រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំពិភាក្សា ជាមួយអគ្គីសនីកម្ពុជា លើគម្រោងរៀបចំខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់កម្លាំង៥០០គីឡូវ៉ុល ពីអនុស្ថានីយអគ្គីសនីបាត់ដំបង ទៅព្រំដែនថៃ ក្នុងពេលខាងមុខឆាប់ៗនេះ

        ក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង និងភាគីអគ្គីសនីកម្ពុជាដឹកនាំដោយឯកឧត្តម ប្រាំង ជលសា អគ្គនាយករងអគ្គីសនីកម្ពុជាដោយមានការចូលរួមពីអាជ្ញាធរ នៃ រដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធទៅនិងគម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ពីអនុស្ថានីយអគ្គិសនីបាត់ដំបង ទៅកាន់ជាយដែនថៃ ហើយដែលគ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខ។ ក្នុងនោះក៏មានការចូលរួមពីបណ្តាស្ថាប័ន មន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្តមួយចំនួនផងដែរ។

       សូមបញ្ជាក់ថា៖ ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ឱ្យអគ្គិសនីកម្ពុជា ធ្វើការសាងសង់ នូវគម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុង់ខ្ពស់ដែលមានកម្លាំង៥០០គីឡូវ៉ុល។ចេញពីអនុស្ថានីយអគ្គិសនីបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែងប្រមាណសរុបប្រមាណ១០៧គីឡូម៉ែត្រ ដែលគ្រោងនឹងចាប់ផ្តើមដំណើរការសាងសង់នៅពេលឆាប់ៗខាងមុខនេះហើយ។ហើយគម្រោងនេះបានផ្តល់នូវសារៈប្រយោជន៍ក្នុងការបង្កើនលទ្ធភាពផ្គត់ផ្គង់ថាមពលបន្ថែមដើម្បីបំពេញនូវតម្រូវការទូទាំងប្រទេស ស្របតាមកំណើនសេដ្ឋកិច្ចជាតិ របស់ប្រទេសផងដែរ និងទៅថ្ងៃអនាគត។ហើយកន្លងមកនេះគ្រប់ភាគីពាក់ព័ន្ធទាំងកម្ពុជានិងថៃ និងបណ្តាស្រុកមួយចំនួនពាក់ព័ន្ធជាមួយខាងលើក៏បានកំណត់និងបានឯកភាពគ្នាទៅលើគោលការណ៍ប្លង់មេ របស់គម្រោងរួចហើយផងដែរ។

      នៅក្នុងកិច្ចប្រជុំ នៅព្រឹក ថ្ងៃទី២៤ខែមករាឆ្នាំ២០២២នេះ ឯកឧត្តម ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជាបានឱ្យដឹងថា៖គម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់កម្លាំង៥០០គីឡូវ៉ុលនេះ គឺមានប្រវែងសរុប ប្រមាណ១០៧គីឡូម៉ែត្រ ស្មើនឹង២៥៧បង្គោល ដោយឆ្លងកាត់ភូមិសាស្ត្រ ស្រុកសង្កែ ស្រុកបាណន់ ក្រុងបាត់ដំបង ស្រុកបវេល ស្រុកភ្នំព្រឹក ស្រុកថ្មគោល និងស្រុកសំពៅលូន របស់ខេត្តបាត់ដំបង និងដោយឡែក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

       ឯកឧត្តមអគ្គនាយករង ក៏បានថ្លែងបន្ថែមថាដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តក្រុមការងារអគ្គិសនីកម្ពុជា កន្លងមកបានចុះធ្វើការងារអង្កេតតាម គន្លងខ្សែបញ្ចូននិងប្រមូលទិន្នន័យបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ជាមួយនិងគម្រោងខ្សែបញ្ចូន។ ព្រមជាមួយគ្នានេះ ភាគីអគ្គីសនីកម្ពុជា និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានប្រជុំពិនិត្យទិន្នន័យនេះជាបឋមផងដែរជាមួយរដ្ឋបាលស្រុកពាក់ព័ន្ធនីមួយៗជាបន្តបន្ទាប់ផងដែរ ដើម្បីបន្តការងាររៀបចំនូវទិន្នន័យជូនរាជរដ្ឋាភិបាលក្នុងការកំណត់នូវគន្លងខ្សែបញ្ចូនជាផ្លូវការ និងឈានទៅធ្វើការដោះស្រាយផលប៉ះពាល់ព្រមទាំងចាប់ផ្តើមសាងសង់ឲ្យបានឆាប់រហ័ស និងបញ្ចប់តាមកម្មវិធីគ្រោងទុករបស់អគ្គិសនីកម្ពុជា។

      ក្នុងនោះផងដែរ ឯកឧត្តមអគ្គនាយកបានស្នើសុំ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ដើម្បីបង្កើតអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ដីធ្លី សំណង់ ផ្ទះសម្បែង និងដើមឈើហូប ផ្លែ។ដោយឡែក ក្រុមការងារគ្រប់គ្រងបរិស្ថាន សង្គម, គណៈកម្មការបណ្ដឹងសារទុក្ខខេត្តបាត់ដំបងនិងរៀបចំនូវកិច្ចប្រជុំជាមួយអគ្គិសនីកម្ពុជា ព្រមទាំងស្នើសុំអនុញ្ញាតផ្តល់ការគាំទ្រគម្រោងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់៥០០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីបាត់ដំបង ទៅព្រំដែនកម្ពុជា-ថៃ។ហើយអ្វីដែលផ្តោតសំខាន់ទៀតនោះ បើតាមការគូសបញ្ជាក់ពីឯកឧត្តមអគ្គនាយករងអគ្គីសនី ក៏បានបង្ហាញពីការកែសម្រួលនិងប្រែប្រួល របស់គម្រោងខាងលើនេះ ផងដែរដោយខាងភាគីកម្ពុជាបានកែសម្រួលខ្សែបណ្តាញបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់មួយផ្នែកដែលឆ្លងកាត់ភូមិសាស្ត្រស្រុកភ្នំព្រឹកចេញពីគម្រោង។ដើម្បីសម្របសម្រួលតាមការស្នើសុំរបស់ភាគីថៃ។

       ក្នុងកិច្ចប្រជុំពិភាក្សា និងជាការឆ្លើយតបតាមសំណើរនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលយកនូវសំណើរបស់គម្រោងនិងខិតខំសហការក្នុងការជួយសម្របសម្រួលជាមួយគម្រោង ថែមទាំងបានណែនាំ ជម្រុញដល់គ្រប់អាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធ ត្រូវចូលរួមសហការល្អជាមួយអគ្គិសនីកម្ពុជាដោយធ្វើយ៉ាងណាឱ្យដំណើរការដោះស្រាយផលប៉ះពាល់ឆាប់បានបញ្ចប់និងដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការក្នុងការសាងសង់់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់៥០០គីឡូវ៉ុលពីអនុស្ថានីយអគ្គិសនីបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ សម្រេចតាមផែនការគ្រោងទុករបស់ខ្លួន៕   ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner