អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី១៥-១៩ ខែមករា

ភ្នំពេញ៖ ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការ អាស៊ាន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

ក្រសួងការបរទេសកម្ពុជាបានបន្តថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម លឹម ចុក ហ៊ុយ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។ 

ឯកឧត្តមអគ្គលេខាធិការ ក៏រំពឹងថានឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ប្រភពដដែលបន្តថា ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុផងដែរ។

ក្រសួងការបរទេសបានបញ្ជាក់ថា ទស្សនកិច្ចរបស់ឯកឧត្តម លឹម ចុកហ៊ុយ មកព្រះរាជាណាចក្រកកម្ពុជាក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន នឹងស្វែងរកមធ្យោបាយនានាដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងលេខាធិការដ្ឋានអាស៊ាន និងក្រសួងពាក់ព័ន្ធនានារបស់កម្ពុជា ដែលស្ថិតនៅក្រោមសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ាន រួមមានសហគមន៍នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីធានាសម្រេចបាននូវសមិទ្ធផលល្អប្រសើរសម្រាប់គ្រួសារអាស៊ានដែលកាន់តែរឹងមាំ និងស្អិតរមួតខ្លាំងឡើង៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner