ទំព័រដើមព័ត៌មានគណបក្សកាន់អំណាចថៃហាក់ដូចជាប្រេះឆា ក្រោយតំណាងរាស្ត្រចំនួន ២១រូបត្រូវបានបណ្ដេញចេញ

គណបក្សកាន់អំណាចថៃហាក់ដូចជាប្រេះឆា ក្រោយតំណាងរាស្ត្រចំនួន ២១រូបត្រូវបានបណ្ដេញចេញ

​​គណបក្ស​អំណាច​រដ្ឋ​ប្រជាជន ឬហៅ​ជា​ភាសា​ថៃ​ថា​ គណបក្ស​ផាឡាងប្រឆារ៉ាត់ (PPRP) ហាក់​ដូច​ជា​មាន​សភាព​ប្រេះឆា ក្រោយ​តំណាងរាស្ត្រ​ចំនួន ២១រូប​ត្រូវ​បាន​បណ្ដេញ​ចេញ​កាល​ពី​សប្ដាហ៍​មុន។

ក្នុង​ចំណោម​តំណាងរាស្ត្រ​ទាំង ២១រូប​នោះ​ក៏​មាន​លោក ថាម៉ាណាត់ ព្រំផោ (Thamanat Prompow) ដែល​ជា​អគ្គលេខាធិការ​គណបក្ស​ និង​ជា​អតីត​អនុ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​។

ការ​បណ្ដេញ​ចេញ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​សម្រេច​ចិត្ត​របស់​គណៈកម្មការ​ប្រតិបត្តិ​របស់​គណបក្ស ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន។

នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក ផៃប៊ូន នីទីតាវ៉ាន់ (Paiboon Nititawan) អនុ​ប្រធាន​គណបក្ស​ផាឡាងប្រាឆារ៉ាត់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក ថាម៉ាណាត់ និង​បក្ខពួក​របស់​លោក​បាន​ធ្វើ​ការ​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​គណបក្ស​ ហើយ​ការ​ទាមទារ​នេះ​មិន​អាច​ទទួល​យក​បាន​ទេ​សម្រាប់​បក្ស ដោយសារ​តែ​អាច​បង្ក​ជា​ជម្លោះ​ផ្ទៃ​ក្នុង​កាន់​តែ​ជ្រៅ​បន្ថែម​ទៀត។

យ៉ាងណាមិញ លោក ផៃប៊ូន មិន​បាន​បញ្ជាក់​ថា លោក ថាម៉ាណាត់ បាន​ធ្វើ​ការ​ទាមទារ​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ។ លោក​បាន​បន្ថែម​ថា ខាង​គណបក្ស​នឹង​ជម្រាប​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​អំពី​ការ​បណ្ដេញ​ចេញ ចំណែក​ឯ​តំណែង​អគ្គលេខាធិការ​បក្ស​នឹង​ត្រូវ​តែងតាំង​នៅ​ពេល​ក្រោយ ដោយ​ប្រធាន​គណបក្ស​ លោក ប្រាវីត វង្សស៊ូវ៉ុន (Prawit Wongsuwon) ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ថៃ​ដ៏​មាន​ឥទ្ធិពល។

លោក ថាម៉ាណាត់ និង​តំណាងរាស្ត្រ​ ២០រូប​ទៀត​ត្រូវ​តែ​ស្វែងរក​គណបក្ស​ថ្មី​ឱ្យ​បាន​ក្នុង​រយៈពេល ៣០ថ្ងៃ​ ដើម្បី​រក្សា​តួនាទី​ជា​តំណាងរាស្ត្រ​ដដែល។

ទោះ​បី​ជា​បណ្ដេញ​តំណាងរាស្ត្រ​ចំនួន ២១រូប​នេះ​ គណបក្ស​កាន់​អំណាច​ថៃ​នៅ​តែ​បន្ត​រក្សា​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​ដដែល ដោយ​គណបក្ស​នេះ​នៅ​កាន់កាប់​ ២៤៦អាសនៈ ជាមួយ​នឹង​សម្ព័ន្ធ​គណបក្ស​តូចៗ​ជា​ច្រើន​ទៀត​សរុប​ក្បែរ ២០បក្ស ស្រប​ពេល​ដែល​សម្ព័ន្ធ​គណបក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​មាន​ ២០៩អាសនៈ និង​កៅអី​ទំនេរ​ចំនួន ២៤។

សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​ថា ការ​បណ្ដេញចេញ​លោក ថាម៉ាណាត់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាញ់​ការ​បោះឆ្នោត​បំពេញ​បន្ថែម​នៅ​ខេត្ត​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​មករា​នេះ។ គណបក្ស PPRP ដែល​ដឹកនាំ​ការ​ឃោសនា​ដោយ​លោក ថាម៉ាណាត់​បាន​ចាញ់​គណបក្ស​ប្រជាធិបតេយ្យ។​

បន្ថែម​ពី​នេះ​ទៅ​ទៀត នេះ​មិនមែន​ជា​លើក​ទី​មួយ​ ដែល​លោក ថាម៉ាណាត់ មាន​បញ្ហា​ជាមួយ​គណបក្ស​នោះ​ទេ។

កាល​ពី​ឆ្នាំ​មុន លោក​បាន​ប្រមែប្រមូល​កម្លាំង​ ដើម្បី​ដាក់​ពាក្យ​ទៅ​កាន់​សភា​ ក្នុង​ការ​បោះឆ្នោត​ដក​សេចក្ដីទុកចិត្ត​ពី​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រាយុធ ចាន់អូឆា។ យ៉ាងណាមិញ សមាជិក​សភា​ភាគ​ច្រើន​នៅ​តែ​បន្ត​ទុក​ចិត្ត​លោក ប្រាយុធ ហើយ​ក្រោយ​មក​ លោក ប្រាយុធ ក៏​បាន​ដក​តំណែង​លោក​ ថាម៉ាណាត់ ចេញ​ពី​អនុ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម។

ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក ថាម៉ាណាត់ បាន​លើកឡើង​ថា លោក​នឹង​ផ្លាស់​ទ្រនំ​ទៅ​កាន់​គណបក្ស​ថ្មី ក្រោយ​ពេល​ដែល​ទ្រនំ​ចាស់​របស់​លោក​មិន​អនុញ្ញាត​ឱ្យ​លោក​ធ្វើ​ការ​កំណែទម្រង់​តាម​ការ​ទាមទារ​របស់​លោក។

លោក​បាន​និយាយ​ថា៖ «គ្រប់​គ្នា​នឹង​ដឹង​នៅ​ពេល​ដែល​ខ្ញុំ​បាន​ផ្លាស់​ទៅ​កាន់​ទ្រនំ​ថ្មី»។ លោក​បាន​បន្ថែម​ថា៖ «យើង​មិន​អាច​ធ្វើ​អ្វី​ ដែល​យើង​ចង់​ធ្វើ​នៅ​កន្លែង​ចាស់។ ខ្ញុំ​ជា​មនុស្ស​ត្រង់ៗ ហើយ​អ្នក​នៅ​ PPRP មិន​ពេញ​ចិត្ត​ត្រង់​ចំណុច​ហ្នឹង»។

«តំណាងរាស្ត្រ​ភាគច្រើន ត្រូវ​បាន​ទទួល​បាន​ការ​គាំទ្រ​ដោយ​ខ្ញុំ។ ៨០% នៃ​ការ​គាំទ្រ​ទាំង​នេះ​ទទួល​បាន​ពី​ប្រធាន​គណបក្ស និង​រូប​ខ្ញុំ​ផ្ទាល់»។ នេះ​បើ​តាម​ការ​បន្ត​របស់​លោក។

លោក ថាម៉ាណាត់ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ជំនិត​របស់​លោក ប្រាវីត ដែល​ជា​មេ​បក្ស​កាន់អំណាច និង​ជា​អនុ​របស់​លោក​ ប្រាយុធ នៅ​ក្នុង​គណៈរដ្ឋមន្ត្រី។

ជា​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ផង​ដែរ គេ​បាន​សង្កេត​ឃើញ​ថា បក្ខពួក​របស់​លោក​ថាម៉ាណាត់ បាន​ប្រកាស​ថា​ខ្លួន​បាន​ចូល​រួម​ជាមួយ​គណបក្ស​សេដ្ឋកិច្ច​ថៃ ដែល​ជា​គណបក្ស​ទើបតែ​បង្កើត​កាល​ពី​ឆ្នាំ២០២០​កន្លង​ទៅ។

សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​ថា គណបក្ស​នេះ​ដឹកនាំ​ដោយ​មនុស្ស​ស្និត​នឹង​លោក ប្រាវីត។

លោក ប្រាវីត នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​ជា​សាធារណៈ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​នៅ​ឡើយ​នោះ​ទេ។

ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​ចេញ​នេះ​ដែរ លោក ប្រាយុធ​ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​មិន​បាន​ពាក់ព័ន្ធ​នឹង​ដំណើរការ​ក្នុង​ការ​បណ្ដេញចេញ​តំណាងរាស្ត្រ​ទាំង​នេះ​ទេ។ លោក​ជឿជាក់​ថា គណបក្ស​របស់​លោក​នឹង​ស្ដារ​មក​នូវ​ប្រក្រតីភាព​ឡើង​វិញ​នៅ​ពេល​ឆាប់ៗ​នេះ។

ថៃ​នឹង​រៀបចំ​ការ​បោះឆ្នោត​សកល​យ៉ាង​យូរ​នៅ​ឆ្នាំ​ក្រោយ ស្រប​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​ ប្រាយុធ នឹង​ផុត​អាណត្តិ​នៅ​ខែ​មីនា ឆ្នាំ២០២៣។

លោក Paul Chambers សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​នរេសួន​បាន​ប្រាប់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ថា ការ​បែកខ្ញែក​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​នឹង​ «ពន្លឿន​ដល់​ការ​រំលាយ​សភា និង​ឈាន​ទៅ​ដល់​រៀបចំ​ការ​បោះឆ្នោត​»។ លោក​យល់​ឃើញ​ថា ការ​បោះឆ្នោត​អាច​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ឆ្នាំ​២០២២នេះ ខណៈ​អ្នក​នយោបាយ​ភាគ​ច្រើន​កំពុង​តែ​ត្រៀម​ខ្លួន​រួច​ស្រេច​ទៅ​ហើយ។

យ៉ាងណាក៏ដោយ លោក ប្រាយុធ ធ្វើ​ការ​បដិសេធ​ថា លោក​មិន​មាន​បំណង​ផ្លាស់ប្ដូរ​សមាសភាព​គណៈរដ្ឋមន្ត្រី ក៏​ដូច​ជា​រំលាយសភា​នោះ​ទេ៕

ប្រភព៖ Reuters

- Advertisement -spot_img
spot_img
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ព័ត៌មានជាប់ទាក់ទង

- Advertisement -spot_img

អត្ថបទវិភាគ

ព័ត៌មានថ្មី

- Advertisement -spot_imgspot_img

ព័ត៌មានពេញនិយម