ឯកឧត្តម សែម សុខា លើកឡើងថា គណៈកម្មការចូលរួមគាំទ្រ និងផ្សព្វផ្សាយបង្កើតឡើង ដើម្បីជួយ គាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ដែលទទួលខុសត្រូវសម្របសម្រួលលើការងារជនពិការ បានកោះហៅអង្គការ និងភាគីពាក់ព័ន្ធនានា មកធ្វើសិក្ខាសាលាផ្សព្វផ្សាយលើសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ ដើម្បីចូលរួមគាំទ្រ និងអនុវត្តការងាររៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា បានលើកឡើងថា ក្រសួងសង្គមកិច្ច ជាក្រសួងដំបូងគេហើយ ដែលបង្កើតគណៈកម្មការដើម្បីចូលរួមគាំទ្រ និងអនុវត្តការងាររៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។

គណៈកម្មការមួយនេះ មានតួនាទីចូលរួមគាំទ្រការងារស្ម័គ្រចិត្តគ្រប់សកម្មភាព និងចូលរួមផ្សព្វផ្សាយបញ្ជ្រាបដល់អង្គការពាក់ព័ន្ធដែលគ្រប់គ្រងលើការងារពិការភាព និងមានវិស័យកីឡាជនពិការនោះក្នុងនោះ ជ្រាបនិងយល់ដឹង ដើម្បីឲ្យពួគគេបានត្រៀមកីឡាករ កីឡាការិនីរៀបចំកម្មវិធីការហ្វឹកហាត់ត្រៀមសម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ពិសេស ពិសេស គណៈកម្មការមួយនេះ និងចូលរួមសកម្មភាពផ្សព្វផ្សាយការងារផ្សេងៗអំពីកម្មវិធីរបស់គណៈកម្មាធិការរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ធ្វើយ៉ាងណាជួយជំរុញឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជាទទួលបានជោគជ័យ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានលើកឡើងថា នេះជាសិក្ខាសាលាដំបូងគេហើយ ដែលក្រសួងសង្គមកិច្ចរៀបចំទៅតាមផែនការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC បានដាក់ចេញឲ្យក្រសួង ស្ថាប័ននានា ជួយផ្សព្វផ្សាយព្រិឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ដូច្នោះការបង្កើតគណៈកម្មការរបស់ក្រសួងសង្គមកិច្ចពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្សព្វផ្សាយឲ្យមន្រ្តីរាជការយល់ដឹងពីគុណតម្លៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត និងចូលរួមគាំទ្រ ។


ឯកឧត្តម យី វាសនា អគ្គលេខាធិការប៉ារ៉ាឡាំពិកម្ពុជា បានពន្យល់ថា គណៈកម្មការមួយនេះ នឹងមានបេសកម្មក្នុងការបញ្ជាបផ្សព្វផ្សាយដល់មន្រ្តីថ្នាក់ក្រោមជាតិ ដើម្បីរួមកម្លាំងគ្នាជួយឲ្យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទទួលបានជោគជ័យ។


សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយលើសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការ ដើម្បី ចូលរួមគាំទ្រ និងអនុវត្តការងាររៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយស៊ីជម្រៅចំពោះ ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ជូនថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងសង្គមកិច្ច ព្រមទាំងអង្គភាពជាតិ និងអន្តរជាតិដែលបំរើការងារលើ វិស័យពិការភាព បានជ្រូតជ្រាប និងផ្សព្វផ្សាយបន្តទៅថ្នាក់ក្រោមជាតិ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner