តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបបញ្ជាក់ការទន្ទឹងកិច្ចសហការជាមួយកម្ពុជា ដើម្បីការជម្រុញដៃគូយុទ្ធសាស្ត្រ អឺរ៉ុបអាស៊ាន (Video Inside)

តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបលោក ចូសេប បូរ៉េល ដែលទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខគោល នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងស្វាគមន៍កម្ពុជាដែលបានក្លាយជាប្រធានអាស៊ាន និង បញ្ជាក់ការរង់ចាំធ្វើកិច្ចសហការជាមួយកម្ពុជាដើម្បីការជម្រុញដៃគូយុទ្ធសាស្ត្រអឺរ៉ុបអាស៊ាន។

សម្តីថ្លែងបញ្ជាក់ ការគាំទ្រកម្ពុជានេះ បានធ្វើឡើងក្នុងឳកាសជួបសន្ទនាតាមទូរស័ព្ទជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់សុខុនកាលពីថ្ងៃទី២០មករាឆ្នាំ២០២២។

លោក ចូសេប បូរ៉េល នៅបានថ្លែង អបអរការតែងតាំងលោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រី ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាផងដែរ។ យោងតាមក្រ សួងការបរទេសកម្ពុជា, កិច្ចពិភាក្សាបានផ្តោតផងដែរលើស្ថានការណ៍មីយ៉ាន់ម៉ាជាពិសេសទាក់ទងនឹងផែនការណ៍រកដំណោះស្រាយក្នុងវិបត្តិមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានរៀបរាប់ជុំវិញដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាដោយប្រធានអាស៊ានកន្លងមក ដោយការផ្អែកទៅលើកិច្ចព្រមព្រៀងកុងសង់ស៊ុស៥ចំណុច ដាក់ចេញដោយប្រទេសអាស៊ានទាំង១០កាលពីខែមេសាឆ្នាំ២០២១។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបរាប់អំពីការសន្យារបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ក្នុងការពន្យាបទឈប់បាញ់រហូតដល់ដំណាច់ ឆ្នាំ២០២២, ការបញ្ចប់អំពើហិង្សា, ការគាំទ្រប្រេសិតពិសេសដើម្បីការជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់, ការ សម្រួលដល់ការជួបប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីធានាការអាចទទួលបានជំនួយមនុស្សធម៌ប្រកបដោយ សុវត្ថិ ភាព និងគ្មានការរើសអើង និងការពិចារណារបស់រឿងក្តីរបស់របស់អតីតទីប្រឹក្សានយោបាយជាតិអូស្ត្រាលីម្នាក់  ដែលកំពុងស្ថិតក្នុងដំណើរការតុលាការ។

លោក ប្រាក់ សុខុន បានលើកឡើងនូវសំណើបង្កើតយន្តការ Troika ដោយមានកិច្ចសហការពីអគ្គលេខាធិការអាស៊ាន ដើម្បីសម្របសម្រួលការអនុវត្តចំណុចកុងសង់ស៊ុសទាំង៥ និងផែនការបង្កើតក្រុម «មិត្តរបស់មីយ៉ាន់ម៉ា» ដែលជាគំនិតផ្តួចផ្តើមរបស់ប្រទេសប្រុយណេ ដោយផ្តោតលើ ជំនួយមនុស្សធម៌ និងស្វែងរកការគាំទ្រនិងការចូលរួម ពីសហភាពអឺរ៉ុប។

លោក ចូសេប បូរ៉េល បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយរបស់សហភាពអឺរ៉ុប បញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់ សហគមន៍អឺរ៉ុបដើម្បីធ្វើកិច្ចការជាមួយអាស៊ានក្នុងការអនុវត្តលើកុងសង់ស៊ុសទាំង៥ចំណុចដែលប្រទេស អាស៊ានទាំង១០បានសម្រេចកាលពីខែមេសាឆ្នាំ២០២១កន្លងមក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner