា អូស្ត្រាលីពេលនេះកំពុងធ្វើការជាមួយ មជ្ឈមណ្ឌល AHA ដើម្បីផ្តល់ជាជំនួយ ជាពិសេសជួយទៅក្នុងប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងបាឋកថា ដែលបានរៀបចំឡើងនាព្រឹកនេះ ក៏មានការចូលរួមពីលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា រួមទាំងអ្នកចូលរួមមួយចំនួនទៀត។
លោក Will Nankervis បានថ្លែងដូចនេះថា «អូស្ត្រាលីមានការផ្តល់ជាជំនួយផ្សេងៗក្នុងរយៈពេលកូវីដ១៩នេះ រួមទាំងជំនួយបច្ចេកទេស៥លានដុល្លារ ក្នុងការគ្រប់គ្រងរបស់មជ្ឈមណ្ឌល AHA របស់អាស៊ី ក្នុងការដោះស្រាយបញ្ហាមនុស្សធម៌ផ្សេងៗរបស់អាស៊ាន, ខ្ញុំក៏កំពុងធ្វើការជាមួយនឹងមជ្ឈមណ្ឌល AHA ដើម្បីធ្វើយ៉ាងណាផ្តល់ជាជំនួយ ជាពិសេសទៅក្នុងប្រទេសមីយ៉ាន់ម៉ាតែម្តង»

លោក Will Nankervis បានថ្លែងបញ្ជាក់ថា អូស្ត្រាលីមានការបារម្ភខ្លាំងពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ហើយទទូចឱ្យយោធាមីយ៉ាន់ម៉ាដោះលែងអ្នកនយោបាយផ្សេងៗ ដោយគ្មានលក្ខខ័ណ្ឌ ជាពិសេសគឺសម្របសម្រួលឱ្យមានការផ្តល់ជំនួយសប្បុរសផ្សេងៗ។

លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអាស៊ាន បានថ្លែងទៀតថា អូស្ត្រាលីគាំទ្រយ៉ាងខ្លាំងទៅលើភាពជាអ្នកដឹកនាំរបស់អាស៊ាន ក្នុងការដោយស្រាយបញ្ហាវិបត្តិផ្សេងៗ ហើយអូស្ត្រាលីក៏ទទូចឱ្យរបបមីយ៉ាន់ម៉ា ឱ្យគាត់បានដក និងគោរពនូវផលប្រយោជន៍អាស៊ាន ជាពិសេសគឺការមិនមានវឌ្ឍនភាពក្នុងការអនុវត្តការងារ របស់មីយ៉ាន់ម៉ា ដែលមិនគោរពទៅតាមគោលការណ៍របស់អាស៊ាន។

លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី ក៏បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងចំណុចនេះ អូស្ត្រាលីក៏បានធ្វើការជាមួយប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន រួមទាំងសមាជិករបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាផ្សេងៗនៅមីយ៉ាន់ម៉ា និងជាចំណុចមួយដែលអូស្ត្រាលីធ្លាប់បានពិភាក្សាជាមួយភាគីប្រទេសកម្ពុជា ម្តងរួចមកហើយ៕

ads banner