ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ីកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី អំពីដំណើរទស្សនកិច្ចការងាររបស់សម្តេចទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី៧៨ ខែមករា ឆ្នាំ២០២២ ថា បានធ្វើឡើងក្នុងគោលបំណងជំរុញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច(5PC) ឱ្យដំណើរការទៅមុខ។ សម្តេចយល់ឃើញថា អ្វីដែលមីយ៉ាន់ម៉ាត្រូវការជាចាំបាច់គឺ ដំណោះស្រាយនយោបាយមួយដែលមានលក្ខណៈពេញលេញ និងយូរអង្វែង។ ទស្សនកិច្ចរបស់សម្តេចនៅមីយ៉ាន់ម៉ា ទទួលបានលទ្ធផលធំៗមួយចំនួន រួមមាន ការឯកភាពរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋក្នុងការពន្យារបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំនេះ និងបញ្ឈប់អំពើហិង្សា គាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានដើម្បីអនុវត្ត 5PC និងជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងសម្រួលឱ្យមានកិច្ចប្រជុំជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីធានាឱ្យមានការចែកអំណោយមនុស្សធម៌ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រកបដោយសុវត្ថិភាព និងគ្មានការរើសអើងដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការជំនួយជាចាំបាច់ ព្រមទាំងពិចារណាឡើងវិញចំពោះសំណុំរឿងក្តីរបស់សាស្ត្រាចារ្យ សន ធូនែល (Sean Turnell) នៅពេលដែលដំណើរការតុលាការចប់ជាស្ថាពរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបឯកឧត្តម ចូកូ វីដូដូ បន្ថែមថា ដើម្បីជំរុញការអនុវត្ត 5PC និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅមីយ៉ាន់ម៉ាកន្លងមក សម្តេចបានស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងបើកកិច្ចប្រជុំចង្អៀតនាពេលឆាប់ៗខាងមុខ ធ្វើការពិភាក្សាលើសំណើគំនិតផ្តួចផ្តើមចំនួន២ រួមមាន ទី១.ការបង្កើតយន្តការអាស៊ានត្រូយកា (Troika) ដែលមានសមាសភាព មកពីប្រទេសព្រុយណេ (អតីតប្រធានអាស៊ាន) កម្ពុជា (ប្រធានអាស៊ានបច្ចុប្បន្ន) និងឥណ្ឌូនេស៊ី(អនាគតប្រធានអាស៊ាន) ព្រមទាំងអគ្គលេខាធិការអាស៊ាន ដើម្បីសម្របសម្រួល និងតាមដានការអនុវត្ត 5PC ។ យន្តការនេះ និងប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងមានក្រុមអ្នកសង្កេតការណ៍ដែលមានសមាសភាពមន្ត្រីការទូតនៃស្ថានតំណាងរបស់ប្រទេសជាសមាជិកអាស៊ានទាំងប្រាំបួនប្រចាំនៅមីយ៉ាន់ម៉ា ជាអ្នកគាំទ្រនៅក្នុងការអនុវត្ត 5PC។ ក្រុមអ្នកសង្កេតការណ៍នេះ គឺជាគំនិតផ្តួចផ្តើមរបស់ឥណ្ឌូនេស៊ីដែលកម្ពុជាគាំទ្រ។ ទី២កិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិភាក្សាអំពីការផ្តល់ជំនួយមនុស្សធម៌ និងការរៀបចំការចាក់វ៉ាក់សាំងជូនប្រជាជនមីយ៉ាន់ម៉ាដោយគ្មានការរើសអើង។ សម្តេចក៏បានគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រទេសព្រុយណេក្នុងការបង្កើតក្រុម «មិត្តរបស់ មីយ៉ាន់ម៉ា» ដើម្បីគាំទ្រដល់ការងាររបស់អាស៊ាន និងមីយ៉ាន់ម៉ាផងដែរ។

ទាក់ទងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា សម្តេចតេជោ បានជម្រាប ឯកឧត្តមប្រធានាធិតីថា គួរពិចារណាជំរុញការធ្វើមាតុភូមិនិវត្តន៍ពួកគាត់ពីប្រទេសបង់ក្លាដែសមកកាន់មីយ៉ាន់ម៉ាវិញ ដោយសុវត្ថិភាព ឆាប់រហ័ស និងភាពថ្លៃថ្នូរដូចដែលបានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីពេលថ្មីៗនេះរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស។

សម្តេចតេជោ ក៏បានជម្រាបឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរថា នៅក្នុងជំនួបពិភាក្សាជាមួយ លោកជំទាវ ណូលីន ហេហ្សឺ(Noeleen Heyzer) ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីមីយ៉ាន់ម៉ា សម្តេចបានស្នើឱ្យលោកជំទាវសហការយ៉ាងជិតស្និទ្ធជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិក្នុងការស្វែងរកដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ សម្តចតេជោ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ថា អាស៊ាននៅមានការងារអាទិភាពជាច្រើនផ្សេងទៀតដែលត្រូវបំពេញ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាមួយនោះទេ ហើយអាស៊ានក៏មិនគួរក្លាយជាចំណាប់ខ្មាំងរបស់បញ្ហា មីយ៉ាន់ម៉ានោះដែរ។

ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ បានជម្រាប សម្តេចតេជោនាយករដ្ឋមន្ត្រីថា ទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ានាពេលកន្លងមក គឺពិតជាមានអត្ថប្រយោជន៍ និងបានបង្ហាញយ៉ាងច្បាស់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំបំពេញកាតព្វកិច្ចក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ។ ការជម្រុញឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ានអាចជួបជាមួយតួអង្គពាក់ព័ន្ធ ទាំងអស់ គឺជាការងារចាំបាច់ ហើយអ្វីដែលសំខាន់ គឺការស្វែងរកដំណោះស្រាយនយោបាយមួយដែលគ្រប់ភាគីនៅមីយ៉ាន់ម៉ាអាចទទួលយកបាន។ ឯកឧត្តមបានថ្លែងអំណរគុណ សម្តេចតេជោ ចំពោះគំនិតផ្តួចផ្តើមបង្កើតឱ្យមានយន្តការអាស៊ានត្រូយកា ដើម្បីជម្រុញឱ្យមានវឌ្ឍនភាពក្នុងការអនុវត្ត 5PC និងគាំទ្រឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិភាក្សាអំពីការបង្កើតក្រុមអ្នកសង្កេតការណ៍ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តការងារ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា ប្រសិនបើគ្មានវឌ្ឍភាពដុំកំភួនពីការអនុវត្ត 5PC ទេនោះ ភាពជាតំណាងរបស់មីយ៉ាន់ម៉ានឹងត្រូវរក្សាតាមរូបភាពដែលបានសម្រេចក្នុងកិច្ចប្រជុំកំពូលអាស៊ានកន្លងមក។

ប្រមុខដឹកនាំកំពូលទាំងពីរបានប្តេជ្ញារួមគ្នា ជម្រុញឱ្យអាស៊ានបន្តបោះជំហានទៅមុខ និងអាចស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅមីយ៉ាន់ម៉ា។

កិច្ចសន្ទនាតាមទូរស័ព្ទរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ត្រង់ទៅត្រង់មក និងប្រកបដោយលក្ខណៈស្ថាបនា៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner