ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ណាស់ ហើយកំពុងស្ថិតក្នុងចំណុចមួយយ៉ាងច្បាស់លាស់ ដូច្នេះសូមអ្នកខិតខំបំពេញការងារទាំងនោះបន្ថែម ដោយត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តធ្វើវាឲ្យបានល្អ។ រាសីថ្ងៃនេះផ្តល់នូវឳកាសការងារជាច្រើនផ្សេងទៀត ប៉ុន្តែវាប្រហែលជាមិនចាំបាច់ត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយទេ គួរផ្តោតការយកចិត្តទុកដាក់ចំពោះការងារដែលអ្នកកំពុងអនុវត្តវិញ គឺងាយស្រួលជាង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់បន្តិច ដែលបណ្តាលឲ្យអ្នកពិបាកក្នុងការធ្វើដំណើរឲ្យទៅដល់គោលដៅ ដែលបានគ្រោងទុក ឬពិបាកក្នុងការគិតគូរ​ ឬចាប់យកឳកាសថ្មីៗសម្រាប់អភិវឌ្ឍន៍អាជីព។ ចំពោះការធ្វើដំណើរក្នុងបេសកកម្មការងារ សូមមានការប្រុងប្រយ័ត្នឲ្យបានច្រើន ហើយប្រសិនជាអាចក៏គួរតែផ្អាកសិន ពីព្រោះបញ្ហា និងកំហុសអាចកើតឡើងច្រើន។ ក្រៅពីនេះ សូមសំឡឹងមើល ស្ថានការណ៍ដែលបានកើតឡើងជុំវិញអាជីពរបស់អ្នកជាថ្មី ហើយព្យាយាមសម្រប ទៅនឹងស្ថានភាពនោះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ រាល់អាជីពការងារទាំងឡាយរបស់អ្នកកំពុងជួបនឹងលាភសំណាងធំណាស់។ លោកអ្នកអាចទទួលបានផលសម្រេច និងចំណូលយ៉ាងពេញចិត្តបំផុត។ ក្រៅពីនេះការសម្រេចចិត្ត ឬការផ្តល់យោបល់របស់អ្នកនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សក្នុងរង្វង់ការងារ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបើកអាជីវកម្មថ្មី នោះនឹងទទួលបានស្ថេរភាពយូរអង្វែង។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ ហើយត្រូវអត់ធ្មត់ដោយកំរិតអតិបរមា។ ផ្ទុយទៅវិញ សូមយកចិត្តទុកដាក់ជាមួយទំនាក់ទំនងជាមួយក្មេងៗ។​

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនរងុរឿងយ៉ាងខ្លាំង ពិសេសលោកអ្នកទទួលបានការគាំទ្រ និងទំនុកបំរុងពីមនុស្សក្នុងក្រុមការងារ ពិសេសទទួលបានការទុកចិត្តពីដៃគូជំនួញ។  ដោយឡែកបញ្ហាថ្ងៃនេះមិនអាចព្យាករណ៍ទុកជាមុនបានទេ ដូច្នេះសូមត្រៀមខ្លួន និងត្រូវឆ្លើយតបនឹងបញ្ហាឲ្យបានល្អប្រសិនបើវានឹងកើតឡើង។ ក្រៅពីនេះសូមលោកអ្នកមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ក្នុងនោះគួរធ្វើដំណើរដោយមានគ្នាទើបជាការល្អប្រសើរជាង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ ដោយរាល់ការងារទាំងនោះមានសញ្ញាណវិជ្ជមានពេញបរិបូណ៌។ លើសពីនេះ អ្នកនឹងទទួលបានភាពរីករាយយ៉ាងខ្លាំងសម្រាប់ជីវិតគូ។ ដោយឡែក ចំពោះបញ្ហាតូចតាចនានាក្នុងថ្ងៃនេះធានាថានឹងអាចដោះស្រាយបានទាំងអស់ ពីព្រោះលោកអ្នកមានមនុស្សចាំជួយយកអាសារ។ លើសពីនេះ សូមយកចិត្តទុកដាក់ឡើងវិញចំពោះសេចក្តីសុខផ្ទាល់ខ្លួន និងតុល្យភាពរវាងក្រុមគ្រួសារ។ ក្រៅពីនេះ លោកអ្នកអាចសម្តែងចេញអារម្មណ៍ និងគោលគំនិតរបស់ខ្លួនដោយសេរី។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកចម្រើនលូតលាស់ណាស់​ ទន្ទឹមនឹងនោះ អ្នកកអាចសម្រេចចិត្តធ្វើការងារណាមួយក៏នឹងទទួលបានជោគជ័យយ៉ាងធំដែរក្នុងពេលនេះ។ លើសពីនេះដំណឹងល្អ ឬឳកាសទទួលបានតំណែងការងារ និងទ្រព្យសំណាងមានភាពវិជ្ជមានយ៉ាងខ្លាំង ពិសេសនៅរវាងពេលល្ងាច។ ក្នុងនោះដែរ អំណោយផលមានច្រើនចំពោះអ្នកប្រកបអាជីកម្ម ពីព្រោះផលចំណេញកើតឡើងទ្វេរដង។ ក្រៅពីនេះ សូមគិតគូរពីសុខសុវត្ថិភាពរាងកាយ និងទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយនឹងការងារដែលកំពុងទទួលបន្ទុក។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ក្នុងនោះដែរ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬផ្លាស់ប្តូរការងារទាំងឡាយណាដែលអ្នកមានបំណងជាយូរមកហើយដោយជោគជ័យ។ ដោយឡែក ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខទេ អ្នកគួរបំភ្លេចចោលភាពអវិជ្ជមានទាំងឡាយ ហើយជាពិសេសសូមកុំរំលឹករឿងដែលកន្លងទៅហើយ។ ប្រសិនបើលោកអ្នកមិនអាចរកផ្លូវចេញដ៏ត្រឹមត្រូវបាន សូមធ្វើការពិភាក្សា ស្នើសុំជំនួយពីមនុស្សដែលគួរទុកចិត្ត។ បន្ថែមពីនេះ សូមចងចាំថា ជម្លោះអាចនឹងកើតឡើងព្រោះការយល់ច្រលំ ដូច្នេះសូមពន្យល់ពីបំណងរបស់អ្នកឲ្យបានច្បាស់លាស់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ គំនិតយោបល់លោកអ្នកអាចដឹកនាំអ្នកទៅរកភាពជាអ្នកដឹកនាំយ៉ាងល្អប្រសើរក្នុងពេលនេះ។ លោកអ្នកទទួលបានអំណោយផលសម្រាប់គំនិត និងវិធីសាស្រ្តយ៉ាងវិជ្ជមានសម្រាប់អាជីព។ ហេតុដូច្នេះសូមកុំមានក្តីព្រួយបារម្ភឡើយ សូមធ្វើការងារទាំងឡាយណាដែលអ្នកពេញចិត្ត នោះផលនឹងទទួលបានយ៉ាងប្រសើរ។  ដោយឡែក ប្រសិនបើលោកអ្នកយកចិត្តទុកដាក់បន្ថែមលើប្រភពពត៌មាន នោះអ្នកនឹងអាចយល់ដឹងស្ថានភាព ហើយដោះស្រាយបានដោយងាយស្រួលណាស់។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងទទួលការគាំទ្រណាស់។ លោកអ្នកអាចសម្រេចដាក់ចេញការងារថ្មី ឬបន្តការងារដែលកំពុងអនុវត្តប្រកបដោយភាពជោគជ័យគួរជាទីកត់សម្គាល់។ ថ្ងៃនេះពាក្យសំដី និងអាកប្បកិរិយារបស់អ្នកអាចត្រូវរងការគៀបសង្កត់ពីមនុស្សដែលនៅជុំវិញអ្នកបន្តិច ដូច្នេះសូមអត់ធ្មត់ ហើយបំពេញការងារទាំងឡាយណាដែលស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នក។ ក្នុងនោះដែរ ហាមដាច់ខាតកុំទៅពាក់ព័ន្ធនឹងការងារ។ ការជួយជ្រោមជ្រែងមនុស្សនៅក្បែរខ្លួននឹងមានប្រយោជន៍ចំពោះការងាររបស់អ្នក ប៉ុន្តែសូមកំណត់ដែនរបស់អ្នក ធ្វើយ៉ាងណាមិនលើសជ្រុលពេកនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការងារ និងរបររកស៊ីក្នុងថ្ងៃនេះកំពុងជួបភាពអវិជ្ជមាន ដូច្នេះអ្នកមិនទាន់ទទួលបានផលតាមការគ្រោងទុកនោះទេ។ ក្នុងនោះដែរ​ សូមប្រយ័ត្នក្នុងការគិតគូរ ឬធ្វើការសម្រេចចិត្ត។ អ្នកមិនគួរធ្វើអ្វីប្រញាប់ប្រញាល ហើយគ្មានមូលដ្ឋាននោះទេ។ ក្រៅពីនេះ សូមព្យាយាមធ្វើទំនាក់ទនងល្អជាមួយមនុស្សជុំវិញខ្លួន ពីព្រោះពួកគេអាចផ្តល់ពត៌មាន និងបទពិសោធន៍ដែលចាំបាច់សម្រាប់ការងាររបស់អ្នក។ ក្រៅពីនេះ សូមរកពេលវេលាសម្រាកកំសាន្តខ្លះ ដើម្បីឲ្យអ្នកបានពេលវេលាគ្រប់គ្រាន់ និងត្រូវសម្រាប់ដំណើរការងារបន្ត។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ លោកអ្នកអាចទទួលបានដំណឹងល្អ ឬទទួលលទ្ធផលសម្រេចយ៉ាងប្រសើនៅរវាងពេលល្ងាច។ ដោយឡែក ថ្ងៃនេះអ្នកមានពេលវេលាច្រើនដើម្បីបំពេញការងារ ដូច្នេះកុំធ្វើអ្វីប្រញាប់ប្រញាលពេក គួរប្រើពេលសំឡឹងមើលហេតុការណ៍នានានៅជុំវិញខ្លួនឲ្យបានម៉ត់ចត់សិន។ ក្រៅពីនេះ បញ្ហារិះគន់ និងភាពមិនចុះសម្រុងខ្លះអាចនឹងកើតឡើងនៅរវាងពេលព្រឹក ដូច្នេះយកល្អកុំនិយាយស្តីច្រើនពេក ប្រយ័ត្នបញ្ហាតូចតាចបង្ករជាកង្វល់ធំសម្រាប់ការងារថ្ងៃនេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរ និងអាជីវកម្មដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមករំខានកិច្ចការអ្នកបានទេ។ ថ្ងៃនេះសកម្មភាពរបស់អ្នកកំពុងទាក់ភ្នែកមនុស្សក្នុងក្រុមការងារ ជាពិសេសថ្នាក់លើ ដូច្នេះសូមបន្តសកម្មភាពទាំងនេះដោយកុំមានភាពស្ទាក់ស្ទើរឡើយ។ ការងារទាំងនេះអាចបណ្តាលឲ្យអ្នកមានភាពរវល់ និងតានតឹងបន្តិច ប៉ុន្តែភាពជោគជ័យ និងសំណាងក៏នឹងតបស្នងសកម្មភាពនេះដែរ។ ផ្ទុយទៅវិញ លោកអ្នកមិនគួរជឿជាក់មនុស្សពីចំណាយខ្លាំងពេកទេ កំហុស និងភាពខកចិត្តកំពុងប្រកដខ្លួនច្បាស់លាស់ក្នុងពេលនេះ។

ចំណាំ៖

ឆ្នាំទាំង៤ ខាល រោង ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកមានសំណាងល្អប្រសើរក្នុងការងារ ផលប្រយោជន៍ក៏នឹងទទួលបានតបស្នងការខិតខំប្រឹងប្រែងរបស់អ្នកផងដែរ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner