អាជ្ញាធរជាតិអប្សរា ដាក់ឱ្យដំណើរការវង់ទស្សនាថ្មីនៅប្រាសាទបាយ័ន្ត

អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការវង់ទស្សនាថ្មីនៅប្រាសាទបាយ័ន្ត ក្នុងន័យដើម្បីសម្រួលដល់រំហូរការចូលទស្សនារបស់ភ្ញៀវទេសចរក្នុងប្រាសាទកុំឱ្យកកកុញ។

លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការរៀបចំវង់ទស្សនាថ្មីនៅប្រាសាទបាយ័ន្តនេះ ដើម្បីរៀបចំរំហូរភ្ញៀវតាមប្រាសាទឱ្យមានលំដាប់លំដោយ ចៀសវាងការកកស្ទះ ដើរទស្សនាផ្ទាំងចម្លាក់រឿងមិនគ្រប់ជ្រុងជ្រោយ។ លោក សុធារ៉ា បញ្ជាក់ថា ការរៀបចំនេះ ក៏ក្នុងបំណងឱ្យទេសចរបានដឹងពីគុណតម្លៃប្រាសាទដែលមានដូចជាប្រវត្តិសាស្រ្ត ក្បាច់ចម្លាក់ ក្នុងរោងទងទាំងអស់ដែលកន្លងមកទេសចរតែងទស្សនារំលងទិដ្ឋភាពខ្លះ និងជួយរក្សាគំលាតសុវត្ថិភាពដល់ទេសចរ ខណៈដែលជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយ។ ការធ្វើដូច្នេះ អាចកាត់បន្ថយពីហានិភ័យ រក្សាគំលាតបានច្រើន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

លោក សុធារ៉ា បន្តថា វង់ទស្សនាថ្មីនេះមានជំរើសក្នងការទស្សនាចំនួន៣ខ្សែ ដោយរៀបចំនៅជាន់ទី១ និងទី២ ស្របពេលដែលជាន់ទី៣ បានបិទបណ្ដោះអាសន្នដើម្បីជួសជុល។ ខ្សែទី១ មានរយៈពេល១ម៉ោងនិង៤៥នាទី ខ្សែទី២ មានរយៈពេល ៥៥នាទី និងខ្សែទី៣ មានរយៈពេល ៤៥នាទី។

បន្ថែមពីនេះ ការរៀបចំវង់ទស្សនាថ្មីនេះ ក៏មានការរៀបចំចំណុចទីតាំងដែលថតរូបភាពស្អាតចំនួន៤កន្លែង ដើម្បីឱ្យទេសចរផ្តិតរូបភាពពួកគេ ជាមួយចំណុចពិសេសទាំងនោះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំផ្ទាំងព័ត៌មានថ្មីនៅតាមរោងទង ចំនួនបីភាសាផងដែរ មានភាសាខ្មែរ អង់គ្លេស និងចិន។

លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បន្ថែមថា កន្លងមកអាជ្ញាធរជាតិអប្សរា ធ្លាប់បានរៀបចំវង់ទស្សនានេះនៅតាមប្រាសាទផ្សេងៗទៀតរួចហើយ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រីជាដើម។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏កំពុងគិតគូរក្នុងការរៀបចំតាមប្រាសាទដទៃទៀតផងដែរ ក្នុងន័យលើករៀបចំរំហូរវង់ទស្សនារបស់ទេសចរ និងលើកពីគុណតម្លៃប្រាសាទទាំងនោះជាដើម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner