ផែនការរបស់រុស្សី និងចិនសម្រាប់សម័យថ្មីក្នុងកាលៈទេសៈនយោបាយពិភពលោក

លោក​ខាង​លិច​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​ «ដ៏​ធំ» និង​ «មិន​ធ្លាប់​មាន»​ ទៅ​លើ​ប្រទេស​រុស្សី​ប្រសិន​វិមាន​ក្រឹមឡាំង​សម្រេច​ធ្វើ​ការ​ឈ្លានពាន​ចូល​ដែនដី​ប្រទេស​អ៊ុយក្រែន​។ ប៉ុន្តែ​ខណៈ​ពេល​ភាព​តាន​តឹង​ឈាន​ដល់​ចំណុច​កំពូល អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា​វិធានការ​លោក​ខាង​លិច​នឹង​មិន​ប្រសិទ្ធភាព​ទៅ​លើ​រុស្សី​ ប្រសិន​បើ​ក្រុង​មូស្គូ​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​ចិន​។

នៅ​ដើម​ខែ​កុម្ភៈ ប្រធានាធិបតី​រុស្សី​លោក​វ្ល៉ាឌីមៀរ ពូទីន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ប៉េកាំង​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​បើក​កីឡា​អូឡាំពិក​រដូវ​រងា​ ដែល​​ក្នុង​អំឡុង​ពេល​នោះ​លោក​នឹង​ជួប​ជា​មួយ​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​គឺ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​។ ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ខែ​លោក​ស៊ី​ បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​លោក​ពូទីន​ជុំវិញ​ការ​ទាមទារ​ធានា​សន្តិសុខ​ពី​លោក​ខាង​លិច​ ដែល​រួមមាន​ការ​ធានា​ថា​អ៊ុយក្រែន​នឹង​មិន​ចូល​ជា​សមាជិក​នៃ​សម្ព័ន្ធ​ភាព​យោធា​លោក​ខាង​លិច​ណាតូ​។

កាល​ពី​មួយ​ទសវត្ស​មុន​ទំនាក់​ទំនង​ដ៏​ជិត​ស្និត​នេះ​គឺ​មិន​ទំនង​នឹង​កើត​ឡើង​ទេ​ ដោយ​កាល​នោះ​រុស្សី និង​ចិន​ គឺ​ជា​គូប្រជែង​គ្នា​ច្រើន​ជាង​ដៃគូ​។ ប៉ុន្តែ​បន្ទាប់​ពី​ឆ្លង​កាត់​ការ​កើន​ឡើង​ភាព​តាន​តឹង​ជាមួយ​សហរដ្ឋអាមេរិក​ បាន​ធ្វើ​ឱ្យ​កើត​មាន​ផល​ប្រយោជន៍ និង​ទស្សនៈ​ពិភពលោក​រួម​រវាង​ក្រុង​មូស្គូ និង​ក្រុង​ប៉េកាំង​។ ក្នុង​ការ​សន្ទនា​ខាង​លើ​លោក​ស៊ី បាន​ប្រាប់​លោក​ពូទីន​ថា​ «កម្លាំង​អន្តរជាតិ​មួយ​ចំនួន​កំពុង​ជ្រៀតជ្រែក​តាម​អំពើ​ចិត្ត​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន និង​រុស្សី​ ក្រោម​រូបភាព​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​»​។

ការ​លើក​ឡើង​របស់​លោក​ស៊ី​ទៅ​កាន់​លោក​ពូទីន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​មេដឹកនាំ​ទាំង​ពីរ​ត្រូវ​បាន​បង្រួប​បង្រួម​ដោយ​ជំនឿ​ថា​សហរដ្ឋអាមេរិក​កំពុង​រៀប​ចំ​ផែនការ​បំផ្លាញ និង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ពួកគេ ហើយ​ប្រើប្រាស់​សកម្មជន​ប្រជាធិបតេយ្យ​ជា​ឧបករណ៍​ដើម្បី​ធ្វើ​ការ​ជ្រៀត​ជ្រែក​។ ក្នុង​សម័យ​រុងរឿង​នៃ​លទ្ធិ​កុម្មុយនិស្ត​ ទាំង​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ​បាន​គាំទ្រ​បដិវត្ត​វណ្ណ​នៅ​ជុំវិញ​ពិភពលោក​ ប៉ុន្តែ​នៅ​សម័យ​បច្ចុប្បន្ន​ពួកគេ​បាន​ប្រែ​មក​ប្រឆាំង​ការ​ធ្វើ​បដិវត្ត​។ នៅ​ពេល​ដែល​ភាព​ចលាចល​ផ្ទុះ​ឡើង​នៅ​ប្រទេស​កាហ្សាក់ស្ថាន​ ដែល​មាន​ព្រំដែន​ជាប់​ទាំង​រុស្សី​ និង​ចិន​ ក្រុង​មូស្គូ​បាន​ចោទ​ប្រកាន់​អាមេរិក​ថា​បាន​ព្យាយាម​គាំទ្រ​ «បដិវត្ត​ពណ៌​» ហើយ​ក្រុង​ប៉េកាំង​បាន​បន្ទូរ​សារ​នេះ​។

រុស្សី​ និង​ចិន បាន​មើល​ឃើញ​ថា​បាតុកម្ម​នៅ​កាហ្សាក់ស្ថាន​គឺ​ស្រប​តាម​ពុម្ព​មួយ​។ រុស្សី​មាន​ជំនឿ​ជា​យូរ​មក​ហើយ​ថា​អាមេរិក​បាន​ជួយ​បដិវត្ត​ម៉ៃដាន​នៅ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​២០១៤-២០១៥ ដែល​ឈាន​ដល់​ការ​ទម្លាក់​របប​គាំទ្រ​ដោយ​រុស្សី​។ ប្រទេស​ចិន​ក៏​បាន​និយាយ​ថា «​កម្លាំង​បរទេស» ដែល​អាច​និយាយ​សំដៅ​ទៅ​អាមេរិក​ គឺ​នៅ​ពី​ក្រោយ​នៃ​បាតុកម្ម​ក្រុង​ហុងកុង​ឆ្នាំ​ ២០១៩​។

ទាំង​លោក​ពូទីន និង​លោក​ស៊ី​បាន​ជឿជាក់​ថា​ភាព​ងាយ​រង​គ្រោះ​របស់​ពួកគេ​ចំពោះ «បដិវត្តន៍​ពណ៌»​ គឺ​ដោយ​សារ​គុណវិបត្តិ​ក្នុង​សណ្ដាប់​ធ្នាប់​ពិភពលោក ពោល​គឺ​របៀប​ដំណើរ​ការ​នៃ​ប្រព័ន្ធ​នយោបាយ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​។ ជា​ហេតុ​ ប្រទេស​ទាំង​ពីរ​គឺ​កំពុង​ព្យាយាម​បង្កើត​សម័យ​ថ្មី​មួយ​ក្នុង​នយោបាយ​ពិភពលោក​ដើម្បី​បំពេញ​ផល​ប្រយោជន៍​របស់​ពួកគេ​ តាម​ទស្សនៈ​របស់​មេដឹកនាំ​បច្ចុប្បន្ន​ទាំង​ពីរ​។

អ្វី​ដែល​ចិន​ និង​រុស្សី​ប្រឆាំង​ក្នុង​ប្រព័ន្ធ​នយោបាយ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នោះ​គឺ​គំនិត​ «ឯក​ប៉ូល​និយម» ដែល​ពួកគេ​និយាយ​ថា​បាន​ផ្ដល់​អំណាច​លើសលប់​ទៅ​ឱ្យ​សហរដ្ឋអាមេរិក​។ ពាក្យ​ថា​ «ឯក​ប៉ូល​និយម» ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​លើក​ដំបូង​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត​ ដែល​ពេល​នោះ​នៅ​សល់​មហា​អំណាច​តែ​មួយ​គត់​គឺ​សហរដ្ឋអាមេរិក​។

គោលការណ៍​ «ឯក​ប៉ូល​និយម» បាន​អនុញ្ញាត​ឱ្យ​អាមេរិក​ធ្វើ​សកម្មភាព​ដោយ​មិន​មាន​ការ​ប្រឆាំង​។ នេះ​គឺ​ចាប់​ផ្ដើម​ដោយ​សង្គ្រាម​ជា​មួយ​អ៊ីរ៉ាក់​នៅ​ឆ្នាំ​ ១៩៩១ និង​ការ​អន្តរាគមន៍​ជា​បន្ត​បន្ទាប់​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ជុំវិញ​ពិភពលោក​។ បន្ទាប់​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ឆ្នាំ​ ២០០១ អាមេរិក​បាន​ដឹក​នាំ​ការ​ឈ្លានពាន​ចូល​ប្រទេស​អាហ្វហ្គានីស្ថាន​ ហើយ​បាន​ឈ្លានពាន​ប្រទេស​អ៊ីរ៉ាក់​នៅ​ឆ្នាំ​ ២០០៣​។

បន្ថែម​ពី​លើ​នេះ​ចិន​ និង​រុស្សី​ក៏​មើល​ឃើញ​អាមេរិក​គឺ​កំពុង​ផ្សព្វផ្សាយ​គំនិត​លោក​ខាង​លិច​មក​ខាង​កើត​ផង​ដែរ​ ដែល​ពួកគេ​និយាយ​ថា​អាច​ប៉ះពាល់​ទៅ​ដល់​វប្បធម៌​របស់​ពួកគេ​។

ទោះជា​យ៉ាង​ណា​ក្ដី​ ​ការ​បរាជ័យ​របស់​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ ដែល​ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដោយ​ការ​ជម្លៀស​ដ៏​ចលាចល​ បាន​ធ្វើ​រុស្សី​ជឿជាក់​ថា​«ឯក​ប៉ូល​និយម» ​របស់​អាមេរិក​គឺ​កំពុង​តែ​បែកបាក់​ហើយ​។

រុស្សី​ និង​ចិន​មាន​បំណង​ប្រកាន់​យក​គំនិត​ «ពហុ​ប៉ូល​និយម​» ដោយ​ពួកគេ​នឹង​បង្កើត​ដែន​ឥទ្ធិពល​ក្នុង​តំបន់​របស់​ពួកគេ​ហើយ​អាមេរិក​ត្រូវ​តែ​គោរព​ដែន​ឥទ្ធិពល​ទាំង​នេះ​ ដោយ​ឈប់​ព្យាយាម​ជ្រៀតជ្រែក​ចូល​កិច្ចការ​ក្នុង​ដែន​ទាំង​នេះ​៕

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner