ក្រុមហ៊ុន១៦កំពុងស្វែងរករ៉ែលោហៈក្នុងប្រទេសកម្ពុជា (Video Inside)

យ៉ាងហោចមានក្រុមហ៊ុនចំនួន១៦ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតស្វែងរុករករ៉ែលោហៈ និងក្រុមហ៊ុន ចំនួន ៤ផ្សេងទៀតនឹងត្រូវចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួននៅក្នុងឆ្នាំ២០២២នេះ។

អគ្គនាយកធនធានរ៉ែ លោកអ៊ឹង ឌីប៊ូឡា បានថ្លែងនៅថ្ងៃទី១៤មករានេះថា ក្រុមហ៊ុនទាំង១៦ដែលអាជ្ញាធរផ្តល់អាជ្ញា បណ្ណស្វែងរុករករ៉ែលោហៈនោះ គឺជាក្រុមហ៊ុនដែលមកពីប្រទេសចិន, អូស្ត្រាលី, កាណាដា និងក៏មានក្រុមហ៊ុនដែល ស្ថិតក្នុងកម្ពុជាផងដែរ។

លោកអ៊ឹង ឌីប៊ូឡា បានថ្លែងថាក្នុងចំណោមក្រុមហ៊ុន៤ដែលនឹងត្រូវធ្វើអាជីវកម្មរ៉ែមាសនោះ គឺ មាន៣ក្រុមហ៊ុនដែលជាក្រុមហ៊ុនរបស់ចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី។ លោកបន្តថាក្រុមហ៊ុន ទាំងនោះ នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ និងក្រុមហ៊ុនមួយទៀត គឺជាក្រុមហ៊ុនឥណ្ឌា Mesco Gold ដែលមានទីតាំង នៅខេត្តរតនគិរី និងគ្រោងចាប់ផ្តើមនៅចុងឆ្នាំ២០២២។

កម្ពុជាបច្ចុប្បន្នមានការដ្ឋានអាជីវកម្មរ៉ែមាស ចំនួន៧ទីតាំង ហើយ ដែលស្ថិត ខេត្តក្រចេះ, ខេត្តព្រះវិហារ, ខេត្តមណ្ឌលគីរី, ខេត្តរតនគីរី និងខេត្តបាត់ដំបង។ អគ្គនាយកធនធានរ៉ែ នៅបានរំលឹកអំពីអាជីវកម្មរ៉ែមាសខ្នាតអន្តរជាតិរបស់ក្រុមហ៊ុន Renaissance Minerals នៅតំបន់ អូរខ្វាវ ស្រុកកែវ សីមា ខេត្តមណ្ឌលគីរីផងដែរ។

លោកបញ្ជាក់ថា គិតចាប់ពីពេលចាប់ផ្តើមធ្វើអាជីវកម្មនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូត ដល់ចុងឆ្នាំ២០២១ រាជរដ្ឋាភិបាលទទួលបានចំណូល តាមរយៈការបង់សួយសាររបស់ក្រុមហ៊ុន នេះបានចំនួន ជាង១លាន៦៧ម៉ឺន៧ពាន់៦៣ដុល្លារអាមេរិក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner