រដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នឹងជួយជំរុញប្រទេសដទៃឱ្យគាំទ្រកម្ពុជាចំពោះបេក្ខភាពជាសមាជិកសង្កេតការណ៍របស់អង្គការកិច្ចសហប្រតិបត្តិការឥស្លាម

ភ្នំពេញ៖ ឯកឧត្តម Nasser BOURITA រដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុកនៃព្រះរាជាណាចក្រម៉ារ៉ុក នឹងជួយជំរុញប្រទេសដទៃឱ្យគាំទ្រកម្ពុជា ចំពោះបេក្ខភាពកម្ពុជាជាសមាជិកសង្កេតការណ៍របស់អង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC) និងបានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ និងបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ម៉ារ៉ុក ក្នុងការធ្វើជាស្ពានតភា្ជប់រវាងកម្ពុជា និងតំបន់អាហ្រ្វិក និងមជ្ឈិមបូព៌ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ក៏ដូចជា ជាមួយបណ្តាប្រទេសអាស៊ាន។

ការគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

ចំពោះបេក្ខភាពកម្ពុជា ជាសមាជិកសង្កេតការណ៍របស់អង្គការកិច្ចសហប្រតិបត្តិការឥស្លាម (OIC) ឯកឧត្តម BOURITA បានបញ្ជាក់ថា ម៉ារ៉ុកនឹងជួយជំរុញប្រទេសដទៃឱ្យគាំទ្រកម្ពុជា។ ជាងនេះទៅទៀត ក្នុងការបង្កើនទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ ឯកឧត្តម BOURITA បានអញ្ជើញ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនកិច្ច ផ្លូវការនៅប្រទេសម៉ារ៉ុកក្នុងឆ្នាំនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ ឯកឧត្តម BOURITA ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមក្នុងការស្វែងរកការគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកសង្កេតការណ៍នៃអង្គការ OIC និងបានឯកភាពអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុកដោយក្តីរីករាយ ដោយបញ្ជាក់ថា ឯកឧត្តម នឹងពិនិត្យរកពេលវេលាសមស្របណាមួយក្នុងពេលវេលាដ៏មមាញឹកនៃកិច្ចប្រជុំអាស៊ាន។

ចំពោះការវិវត្តសភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនឯកឧត្តម Nasser BOURITA អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា សំដៅជំរុញការអនុវត្តកិច្ចព្រមព្រៀងជា ឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន និងបានគូសបញ្ជាក់អំពីគោលបំណងតែមួយគត់របស់កម្ពុជា គឺជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង ហើយដើម្បីសម្រេចគោលបំណងនេះបាន ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងដំណើរការនៃកិច្ចចរចា។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីអំពីអាទិភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្តដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពនូវជំងឺរាតត្បាតកូវីដ-១៩ និងដំណើរការស្ដារឡើងវិញប្រកបដោយបរិយាប័ន្ន ការគ្រប់គ្រងបញ្ហាដែលជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹង ភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំរបស់អាស៊ាន៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner