មេទ័ពជើងទឹកអាល្លឺម៉ង់លាលែងពីដំណែង ក្រោយធ្វើអត្ថាធិប្បាយពីឧបទ្វីបគ្រីមៀដែលបង្កឱ្យមានជម្លោះការទូត

មេ​ទ័ព​ជើង​ទឹក​របស់​អាល្លឺម៉ង់​​លាលែង​ពី​តំណែង​ ​ក្រោយ​​ការ​អត្ថាធិប្បាយ​ចម្រូងចម្រាស​ដែល​លោក​លើក​ឡើង​អំពី​រុស្ស៊ី​ និង​តំបន់​ឧបទ្វីប​គ្រីមៀ ​ដែល​បង្ក​ឱ្យ​មាន​ជម្លោះ​ការ​ទូត​​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​កៀវ ​ខណៈ​ដែល​ការ​ភ័យ​ខ្លាច​ពី​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​​ជិត​​អ៊ុយក្រែន​កើន​ឡើង​។​

​​តាមរយៈ​​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​​ លោក​អនុ​ឧត្តម​នាវីឯក​ Kay-Achim Schönbach ​​លើកឡើង​​ថា​ លោក​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ ដក​តួនាទី​របស់​លោក​ជា​អធិការ​នៃ​កង​ទ័ព​ជើង​ទឹក​អាល្លឺម៉ង់​ ជា​ធរមាន​ភ្លាម​ៗ​។​លោក​បន្ថែម​​​ថា​ រដ្ឋ​មន្ត្រី​​ការពារ​ជាតិ​អ្នក​ស្រី ​Christine Lambrecht ​បាន​​ទទួល​​យក​​ការ​​លាលែង​​​ពី​​តំណែង​​របស់​​លោក​ហើយ​។​

លោក Schönbach ​និយាយ​ថា​៖ «​សុន្ទរកថា​ដែល​មិន​បាន​ពិចារណា​ ដែល​ខ្ញុំ​​​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌាអំ​ពី​សន្តិសុខ​ និង​គោល​នយោបាយ​យោធា​ គឺ​ជា​បន្ទុក​កាន់​តែ​ខ្លាំង​ឡើង​លើ​ការិយាល័យ​របស់​ខ្ញុំ​។​ ដើម្បី​បញ្ចៀស​ការ​ខូច​ខាត​បន្ថែម​ទៀត​ដល់​កង​ទ័ព​ជើង​ទឹក​អាល្លឺម៉ង់​ Bundeswehr ​និង​​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ ខ្ញុំ​ចាត់​ទុក​ថា​ជំហាន​នេះជា​មេរៀន​​»​។​

លោក​​ Schönbach ​និយាយ​កាល​ពី​សប្តាហ៍​មុន​ក្នុង​ពេល​ដែល​លោក​ធ្វើ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​ឥណ្ឌា​​​ថា​ លោក​ Vladimir Putin ​គួរ​តែ​​ទទួល​បាន​ «​ការ​គោរព​ដែល​លោក​ប្រហែល​ជា​សាកស​ម​នឹង​ទទួលបា​ន​»​ ហើយ​អះ​អាង​ថា​ តំបន់​គ្រីមៀ​នឹង​មិន​ត្រលប់​ទៅ​អ៊ុយក្រែន​វិញ​ទេ​។​ ការ​អត្ថាធិប្បាយ​បែប​នេះ​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​រុស្ស៊ី​​​ប្រមូល​​ទ័ព​​ជាង​ ១០៦ ០០០ នាក់​​​នៅ​តាម​​ព្រំដែន​​ភាគ​​ខាង​លិច​​ជាប់​​អ៊ុយក្រែន​។​

បន្ទាប់​ពី​ការ​អត្ថា​ធិប្បាយ​ ក្រសួង​ការ​បរទេស​អ៊ុយក្រែន​​កោះ​ហៅ​ឯកអគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់​ប្រចាំ​ទីក្រុង​កៀវ ​ដើម្បី​ប្រឆាំង​នឹង​ការ​លើក​ឡើង​របស់​លោក​ Schönbach ​ដែល​ថាអ៊ុ​យក្រែន​នឹង​មិន​អាច​គ្រប់​គ្រង​តំបន់​គ្រីមៀ​ឡើង​វិញ​​ និង​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​សមាជិកភាព​អង្គការ​ណាតូ​បាន​ឡើយ​។​​

រដ្ឋាភិបាល​អាល្លឺម៉ង់​​ដក​ខ្លួន​ចេញ​ពី​ការ​លើក​ឡើង​របស់​លោក​ Schönbach ​ប៉ុន្តែ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយក្រែន​ លោក​ Dmytro Kuleba ​​និយាយ​ថា​ វា​គឺ​ជា​ផ្នែក​មួយ​នៃ​គំរូ​នៃ​អាកប្បកិរិយាដែ​ល​មិន​មាន​ប្រយោជន៍​របស់​មន្ត្រី​អាល្លឺម៉ង់​។  

​ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner