ក្រសួងការបរទេសកម្ពុជាសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សូមសម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ (Kayah State) រវាងយោធា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ។ អំពើហិង្សាដែលនៅតែបន្តកើតមាននេះ កំពុងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបន្តថា សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ បានចែករំលែកអំពីភាពជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ក្នុងការសម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ផ្អែកលើបទពិសោធន៍ និងមេរៀននានាដែលទទួលបានពីដំណើរការសន្តិភាពរបស់កម្ពុជា សន្តិភាពទាំងស្រុង និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួម និងការឯកភាពពេញលេញពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងស្មារតីនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាយល់ឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែទទួលយកបទឈប់បាញ់ បញ្ចប់នៅរាល់សកម្មភាពដែលហិង្សា អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាប់ផ្តើមកិច្ចសន្ទនា ដើម្បីបង្កើតនូវស្ថានភាពអំណោយផល សំដៅឈានទៅរកការកសាងឡើងវិញនូវសន្តិភាពនៅក្នុងប្រទេសដែលអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner