ទូតជប៉ុនបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលខ្លួនដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាក៏ដូចជាវិស័យធនធានទឹកមានការវិវត្តន៍រីកចម្រើនតទៅមុខ

នៅចំពោះមុខ លោក លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងឧត្តុនិយម, លោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នូវការប្តេជ្ញាចិត្តបន្តរួមចំណែកជួយរបស់រាជរដ្ឋាភិបាលជប៉ុន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹក មានការវិវត្តន៍រីកចម្រើនតទៅមុខ។

ការបញ្ជាក់បែបនេះ របស់អគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសដែលោក និងលោក KAMEI Haruku ប្រធាន JICA ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោករដ្ឋមន្ត្រី លឹម គានហោ ស្តីពីកិច្ចសហប្រតិបត្តិការ (គម្រោងជំនួយ) លើវិស័យធនធានទឹក នាទីស្តីការក្រសួង។

នាឱកាសនោះដែរ លោករដ្ឋមន្រ្តី លឹម គានហោ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈឯកអគ្គរាជទូត ដែលបាននឹងកំពុងបន្តជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដោយផ្តោតសំខាន់លើវិស័យសំខាន់ៗមួយចំនួនដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្តលើគ្រប់វិស័យការគាំទ្រដល់វិស័យសុខាភិបាល ការស្តារ និងលើកកម្ពស់វិស័យអប់រំ ការលើកកម្ពស់ការអភិវឌ្ឍន៍សង្គម និងការពង្រឹងអភិបាលកិច្ចនៅកម្ពុជា ជាពិសេសវិស័យធនធានទឹក ក៏ត្រូវបានពង្រឹង ពង្រីក និងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់។

លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនឯកអគ្គរាជទូត និងលោកស្រីប្រធាន JICA ប្រចាំប្រទេសកម្ពុជា អំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការងារចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក MIKAMI MASAHIRO បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយលោករដ្ឋមន្រ្តី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យបានកាន់តែប្រសើរថែមទៀត។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានជួយដល់កម្ពុជាលើការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យធនធានទឹក ដែលជាជំនួយឥតសំណង និងក្រោមហិរញ្ញប្បទានសម្បទាន។

គម្រោងមួយចំនួនត្រូវបានបញ្ចប់ និងមួយចំនួនទៀតកំពុងដំណើរការ មានដូចជា គម្រោងប្រព័ន្ធធារាសាស្រ្តកណ្តាលស្ទឹង ស្ថិតក្នុងខេត្តកណ្តាល, គម្រោងកម្មវិធីកែលម្អសមត្ថភាពទប់ទល់នឹងគ្រោះធម្មជាតិ បង្កឡើងដោយការប្រែប្រួលអាកាសធាតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា (ការផ្តល់គ្រឿងចក្រធុនធ្ងន់), គម្រោងប្រព័ន្ធធារាសាស្រ្តធ្លាម្អម ស្ថិតក្នុងខេត្តពោធិ៍សាត់, គម្រោងប្រព័ន្ធធារាសាស្រ្តម្កាក់ ស្ថិតក្នុងខេត្តសៀមរាប, គម្រោងសេវាបច្ចេកទេសប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា, គម្រោងប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង, គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកខាងលិចទន្លេសាប, គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកប៉ែកនិរតី រាជធានីភ្នំពេញ និងបណ្តាគម្រោងថ្មីៗ មួយចំនួនទៀតដែលបាននឹងកំពុងអនុវត្តក្នុងឆ្នាំ២០២២ ហើយនឹងត្រូវអនុវត្តនាបណ្តាឆ្នាំខាងមុខទៀត ដែលរាជរដ្ឋាភិបាលជប៉ុន បានអនុម័តរួចហើយ៕

ads banner