ឯកឧត្តម ហ៊ុន ម៉ាណែត៖ គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យរបស់បក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ បានបញ្ជាក់ថា គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យរបស់បក្សប្រជាជនកម្ពុជា ដូច្នេះទោះក្នុងរូបភាពជាក្រុម ឬជាបុគ្គល យើងត្រូវបន្តធ្វើអំពើល្អបម្រើប្រជាជន ស្មោះត្រង់ជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ រួមទាំងការយកចិត្តទុកដាក់លើសុខទុក្ខ និងការជួយសម្រួលដោះស្រាយការលំបាកជូនអតីតយុទ្ធជន ដើម្បីជាការតបស្នងសងគុណចំពោះពលិកម្មដែលពួកគាត់បានបំពេញក្នុងបុព្វហេតុជាតិ មាតុភូមិ។

ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មការ ក.២៦.១៣ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តថា ទន្ទឹមនេះ ការចូលរួមចំណែកផ្សព្វផ្សាយ និងចែករំលែកអំពីស្នាដៃ និងសមិទ្ធផលនានារបស់បក្ស ក៏ដូចជារបស់ថ្នាក់ដឹកនាំ និងសមាជិកបក្ស ក៏ជាកិច្ចការសំខាន់ផងដែរ ដើម្បីធ្វើយ៉ាងឱ្យប្រជាជនយើងអាចសម្រេចចិត្តបានត្រឹមត្រូវដោយបន្តផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងនិរន្តរភាពនៃសន្តិភាពសម្រាប់អ្នកជំនាន់ក្រោយ ដូចប្រសាសន៍ សម្តេចតេជោ ប្រធានគណបក្ស បានមានប្រសាសន៍ថា “គ្រប់កាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនត្រូវតែឈ្នះ ដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរាប់សិបឆ្នាំតទៅមុខទៀត”។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារនានាដែលសម្រេចក្នុងឆ្នាំ២០២១ កន្លងមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្ត និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ក.២៦.១៣ នៅទូទាំងប្រទេស។ ពិតណាស់ ទោះបីមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែអង្គការចាត់តាំងបក្សចំណុះគណៈកម្មការ ក.២៦.១៣ គ្រប់លំដាប់ថ្នាក់ ជាពិសេសអង្គការចាត់តាំងនៅតាមមូលដ្ឋាន បានបន្តបំពេញសកម្មការងារលើគ្រប់វិស័យបានជាប់ជាប្រចាំដូចភ្លៀងរលឹម ទាំងភារកិច្ចស្នូល និងកិច្ចការជីវភាពបក្ស ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានឯកភាពចំពោះការដាក់ចេញនូវទិសដៅការងារសម្រាប់ឆ្នាំ២០២២ នេះ ដែលជាឆ្នាំដ៏សំខាន់ពោរពេញដោយភារកិច្ចយ៉ាងមមាញឹកសម្រាប់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ក.២៦.១៣ គ្រប់រូប ពីព្រោះទន្ទឹមនឹងការណ៍ដែលកម្ពុជាត្រូវបំពេញភារកិច្ចក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាក៏ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបានដំណើរការយ៉ាងទៀងទាត់ រាប់ចាប់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ២០០២ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិតណាស់ នៅចំពោះមុខការរាតត្បាតនៃជំងឺកូវីដ-១៩ ជាង០២ឆ្នាំកន្លងមកនេះ យើងមានករណីឆ្លងជាង១២ម៉ឺននាក់ ហើយករណីស្លាប់ជាង៣ពាន់នាក់ ប៉ុន្តែនៅចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់នេះ សម្តេចតេជោ ប្រធានគណបក្ស បានធ្វើការសម្រេចចិត្តដ៏ច្បាស់លាស់ និងត្រឹមត្រូវ ដាក់ចេញនូវវិធានការគ្រប់បែបយ៉ាងប្រកបដោយប្រសិទ្ធភាព ទាំងការទប់ស្កាត់ ការព្យាបាល និងការចាក់វ៉ាក់សាំង រហូតអាចអាចសង្គ្រោះអាយុជីវិតប្រជាជនយើងចាស់ក្មេងបានជាង១១ម៉ឺននាក់ ពីមាត់ជ្រោះមរណៈ។ ទាំងនេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាវីរភាពរបស់សម្តេចតេជោ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ទោះក្នុងកាលៈទេសៈស្មុគស្មាញយ៉ាងណា ក៏សម្តេច អាចគ្រប់គ្រងស្ថានការណ៍ក្នុងការដឹកនាំបញ្ជាដោយអាចធ្វើការសម្រេចចិត្តអារកាត់ ប្រកបដោយការពិចារណាវិនិច្ឆ័យគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងប្រកបដោយការទទួលខុសត្រូវ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner