រាជរដ្ឋាភិបាលកម្ពុជា រៀបចំផែនការអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណងនៅឆ្នាំ២០៣៨

ខេត្តព្រះសីហនុ ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ពិគ្រោះយោបល់អំពីសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

សិក្ខាសាលានេះបានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រោមវត្តមានឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងអភិបាលខេត្តជាប់មាត់សមុទ្រ(កោះកុង កំពត និងខេត្តកែប) និងមានការចូលរួមដោយអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្តមេឃុំ ចៅសង្កាត់ ស្មៀនផងដែរ។

ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដោយកំណត់ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។

គោលនយោបាយគ្រប់គ្រង ប្រើប្រាស់ដី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុមានគោលដៅរៀបចំគោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី អនុវិស័យបែងចែកដីធ្លី លំនៅឋាន ការគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់ ការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ ទាមទារអោយមានការចូលរួមយ៉ាងសកម្មពីវិស័យពាក់ព័ន្ធ ការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ និងធ្វើសមាហរណកម្មវិស័យពាក់ព័ន្ធដីធ្លី ផ្អែកលើមូលដ្ឋានគោលនយោបាយដីធ្លី សៀវភៅដីធ្លី គោលនយោបាយជាតិ ស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

គោលនយោបាយអភិវឌ្ឍន៍ប្រើប្រាស់ដីខេត្តព្រះសីហនុ មានគោលដៅតម្រង់ទិស កំណត់ការគ្រប់គ្រងប្រើប្រាស់តាមបែបគំរូថ្មី ផ្អែកលើកត្តាភូមិសាស្ត្រ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា កត្តាធនធានធម្មជាតិ បរិស្ថាន វប្បធម៌ និងតម្រូវការវិវឌ្ឍន៍សេដ្ឋកិច្ចសង្គមស្របតាមគោលនយោបាយច្បាប់ បទដ្ឋានគតិយុត្ត ព្រមទាំងការសិក្សាស្រាវជ្រាវពីអន្តរជាតិមានកូរ៉េខាងត្បូង ចក្រភពអង់គ្លេស ហូឡង់ ម៉ាឡេស៊ី ជប៉ុន ចិន ម៉ូណាកូជាដើម ។

ឯកឧត្តមបានបន្តថា សិក្ខាសាលានេះមានសារៈសំខាន់ សម្រាប់ជាចក្ខុវិស័យ គោលនយោបាយកំណត់ឆ្នាំ២០៣៨ មានរយៈពេល ១៥ឆ្នាំខាងមុខទៀត ដែលជាសរសរស្តមដល់វិស័យពាក់ព័ន្ធអភិបាលកិច្ចល្អ ទាក់ទាញអ្នកវិនិយោគ និងការបង្ការគ្រោះមហន្តរាយ ព្រមទាំងផែនការសកម្មភាពទាំង៨១ ដែលជាវិធានការគោលនយោបាយសម្រេចគោលដៅប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ទន្ទឹមនេះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានបង្ហាញការសាទរនិងគាំទ្ររាជរដ្ឋាភិបាលចំពោះផែនការប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ឯកឧត្តម គួច ចំរើន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលបានផ្តល់ការគាំទ្រក្នងការអភិវឌ្ឍពហុវិស័យនៅខេត្តព្រះសីហនុដើម្បីធ្វើអោយខេត្តព្រះសីហនុ ជាខេត្តនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner