បន្ទាប់ពីផ្ទុះរឿងក្នុងគណបក្សហ៊្វុនស៊ិនប៉ិច៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឱ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឱ្យធ្វើការសម្របសម្រួលធ្វើសមាជជ្រើសរើសក្បាលម៉ាស៊ីន

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្ស ដើម្បីធ្វើសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ ការស្នើនេះបានធ្វើឡើងខណៈពេលដែលក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច គឺក្រុមលោកសាយ ហាក់ លោក ហេង ចន្ថា និង លោកផាន់ សិទ្ធី និងក្រុមលោក ឆឹង ចំរើន និងលោក​ អាំង សំបូរ គ្រោងនឹងរៀបចំធ្វើសមាជជ្រើសរើសប្រធានគណបក្សថ្មីជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យ គណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែង ប្រាប់ AMS ថា នៅក្នុងលិខិតនេះ គឺ ក្រសួងមហាផ្ទៃបានទទួលស្គាល់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាមេដឹកនាំនៃគណបក្សហ៊្វុនស៊ិនប៉ិច ស្របទៅតាមសេចក្តីសម្រេចការតែងតាំងសព្វព្រះទ័យរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តែងតាំងព្រះអង្គកន្លងមក។ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានអះអាងថា “ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកមានសិទ្ធិគ្រប់ គ្រាន់ ក្នុងការកោះអញ្ជើញសមាជិក សមាជិកា ថ្នាក់ដឹកនាំដើម្បី ធ្វើសមាជក្នុងពេលដ៏ឆាប់ខាងមុខនេះ”។

គួរបញ្ជាក់ថា ក្រុមលោកសាយ ហាក់ លោកហេង ចន្ថា និងលោកផាន់ សិទ្ធី គឺបានប្រជុំវិសាមញ្ញគណៈកម្មាធិការនាយក​ គណបក្សហ៊្វុនស៊ិនប៉ិចកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចជាឯកច្ឆន្ទយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធានទី១ គណបក្សជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ចំណែកក្រុមលោកឆឹង ចំរើន និងលោកអាំង សំបូរ គ្រោងនឹងរៀបចំធ្វើសមាជនៅចុងខែមករាខាងមុខនេះ ជ្រើសតាំងព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បុត្រាច្បងសម្តេចក្រុមពព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច៕

សូមជូនលិខិតទូលថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ៖

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner