កងទ័ពមួកខៀវប្តូរវេនចំនួន៤០៣នាក់នឹងត្រូវចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រ UNនៅសាធារណរដ្ឋលីបង់និងអាហ្វ្រិក កណ្តាល នៅដើមខែកុម្ភៈខាងមុខនេះ

អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាលជាមួយកងទ័ពមួកខៀវកម្ពុជា កងវិស្វកម្មពហុជំនាញ លេខ៨២៩ មុខចេញទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ។

កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅបំពេញបេសកកម្មនោះរួមមាន៖ កងវិស្វកម្មពហុជំនាញ លេខ៨២៩ ចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងកងវិស្វកម្មសំណង់ លេខ៤៣២ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ កងទ័ពមួកខៀវប្តូរវេនចំនួន៤០៥នាក់ ក្នុងនោះមានស្ត្រីចំនួន៥២នាក់ ។

របាយការណ៍របស់ឧត្តមសេនីយ៍ឯក ហួត គឹមសាន អគ្គនាយករង និងជានាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាលាបាននឹងកំពុងធ្វើការហ្វឹកហ្វឺនដល់កងកម្លាំងត្រៀមប្តូរវេនចេញបំពេញបេសកកម្មនៅសាធាណរដ្ឋលីបង់ និងអាហ្វ្រិកកណ្តាល តាមកម្មវិធីជាក់ស្តែងលើជំនាញវិស្វកម្ម (សំណង់ផ្ទេក-សំណង់បញ្ឈរ) ផ្នែកតូប៉ូ (TOPO) ផ្នែកសុខាភិបាលជំនាញបច្ចេកទេសបើកបររថយន្ត គ្រឿងចក្រ រថយន្តពន្លត់អគ្គីភ័យ និងជួសជុលកម្រិតស្រាល, ជំនាញបោសសម្អាតមីនដោយដៃ ដោយគ្រឿងចក្រ កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD, IEDS) ក្បួនយុទ្ធវិធី យុទ្ធដំណើរទ័ព ឋានលេខា សព្វាវុធ អប់រំនាយ បទបញ្ជាបាញ់គ្រាប់ពិត លំហាត់របៀប កីឡា (រត់ឆ្លងឧបសគ្គសិប្បនិមិត្ត រត់ឆ្លងឧបសគ្គធម្មជាតិ រត់ចម្ងាយ រត់ពាក់កណ្តាលកម៉ង់ដូ លំហាត់ប្រាណ២៤កាយវិការ) ក្បាច់គុណល្បុកតោភ្លេងបុរាណ សិល្បៈ សាសនាប្រពៃណីជាតិខ្មែរ។ឧត្តមសេនីយ៍ឯក ហួត គឹមសាន បានបញ្ជាក់ថា សិក្ខាកាមដែលកំពុងសិក្សា និងហ្វឹកហ្វឺននូវគ្រប់ជំនាញខាងលើនឹងត្រូវត្រៀមប្តូរវេនចេញបំពេញបេសកកម្មរបស់ អ.ស.ប នៅសាធារណរដ្ឋលីបង់ និងអាហ្វ្រិកកណ្តាល នាពេលឆាប់ៗខាងមុខនេះ មានសិក្ខាកាមសរុបចំនួន ៤០៣នាក់ (ស្រី៥២នាក់ ក្នុងនោះមកពីតាមបណ្តាកងឯកភាពនានា នៃកងយោធពលខេមរភូមិន្ទរួមមាន៖ ចំណុះក្រសួងការពារជាតិ, ចំណុះអគ្គបញ្ជាការដ្ឋាន, ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក, ចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក និងបញ្ជាការដ្ឋានកងទ័ពជើងអាកាស។

គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

ads banner