កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បង្កបញ្ហាប្រឈមចំពោះគោលនយោបាយសូន្យកូវីដរបស់ចិន

ខណៈ​ដែល​នៅត្រឹ​ម​តែ​ពីរ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​មុន​ពេល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ទីក្រុង​ប៉េកាំង​ចាប់​ផ្ដើម​ អាជ្ញាធរ​​ចិន​បាន​ចេញ​ការ​ព្រមាន​មួយ​ដែល​​បង្កើត​ឡើង​ដើម្បី​រក្សា​ការ​ប្រកាន់​ខ្ជាប់​យ៉ាង​តឹង​រ៉ឹង​របស់​ប្រទេស​ ចំពោះ​គោល​នយោបាយ​សូន្យ​កូវីដ​របស់​ខ្លួន​។​

ការិយាល័យ​ចរាចរណ៍​​និយាយ​ថា​ ប្រជាពល​រដ្ឋ​គួរ​តែ​ជៀស​វាងការ​​ទាក់​ទង​ជាមួយ​យាន​ជំនិះ​ដែល​ដឹក​ជញ្ជូន​មន្ត្រី ​និង​អ្នក​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​​ ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​ «​ពពុះ​»​ ដែល​​រចនា​ឡើង​ដើម្បី​ជៀស​វាង​ការ​ឆ្លង​រាល​ដាល​ដល់​ប្រទេស​ដទៃ​ទៀត​។​ ក្នុង​​ករណី​​មាន​​គ្រោះ​ថ្នាក់​ គេ​​គួរ​​រ​ង់​ចាំ​​មន្ត្រី​​ជំនាញ​​មក​​ដល់​ ជា​​ជាង​​អន្តរាគមន៍​​ជួយ​។​

សេចក្តី​ប្រកាស​គឺ​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​​ជាច្រើន​ដែល​ត្រូវ​អនុវត្ត​ ដើម្បី​ជៀស​វាង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លង​ក្នុង​អំឡុងពេល​​​ការ​​ប្រកួត​កីឡា​អូឡាំពិក​ប្រព្រឹត្តិ​ទៅ​។​ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​សន្មត់​ថា​ជា​សមិទ្ធិផល​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ប្រទេស​ចិន​​ ប៉ុន្តែ​ក៏​កំពុង​ក្លាយ​ជា​​ការ​សាក​ល្បង​នៃ​​ការ​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​ផង​ដែរ​។​

ចិន​គឺ​ជា​ប្រទេស​ចុង​ក្រោយ​របស់​ពិភព​លោក ​ដែល​នៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ​គោល​នយោបាយ​សូន្យ​កូវីដ​​ ប៉ុន្តែ​យុទ្ធសាស្រ្ត​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ភាព​តាន​តឹង​បន្ទាប់​ពី​អាជ្ញាធរ​បិទ​ខ្ទប់​ប្រជាជន​រាប់​លាន​នាក់​ចំ​ពេល​មាន​ការ​ផ្ទុះ​ឡើង​វិញ​ក្នុង​ស្រុក​។

​​ចំនួន​អ្នក​ឆ្លង​កូវីដ-១៩​នៅ​​ចិន​មាន​ចំនួន​តិច​បើ​ធៀប​នឹង​ប្រទេស​ដទៃ​ទៀត ​ប៉ុន្តែ​ករណី​​​ថ្មី​កើន​ឡើង​ក្នុង​រយៈ​ពេល​មួយ​ខែ​កន្លង​មក​នេះ​ ដែល​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ថ្ងៃ​ទី​ ២៧ ​ខែ​ធ្នូ​ នៅ​ពេល​ដែល​អាជ្ញាធរ​ចិន​រាយ​ការណ៍​ថា​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​ ៣៦១ ​នាក់​ ដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​ ២៤ ​ម៉ោង​ចាប់​តាំង​ពី​ដើម​ឆ្នាំ​ ២០២០​​​។​ ប៉ុន្តែ​ករណី​ថ្មី​ក៏​ធ្លាប់​ចុះ​មក​ត្រឹម​​ ៥៦ ​ករណី​កាល​ពី​ថ្ងៃសៅរ៍​សប្ដាហ៍​​មុន​​ដែរ​​​។​

យ៉ាង​ណា​មិញ​ ក្រុម​មន្ត្រី​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​លុប​បំបាត់​វីរុស​ ដែល​ថា​ជា​យន្ត​ការ​ការពារ​ការ​ឆ្លង​រាល​ដាល​ដ៏​រហ័ស​នៃ​វ៉ារ្យ៉ង់​អូមីក្រុង​។​

​គណៈកម្មាធិការ​រៀប​ចំ​​ក្រុង​ប៉េកាំង​បាន​ដាក់​ពិធី​សារ​ដ៏​តឹង​រ៉ឹង​សម្រាប់​អ្នក​ចូល​រួម​ ជាង​ការ​ប្រកួត​កីឡា​រដូវ​ក្តៅនៅ​ទីក្រុង​តូក្យូ​កាល​ពីឆ្នាំ​​មុន​ទៅ​ទៀត​។​ អត្តពលិក​ មន្ត្រី​កីឡា​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ពេញ​លេញ​មុន​ពេល​មក​ដល់​ ឬ​ប្រឈម​នឹង​ការ​ធ្វើ​ចត្តា​ឡីស័ក​រយៈ​ពេល​ ២១ ​ថ្ងៃ​។​ ទិន្នន័យ​សុខភាព​របស់​អ្នក​ចូល​រួម​ទាំង​អស់​ នឹង​ត្រូវ​បាន​តាម​ដាន​ ហើយ​ពួក​គេ​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត ​PCR ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ថ្ងៃ​។​

ទស្សនីយភាព​កីឡា​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់​គ្រង​​ជា​រង្វង់​​ (closed loop) ​ដែល​នឹង​បំបែក​អ្នក​ដែល​ធ្វើ​ដំណើរ​ពី​​បរទេស​ និង​បុគ្គលិក​ក្នុង​ស្រុក​​ ដោយ​មាន​អ្នក​ចូល​រួម​នៅ​ក្រៅ​ប្រទេស​តម្រូវ​ឱ្យ​ចេញ​ដំណើរ​តាម​យន្តហោះ​ជួល​ដែល​​អនុម័ត​ជា​មុន​ដោយ​គណៈកម្មាធិការ​ទីក្រុង​ប៉េកាំង​ឆ្នាំ​ ២០២២​។​ អ្នក​ទស្សនា​កីឡា​ក៏​នឹង​ត្រូវ​បាន​កំណត់​ចំពោះ​ក្រុម​ដែល​​អ្ន​ករៀប​ចំ​អញ្ជើញ​។​

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC) ​និង​ទីក្រុង​ប៉េកាំង​​​និយាយ​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ថា​ ទិន្នន័យ​បឋម​ពី​ប្រព័ន្ធ​គ្រប់គ្រ​ង​​ដែល​បើក​ក្នុង​ខែ​នេះ​ ​បង្ហាញ​ថា​ត្រឹម​តែ​ ១,៥៣ ​ភាគ​រយ​នៃ​អ្នក​ចូល​រួម​​ដែល​បាន​មក​ដល់​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​គិត​ត្រឹម​ថ្ងៃ​​ ១៩ ​ខែ​មករា​ បាន​ធ្វើ​តេស្ត​វិជ្ជមាន​នៃ​កូវីដ-១៩​ ប៉ុន្តែ​អត្រា​នៃ​ការ​ឆ្លង​មាន​ត្រឹម​ ០,០២ ភាគ​រយ​ប៉ុណ្ណេះ​។​ ​ ​

ក្រុង​ប៉េកាំង​នឹង​ស្វាគមន៍​មនុស្ស​ប្រមាណ​ ១១, ០០០ ​​នាក់​មក​ពី​ជុំ​វិញ​ពិភព​លោក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​​​ទី​ ០៤ ​ខែ​កុម្ភៈ​ ដល់​ថ្ងៃ​ទី​ ២០ ​ខែ​កុម្ភៈ​ ដោយ​មាន​អត្តពលិក​ប្រហែល​ ៣ ០០០ ​នាក់​ចូល​រួម​​​។ ប៉ុន្តែ​​ការ​​រឹត​ត្បិត​ និង​​ការ​​ព្រួយ​​បារម្ភ​​អំពី​​ការ​​ចម្លង​ជំងឺ​​កូវីដ-១៩​  បង្ខំ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​នានា​​ឲ្យ​​ចាត់​​វិធានការ​​ពិសេស​។​

យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ Financial Times ​ទូរទស្សន៍​អាមេរិក​ NBC ​​ ដែល​​ចំណាយ​ប្រាក់​ច្រើន​ជាង​ ១ ​ប៊ីលាន​ដុល្លារ​រាល់​ការ​ប្រកួត​កីឡា​អូឡាំពិក​ ​និយាយ​ថា​ នឹង​គ្មាន​អ្នក​និយាយ​ទូរទស្សន៍រ​បស់ខ្លួ​ន​​ធ្វើ​ដំណើរ​ទៅ​កាន់​ការ​ប្រកួត​ដោយ​ផ្ទាល់​នោះ​ទេ​​ ប៉ុន្តែ​នឹង​ធ្វើ​អត្ថាធិប្បាយ​ពី​ការិយាល័យ​កណ្តាល​របស់​ក្រុម​ហ៊ុន​។​ បណ្តាញ​ផ្សាយ​ព័ត៌មាន​កីឡា​ ESPN ​​ ​ក៏​មិន​បាន​បញ្ជូន​អ្នក​យក​ព័ត៌មាន​ណា​មួយ​ចូល​រួម​ដែរ​។​

លោក​ Molly Solomon ​ប្រធាន​ និង​ជា​ផលិតករ​ប្រតិបត្តិខាង​​អូឡាំពិក​របស់​ទូរទស្សន៍​ NBC ​​និយាយ​​ថា​​៖​ «​យើង​​ធ្លាប់​និយាយ​ថា​ការ​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​តូក្យូ​នឹង​ក្លាយ​ជា​​ព្រឹត្តិការណ៍​ លំបាក​បំផុត​មួយ​នៃ​ជីវិត​របស់​យើង។​ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​មាន​លក្ខណៈ​យ៉ាប់​ជាង​ហ្នឹង​ទៀត​ក្នុង​រឿង​នេះ​»​។​

យ៉ាង​ណា​មិញ​ លោក ​Mark Adams ​អ្នក​នាំ​ពាក្យ​របស់​ IOC ​​និយាយ​ថា​៖​ «​នេះ​គឺ​ជា​ពេល​វេលា​ដ៏​វិសេស​វិសាល​ ហើយ​[ការណ៍]​ទាំង​នេះ​នឹង​ក្លាយ​ជា​កីឡាអូឡាំពិក​រដូវ​រងា​ដ៏​អស្ចារ្យ​»​។​

កាល​ពី​ដើម​ខែ​នេះ​ វ៉ារ្យ៉ង់​អូមីក្រុង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សហគមន៍​ក្នុង​​ក្រុង​ប៉េកាំង​ ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​បិទ​អគារ​ការិយាល័យ​ និង​បរិវេណ​លំនៅដ្ឋាន​មួយ​យ៉ាង​ឆាប់​រហ័ស​។​ ​វ៉ារ្យ៉ង់​ដែលតា​​ជាច្រើន​ករណី​ ក៏​ត្រូវ​បាន​រាយការណ៍ផង​​ដែរ​។

ប៉ុន្តែ​លោក​ Huang Chun ​មន្ត្រី​នៃ​គណៈកម្មាធិការ​រៀប​ចំ​ទីក្រុង​ប៉េកាំង​​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​សប្តាហ៍​មុន​ថា​៖​ «​ស្ថានភាព​ទាំង​មូល​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​»​។​ ​លោក​​បន្ថែម​ថា​ មិន​មាន​គម្រោង​បិទ​ទីក្រុង​ ឬ​ផ្លាស់​ប្តូរ​ច្បាប់​ទប់​ស្កាត់​កូវីដ​សម្រាប់​កីឡា​អូឡាំពិក​រដូវ​រងា​នោះ​ទេ​។​

មន្ត្រី​​រដ្ឋាភិបាល​​ចិន​​ក្នុង​​តំបន់​​ម្នាក់​ ​និយាយ​​​ថា​​​៖ ​«​​​យើង​​មាន​​ការ​​ភ័យ​​ខ្លាច​​ចំពោះ​​ព្រឹត្តិការណ៍​​នេះ​​​។ យើង​​ត្រូវ​​បង្កើត​​ព្រឹត្តិការណ៍​​ដោយ​​រលូន​​ ដោយ​​មិន​​មាន​​ការ​​ផ្ទុះ​​ឡើង​​​នៃ​ជំងឺ​។​ នោះ​​គឺ​​​ជា​​បញ្ហា​​ប្រឈម​​ធំ​»​។​​

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner