នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  និងនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី បានឯកភាពគ្នាទាក់ទងបញ្ហានៅមីយ៉ាន់ម៉ា គឺទុកឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំដើម្បីពិនិត្យមើលការងារបន្តទៀត ពិសេសការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលនៅក្នុងស្ថានភាពកាលៈទេសៈនេះ គឺដើម្បីជួយដល់មីយ៉ាន់ម៉ា ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក Lee Hsien Loong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី កាលពីរសៀលថ្ងៃទី១៤ ខែមករា ២០២២នេះ។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរីកាលពីរសៀលថ្ងៃទី១៤ខែមករា ២០២២នេះ។ ក្នុងជំនួបនេះ មានការផ្លាស់ប្ដូរមតិជុំវិញសភាពការណ៍កូវីដ-១៩ នៅកម្ពុជាក៏ដូចជានៅប្រទេសសិង្ហបុរី។

ឯកឧត្តមបានបន្តថា អ្វីដែលសំខាន់ជាងនេះទៀតនៅក្នុងកិច្ចពិភាក្សានេះគឺសម្ដេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបជូនទៅនាយករដ្ឋមន្ត្រីសិង្ហបុរីអំពីលទ្ធផល និងគោលបំណងនៃដំណើរទស្សនកិច្ចការងាររបស់សម្ដេចទៅប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ។ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះសម្តេចបានបញ្ជាក់ថាគោលបំណងរបស់សម្ដេចនាយករដ្ឋមន្ត្រី គឺចង់ជួយដល់វិបត្តិនៅមីយ៉ាន់ម៉ាជាពិសេសធ្វើយ៉ាងណាឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងបញ្ឈប់អំពើហិង្សាទាំងអស់ និងការផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ាដែលត្រូវការចាំបាច់នៅក្នុងកាលៈទេសៈនេះ និងមួយទៀតគឺដើម្បីជំរុញឱ្យមានការសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់នៅក្នុងមីយ៉ាន់ម៉ា ដែលនេះជាការងារចាំបាច់របស់ប្រធានអាស៊ាន។

ចំណែកឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី បានអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានជម្រាបជូនពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅទីក្រុងណៃពីដោ ហើយឯកឧត្តមពិតជាអរគុណផងដែរ ចំពោះគោលបំណងរបស់ប្រទេសកម្ពុជាក្នុងការចូលរួមចំណែកដោះស្រាយ វិបត្តិនៅមីយ៉ាន់ម៉ានេះ។ លោកបានគូសបញ្ជាក់ថា លោកគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាដែលពេលនេះកម្ពុជាជាប្រធានអាស៊ាននាពេលនេះ រួមទាំងការងារប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ។

ឯកឧត្តម  Lee Hsien Loong បានឯកភាពជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាការងារបន្តគឺទុកឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំដើម្បីពិនិត្យមើលការងារបន្តទៀត ពិសេសការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានដែលនៅក្នុងស្ថានភាពកាលៈទេសៈនេះគឺដើម្បីជួយដល់មីយ៉ាន់ម៉ាដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner